រដ្ឋគ្រោងចំណាយថវិកា ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ

រដ្ឋគ្រោងចំណាយថវិកា ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅឆ្នាំ២០២៣


រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ដំណើរការនូវកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អំឡុងមានសម្ពាធអតិផរណា នៅឆ្នាំ២០២៣។ បើតាមឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ថវិកាដែលរាជរដ្ឋាភិបាលគ្រោងចំណាយសម្រាប់កម្មវិធីនេះ មានចំនួន ៤៦៥លានដុល្លារ ដើម្បីជួយសម្រួលជីវភាពគ្រួសារងាយរងហានិភ័យ នៅអំឡុងមានសម្ពាធអតិផរណា ក៏ដូចជា រងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន។
រដ្ឋគ្រោងចំណាយថវិកា ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅឆ្នាំ២០២៣

ការបញ្ចេញថវិកាជួយពលរដ្ឋងាយរងគ្រោះនេះ ធ្វើឡើងស្របគ្នា នឹងរបាយការណ៍ថ្មីចុងក្រោយមួយរបស់តាមធនាគារពិភពលោក បានបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា កំពុងមានការស្ទុះងើបឡើងវិញ ក្រោយមានការចូលរាតត្បាតដោយជំងឺកូវីដ-១៩ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រោយកម្ពុជា បានជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបន្ថែមនូវអន្តរាគមន៍ជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរស់នៅក្នុងតំបន់ភូមិសាស្រ្តមួយចំនួន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជ-ធានីខេត្តចំនួន១៦។ ជំនួយសាច់ប្រាក់នេះ ក៏ដើម្បីឆ្លើយតបនឹងស្ថានភាពអូសបន្លាយនៃវិបត្តិកើតចេញពីសម្ពាធអតិផរណា ក៏ដូចជា ផ្ដល់នូវការអន្តរាគមន៍ជំនួយសង្គមដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាចំនួន ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ ក្រ២) និងគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ បើតាម ឯកឧត្តម មាស សុខសេនសាន ក្នុងចំណោមថវិកា ៤៦៥លានដុល្លារ រាជរដ្ឋាភិបាលបានបែងចែកជា២ ដោយថវិកាចំនួន ៤០០លានដុល្លារ សម្រាប់គ្រួសារងាយរងហានិភ័យ អំឡុងមានសម្ពាធពីអតិផរណា និងថវិកាចំនួន ៦៥លានដុល្លារ សម្រាប់គ្រួសារងាយរងហានិភ័យក្រីក្រ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ ឯកឧត្តម មាស សុខសេនសាន មិនបានបង្ហាញពីចំនួនគ្រួសារ និងពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ ឡើយ តែឯកឧត្តម បានបញ្ជាក់ថា កាលពីឆ្នាំចាស់កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ជាង ២លាននាក់ ឬប្រហែលជាង ៧០ម៉ឺនគ្រួសារ ទូទាំងប្រទេសកម្ពុជា។

ដោយឡែក បើយោងតាមរបាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន» របស់ធនាគារពិភពលោក កាលពីពេលថ្មីៗ បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិតជិត៣៤% មកនៅត្រឹមជិត ១៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨%ឡើងវិញ ដែលមានន័យថា ប្រជាជនប្រហែល ៤៦ម៉ឺននាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

បើតាមធនាគារពិភពលោក កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែកគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយ។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំជាដើម។ លើសពីនេះ ធនាគារពិភពលោក បានគូសបញ្ជាក់ថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ដូចជា នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូន និងភ័ស្ដុភារនៅតែអាចបន្ដដង្ហើមបាននៅអំឡុងពេលជួបវិបត្តិផ្ទួនៗនៅឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
បញ្ហាកូវីដ១៩ មិនទាន់ផុតរលត់ ស្រាប់តែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង និងបន្ដអូសបន្លាយមកដល់បច្ចុប្បន្ន ដែលជាដើមចមចម្បង នាំឲ្យស្ថា…

ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី នឹងឈានជើងចូលក្នុងទីផ្សារភាគហ៊ុននៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ