រដ្ឋចំណាយថវិកាជាង៦៥០លានដុល្លារ ជួយដល់ជនក្រីក្រអំឡុងកូវីដ-១៩

រដ្ឋបានចំណាយថវិកាជាង៦៥០លានដុល្លារ ជួយដល់ជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកម្មវិធីគាំពារសង្គមបានចំណាយថវិកាជាង ៦៥០លានដុល្លារអាមេរិកក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រនិងងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ គោលបំណងនៃការឧបត្ថម្ភសាច់ប្រាក់នេះ គឺដើម្បីជួយដោះស្រាយជីវភាពជនក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌នៅតាមទីប្រជុំជន និងជនបទនានា។
រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​មនុស្ស​ចាស់​រា រូបភាព៖ រដ្ឋបាល​រាជធានី​ភ្នំពេញ

ក្នុងនោះដែរ រដ្ឋក៏បានចំណាយថវិកាជាង២៨លានដុល្លារជួយដល់កម្មករនិយោជិត ដែលបានព្យួរការងារដោយសារកូវីដ-១៩ ផងដែរ។ បន្ថែមលើនេះ ថវិកាជាង២៧លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលចំណាយលើការឧបត្ថម្ភដល់ស្ត្រីសម្រាលកូនក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។

ដើម្បីជួយសម្រួលនិងដោះស្រាយជីវភាពដល់ជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការនិងកម្មវិធីជាបន្តបន្ទាប់ក្នុងការឆ្លើយតបនឹងវិបត្តិនៃជំងឺរាតត្បាតនេះ។ ជាក់ស្តែង រាប់ចាប់តាំងពីខែមិថុនាឆ្នាំ២០២០ ដល់ខែមេសាឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកម្មវិធីគាំពារសង្គមបានចំណាយថវិកា ៦៥៣លានដុល្លារលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ជូនជនក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩។ ថវិកាទាំងនេះត្រូវបានចំណាយលើការឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះនៅតាមទីប្រជុំ និងជនបទ ដែលមានបណ្ណសមធម៌ជិត៧០ម៉ឺនគ្រួសារ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ក្នុងសារលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាង២៨លានដុល្លារអាមេរិកលើការឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតក្នុងវិស័យសំខាន់ៗមួយចំនួន ដែលបានព្យួរការងារដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការចំណាយនេះ ធ្វើឡើងក្នុងការអនុវត្តវិធានការជួយដល់ជនក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញអស់១០ជុំកន្លងមកនេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការ១០ជុំ ដោយបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ-១៩សរុបជិត៣៥ម៉ឺននាក់មានថវិកាសរុបជាង ២៨លានដុល្លារ ព្រមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ដល់ពួកគេផងដែរ។

បើឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្លាប់បានលើកឡើងនៅក្នុងវេទិកាសាធារណៈ ស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ បានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានចំណាយថវិកាសន្សំរបស់រដ្ឋអស់ជាង១ពាន់៦រយលានដុល្លារ ដើម្បីទប់ស្កាត់វិបត្តិកូវីដ១៩ និងការរក្សាលំនឹងសេដ្ឋកិច្ច។ ដោយឡែក នៅឆ្នាំ២០២២នេះវិញ រដ្ឋក៏នឹងត្រូវបញ្ចេញប្រាក់សន្សំប្រមាណ ៥០០លានដុល្លារបន្ថែមទៀតដែរ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ទុះជួញដូរផ្សារភាគហ៊ុនកើនឡើង ក្រោយក្រុមហ៊ុនយក្សអាមេរិក Morgan Stanley ទិញយកភាគហ៊ុនអេស៊ីលីដា

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានអះអាងថា វិស័យទីផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ ហើយអ្វីដែលគួរឲ្…

អាមេរិក និងអង់គ្លេសបើកកិច្ចពិភាក្សាកំពូលរួមគ្នាមួយ ស្ដីអំពីហានិភ័យកំពុងកើនឡើងខ្លាំងនៅកោះតៃវ៉ាន់

ព័ត៌មាន
សហរដ្ឋអាមេរិកបានជួបពិភាក្សាថ្នាក់កំពូលជាមួយចក្រភពអង់គ្លេស អំពីការសហការកាន់តែជិតស្និទ្ធ ដើម្បីកាត់បន្ថយឱកាសនៃការកើតមានសង្គ្រាមវាយប្រហារពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ