កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលចំនួនពីរគ្រាប់ ដោយមិនញញើតនឹងអាមេរិក

អាមេរិក និងកូរ៉េខាងត្បូងចាត់ទុកការបាញ់ផ្លោងមីស៊ីល២គ្រាប់ជាថ្មីទៀតរបស់កូរ៉េខាងជើងថាជា «សារញុះញង់ និងគំរាមគំហែង»


អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសាកល្បងមីស៊ីលជាថ្មីទៀត និងការប្រើវោហាសាសន៍នុយក្លេអ៊ែរពីសំណាក់រដ្ឋផ្តាច់ការកូរ៉េខាងជើង អំឡុពេលលោកស្រី Harris ធ្វើដំណើរទស្សនកិច្ចក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកញ្ញា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិក និងកូរ៉េខាងត្បូងចាត់ទុកការបាញ់ផ្លោងមីស៊ីល២គ្រាប់ជាថ្មីទៀតរបស់កូរ៉េខាងជើងថាជា «សារញុះញង់ និងគំរាមគំហែង»

លោកស្រី Harris ដែលជាអនុប្រធានាធិបតីអាមេរិកបានជួបផ្ទាល់ជាមួយលោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីបានមកដល់រដ្ឋធានីសេអូល​របស់​កូរ៉េខាងត្បូង​កាលពីព្រឹកថ្ងៃទី ២៩​ខែកញ្ញា ចំពេលមានភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើង​ និងការបាញ់មីស៊ីល​ជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំង​សកម្មភាពយោធាចិននៅច្រកសមុទ្រតៃវ៉ាន់ផងនោះ។

បើតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី២៨ខែកញ្ញា គឺមួយថ្ងៃមុនពេលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris មកដល់ទីក្រុងសេអ៊ូល។ ហើយការបាញ់បង្ហោះនេះ បានធ្វើឡើងពីរថ្ងៃបន្ទាប់ពីកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាមួយនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើត​របស់កូរ៉េខាងត្បូង។ ដោយឡែក កាល​ពី​ថ្ងៃទី ២៥ខែកញ្ញា កូរ៉េ​ខាង​ជើង​ក៏បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ទៀត ​ឆ្ពោះ​ទៅ​សមុទ្រ​នៅ​ឆ្នេរ​ខាង​កើត​របស់​ខ្លួនផងដែរ។

តាមកងនាយសេនាធិការចម្រុះកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា មីស៊ីលដែលកូរ៉េខាងជើង​បាន​បាញ់ប្លោង​កាលពីថ្ងៃទី២៨ខែកញ្ញានេះ ត្រូវបានបាញ់ចេញពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង នៅម៉ោង ៦ ល្ងាច ដែលមីស៊ីលនោះ​ហោះបាន​ចម្ងាយ ៣៦០គីឡូម៉ែត្រ ដែលមានរយៈកម្ពស់៣០គីឡូម៉ែត្រ និងមានល្បឿន​ជាង ៧៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ភ្លាមៗ សេតវិមានអាមេរិកបានថ្លែងថា លោកស្រី Harris និង Yoon បានថ្កោលទោសចំពោះ «វោហាសាស្ត្រនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលមានលក្ខណៈបង្កហេតុ និងញុះញង់» របស់ទីក្រុងព្យុងយ៉ាង ហើយបានបញ្ជាក់ជាថ្មីថា​ វាមិនគួរកើតឡើងម្តងហើយម្តងទៀត​លើឧបទ្វីបកូរ៉េ​ឡើយ ដោយទង្វើនេះបានរំលោភលើ​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិទាំងស្រុង ព្រមទាំងប្រាសចាកពីគោលដៅ​ក្នុង​ការរំសាយ​អាវុធនុយក្លេអ៊ែរ​ផងដែរ។

យ៉ាងណាក៏ដោយ បើយោងតាមកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន (MSDF) បាននិយាយនៅថ្ងៃទី ២៩ខែកញ្ញាដែរថា កងកម្លាំងជើងទឹករបស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃទី ៣០ខែកញ្ញាថែម​ទៀតផង ដែលសមយុទ្ធនេះ រួមមានសមយុទ្ធប្រឆាំងនាវាមុជទឹក ដោយនឹងត្រូវធ្វើឡើងនៅសមុទ្រ​ជប៉ុនតែម្តង។

មែនទែនទៅ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលក្នុងល្បឿនមិនធ្លាប់មានក្នុងឆ្នាំនេះ និងជារឿយៗតែងបង្កភាពតាមប្រទូសរ៉ាយពីសំណាក់ទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ព្រមទាំងប្រទេសជប៉ុនជាដើម។

សមាជិកសភាកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃទី ២៨ ខែកញ្ញាថា ប្រទេសឯកោមួយនេះ បានធ្វើការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលអាចនឹងធ្វើឡើង​ចំពេលសមាជបក្សកិម្មុយនីសចិនក្នុង​ខែតុលា​ខាងមុខនេះតែម្ដង៕




អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកកនៅខែវិច្ឆិកា

ព័ត៌មាន
បើយោងតាមក្រសួងការបរទេសថៃបានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស…

ចិនត្រៀមបញ្ចេញកម្ចី ៤២ពាន់លានដុល្លារ សម្រាប់ចំណាយលើការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលចិន បានបែងចែកកញ្ចប់ថវិកា៤២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុក តាមរយៈការផ្ដល់កម្ចី ដោយធនាគាររដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ