ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA

សម្តេចតេជោ ហ៊ុន សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងចេញពីប្រទេសស្វីស បានបញ្ជាក់ច្បាស់ៗ អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ជុំវិញបញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ដោយសម្តេចបានអះអាងថាការដក EBA ពីអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ រូបភាព៖ SPM Page

ការអះអាងបែបនេះដោយសម្តេចមើលឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនាពេលបច្ចុប្បន្នមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ទោះបីជាកន្លងមក EBA ប្រហែល២០% ត្រូវបានសហភាពអឺរ៉ុបបានព្យួរពីកម្ពុជាក៏ដោយ។ ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីភាពរឹងមាំរបស់សេដ្ឋកិច្ច ទោះបីបាត់បង់ EBAនេះ គឺធ្វើឡើង នៅក្រោយពេលដែលថ្មីៗនេះ សភាអឺរ៉ុបបានអំពាវនាវឲ្យមានការឈានទៅដក EBA ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ មិនមានភាពប្រក្រតី ឬត្រឹមត្រូវតាមច្បាប់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅថ្ងៃទី២១ ខែឧសភា នៅទីក្រុង Zurich ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងអាវុធ EBA ពីអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ ហើយចំពោះការដក EBA នេះទៀតសោត សម្តេចសង្កត់ធ្ងន់ថា វាគឺគង់តែនឹងត្រូវដកយកទៅវិញនូវថ្ងៃណាមួយនាពេលខាងមុខនោះទេ ដោយហេតុថា នៅពេលដែលសេដ្ឋកិច្ចបស់កម្ពុជាងើបឡើងដល់កម្រិតណាមួយ ដែលគេបានកំណត់ហើយនោះ EBA ក៏នឹងត្រួវដកដោយស្វ័យប្រវត្តតែម្តង។ បច្ចុប្បន្នការដក EBA ចំនួន២០%នេះដែរ គឺជាការដកសាកល្បងសម្រាប់កម្បុជា ប៉ុន្ដែអ្វីដែលសំខាន់ សម្តេចតេជោ គូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា គឺនៅតែមានភាពល្អប្រសើរ។ បើតាមសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានទឹកប្រាក់ជាង ៣ពាន់លានដុល្លារផងដែរ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២,៤% កាលពីឆ្នាំ២០២០។ សម្តេច បានអះអាងថា បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិកឯណោះ។ ប៉ុន្ដែ ពេលវិបត្តិកូវីដ១៩ចូលមកដល់ វានបានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ យ៉ាងណាក៏ដោយចុះ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតែជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យកាន់តែប្រសើរឡើងផងដែរ។ ដោយឡែក វិស័យឧស្សាហកម្មកាត់ដេរហាក់កំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើងពីខាងសហរដ្ឋអាមេរិកនិងអឺរ៉ុបកាន់តែច្រើនឡើង ដែលក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិត។ នេះបើតាមការអះអាងពីសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា សម្តេចតេជោ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៦ ខែឧសភា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រមាណជាង ២ពាន់នាក់ ជុំវិញពិភពលោក មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្ត្រនៅចំណុចរបត់,គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) របស់អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាអំណាចអាមេរិកព្រមានថា របបផ្តាច់ការកូរ៉េខាងជើងនឹងសាកល្បងអាវុធនុយក្លេអែរ ឬមីស៊ីលផ្លោងអំឡុងពេលលោក បៃឌិន ទស្សនកិច្ចតំបន់អាស៊ី

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថា វាអាចនឹងមានការសាកល្បងអា…

អាមេរិក និងកូរ៉េខាងត្បូងពង្រឹងកិច្ចសហការយោធាកាន់តែខ្លាំង ក្រោយប្រឈមមុខនឹងនុយក្លេអ៊ែរកូរ៉េខាងជើង

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនកាលពីចុងសប្តាហ៍មុននេះ ក្នុងក្របខ័ណ្ឌនៃការបំពេញទស្សនកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ