ការដាក់វិធានការកូវីដ១៩

ការដាក់វិធានការកូវីដ១៩តឹងរឹងឡើងវិញ នឹងជាជម្រើសវិធីសាស្ត្រចុងក្រោយបង្អស់សម្រាប់សិង្ហបុរី


ស្របពេលដែល ប្រទេសសិង្ហបុរីកំពុងតែបន្ធូរបន្ថយវិធានការរឹតបន្ដឹងទាក់ទងនឹងការទប់ស្កាប់កូវីដ១៩ជាបន្ដបន្ទាប់ ដើម្បីត្រៀមបើកប្រទេសឡើងវិញក្នុងពេលខាងមុខនោះ ក៏មានការលើកឡើងពីក្ដីបារម្ភអំពីការផ្ទុះរាលដាលកាន់តែខ្លាំងឡើងជាថ្មីម្ដងទៀតនៅក្នុងប្រទេសនេះ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានចេញមុខអះអាងថា ការដាក់ការរឹតត្បិតវិធានការកូវីដ១៩ជាថ្មីឡើងវិញនៅសិង្ហបុរី វាជាជម្រើសវិធីសាស្ត្រចុងក្រោយបង្អស់របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩។
ប្រទេសសិង្ហបុរីកំពុងតែបន្ធូរបន្ថយវិធានការរឹតបន្ដឹងទាក់ទងនឹងការទប់ស្កាប់កូវីដ១៩

ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ លោក អ៊ុ​ង អ៊ី គង់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​ថា ការ​សម្រេច​ដាក់​ការ​រឹតត្បិត​តឹង​រឹង​ឡើង​វិញ នឹង​ក្លាយជា​ជម្រើស​ចុង​ក្រោយបង្អស់​សម្រាប់​សិង្ហ​បុរី ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ខ្លាំង​។ ការ​អះអាង​បែប​នេះ នៅ​គ្រា ប្រទេស​អាស៊ាន​មួយ​នេះ កំពុង​ចាប់ផ្ដើម​បើក​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ជា​បណ្ដើរ​ៗ​ឡើង​វិញ ដើម្បី​សម្រប​ខ្លួន​រស់នៅ​ជាមួយនឹង​កូ​វី​ដ​១៩ ហើយ​សិង្ហ​បុរី ក៏​នឹង​បន្ដ​បើក​ប្រទេស​ទទួល​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ពី​ប្រទេស​ជា​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​។

បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​សម្រាប់​សកម្មភាព​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ក៏​ដូច​ជា ការ​អនុញ្ញាត​ឲ្យ​អាជីវកម្ម និង​ការ​រៀបចំ​កម្មវិធី​នានា​ឡើង​វិញ ព្រមទាំង​បាន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​បរទេស​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​អាច​ធ្វើ​ដំណើរ​ចូល​សិង្ហ​បុរី​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម ខណៈ​ដែល​ប្រទេស​នេះ ក៏​កំពុង​ជំរុញ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ខ្លាំង​ណាស់​ដែរ​។

សិង្ហ​បុរី នា​ពេល​កន្លង​មកនេះ ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ពង្រឹង​ការ​រឹតត្បិត​វិធានការ ឬ​ក៏​ត្រូវ​បន្ធូរបន្ថយ​ការ​រឹតត្បិត ចំពោះ​ប្រជាជន​ជាង​៥​លាន​នាក់​របស់​ខ្លួន ខណៈ​ដែល​ប្រទេស​សិង្ហ​បុរី គឺ​ដូច​ជា​ប្រទេស​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដែរ គឺ​បាន​រង​ការ​វាយប្រហារ​ខ្លាំង​ដោយសារ​តែ​រលក​ឆ្លង​ថ្មី ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ឌែ​លតា​។ ទោះ​យ៉ាងណា នៅ​ចុង​ក្រោយ សិង្ហ​បុរី​បាន​ជ្រើស​យក​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ ដោយ​បើក​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ជា​បណ្ដើរ​ៗ​ឡើង​វិញ​។ ទោះជា​បែប​នេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​សង្កត់ធ្ងន់​ថា វា​ពិតជា​ពិបាក​ណាស់ ដែល​អាច​កំណត់​ដឹង​ថា តើ​សិង្ហ​បុរី​នឹង​អាច រស់នៅ​តាម​ប្រក្រតី​ភាព​ថ្មី នៅ​ពេល​ណា​នោះ ប៉ុន្ដែ លោក​សង្ឃឹមថា អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ខ្ពស់​របស់​ប្រទេស​នេះ និង​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​បន្ដ​លុប​ចោល​វិធានការ​រឹតត្បិត​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។

សិង្ហ​បុរី ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស ដែល​គេ​ហៅ​ថា ប្រទេស​គ្មាន​កូ​វី​ដ ឬ COVID-zero ដោយសារ​តែ​ប្រទេស​នេះ បាន​អនុវត្ត​នូវ​វិធានការ​យ៉ាង​តឹង​រឹង ដើម្បី​រក្សា​ឲ្យ​បាន​នូវ​អត្រា​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នៅ​ក្នុង​កម្រិត​ទាប​បំផុត​។ ជាក់ស្ដែង មក​ទល់​ពេល​នេះ សិង្ហ​បុរី​មាន​ករណី​ឆ្លង​សរុប ជាង​២៥​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​សរុប​ជាង​៦៦០​នាក់​។

សិង្ហ​បុរី​មាន​ពលរដ្ឋ​ប្រមាណ ៩៤% នៃ​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​ចាក់​វ៉ាក់សាំង​សរុប បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ ខណៈ​ដែល​មាន ២៣% នៃ​ចំនួន​ពលរដ្ឋ​សរុប ក៏​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​រួច​ហើយ​ផង​ដែរ​។

បើ​ទោះបីជា វិធានការ​រឹត​បន្ដឹង​នៅ​សិង្ហ​បុរី​ត្រូវ​បាន​បន្ធូរបន្ថយ​ក៏​ពិតមែន ប៉ុន្ដែ វា​សម្រាប់​តែ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​។ ដោយឡែក សម្រាប់​ពលរដ្ឋ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​វិញ គឺ​នៅ​តែ​ត្រូវ​បន្ដ​អនុវត្ត​វិធានការ​រឹត​បន្ដឹង​ដដែល​ដូច​ជា ហាម​មិន​ឲ្យ​ចេញ​ទៅ​ទទួលទាន​អាហារ​នៅ​ក្នុង​ហាង ឬ​ចូល​ទៅ​កាន់​ទីតាំង​កម្សាន្ដ ផ្សារ​ទំនើប​ជាដើម​។ លើស​ពី​នេះ សម្រាប់​អ្នក​ដែល​បាន​បដិសេធ​មិន​ទទួលយក​ការ​ចាក់​វ៉ាក់សាំង ក៏​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង់ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​កូ​វី​ដ​១៩​ផង​ដែរ ប្រសិនបើ​ពួក​គេ​បាន​ឆ្លង​កូ​វី​ដ​១៩៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបានបើកកោះភូកុក ឬកោះត្រល់ ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកជិត ២ ឆ្នាំ

ព័ត៌មាន
នៅទីបំផុត វៀតណាមបានសម្រេចបើកកោះភូកុក ឬកោះត្រល់ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឡើងវិញហើយ ដោយការបើកដំបូងនៅថ្ងៃទី ២០ វិច្ឆិ…

តើកម្ពុជាពិតជាចាត់ទុកចិនជាបង្អែកសំខាន់ក្នុងការស្ដារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាមែនទេ?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចាត់ទុកប្រទេសចិន គឺជាបង្អែកសំខាន់ ក្នុងការងារស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ចទាំងមូល ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ