របៀប​សន្សំ​ប្រាក់

អ្នក​ជំនាញ​ប្រាប់​គន្លឹះ​សន្សំ​ប្រាក់​ឲ្យ​មាន​ប្រសិទ្ធភាព


តាម​ការ​ស្រាវជ្រាវ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ការ​សន្សំ​ប្រាក់​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ច្រើនតែ​សន្សំ​ប្រាក់​តាមរយៈ​ការ​ទុក​លុយ​នៅ​ផ្ទះ (ក្នុង​ស្រោម​ខ្នើយ ឬ​ក្រោម​កន្ទេល) ទិញ​សម្ភារៈ ដូចជា មាស ឈើ និង​ទិញ​សត្វ​ចិញ្ចឹម ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា។
តើ​សន្សំ​ប្រាក់​ដោយ​របៀប​ណា​ ទើប​មាន​ប្រសិទ្ធភាព?

បើតាម​លោក ង៉ែត ជូ ការ​សន្សំ​ប្រាប់​បែប​នេះ គឺ​ដើម្បី​ដោះទាល់​ពេល​ពួកគាត់​មាន​អាសន្ន​ម្តងៗ ប៉ុន្តែ មិនមែន​ជា​ការ​សន្សំ​បែប​វិនិយោគ​នោះ​ទេ។ 

បច្ចុប្បន្ន គេ​​មាន​​របៀប​​សន្សំ​​ថ្មី ដូចជា ការសន្សំ​ប្រាក់​ជាក្រុម ការ​សន្សំ​ប្រាក់​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​ជាដើម។ បើ​តាម​លោក ង៉ែត ជូ ការ​សន្សំ​ប្រាក់​ដែល​មាន​ប្រសិទ្ធភាព​ជាងគេ គឺ​ការ​សន្សំ​ប្រាក់​ក្នុង​ក្រុម​សន្សំ។

ជា​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​វគ្គខ្លី​នៅ​សាកល​វិទ្យាល័យ Harvard ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភពលោក លោក ង៉ែត ជូ ពន្យល់​​យ៉ាង​​ដូច្នេះ​​ថា៖ «ការ​សន្សំ​ប្រាក់​ជា​លក្ខណៈ​ក្រុម​សន្សំ មាន​ប្រសិទ្ធភាព​ច្រើន​ជាង ជាពិសេស អ្នក​ចាប់​ផ្តើម​តិចៗ​ដំបូង ដែល​សន្សំ​ជាមួយ​សហគមន៍​នៅ​ជិត​ផ្ទះ​គាត់។ ដ្បិត​វា​មាន​ហានិភ័យ​ខ្លះ​មែន ដោយសារ​ការគ្រប់គ្រង​ក្រុម​មាន​បញ្ហា ប៉ុន្តែ លក្ខណៈ​សន្សំ​បែប​នេះ យើង​មាន​ម្ចាស់ការ មាន​ការ​សម្រេច​ចិត្ត ទទួល​បាន​ចំណេះដឹង​ថ្មីៗ ព្រោះ ដើម្បី​ឲ្យ​មនុស្ស​សន្សំ​ ទាមទារ​ឲ្យ​មាន​កម្មវិធី​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ ការ​វិនិយោគ និង រៀន​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ជា​អ្នក​វិនិយោគ​គម្រោង​ដីធ្លី។

បើ​តាម​លោក ង៉ែត ជូ ការ​សន្សំ​ប្រាក់​នៅ​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ បាន​ការ​ប្រាក់​និង​មាន​សុវត្ថិភាព ប៉ុន្តែ មិន​ទទួល​បាន​ចំណេះដឹង​ហិរញ្ញវត្ថុ ឬ​ចំណេះដឹង​ជំនួញ​អ្វី​ឡើយ។ 

យ៉ាងណា​សម្រាប់​អ្នក​ដែល​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម និង​ជា​មនុស្ស​មាន​ចំណេះដឹង​ខ្ពស់ គឺ​អាច​សន្សំ ឬ​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​សេវា​របស់​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ ព្រោះ វា​មាន​អត្ថប្រយោជន៍​នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន។ 

ប៉ុន្តែ សម្រាប់​និស្សិត​ទើប​ចេញ​ធ្វើការ​ដំបូងៗ ឬ​អ្នក​មិន​សូវ​មាន​ចំណេះដឹង​ផ្នែក​ហរិញ្ញវត្ថុ គួរតែ​សន្សំ​ប្រាក់​នៅ​ក្នុង​ក្រុម​សន្សំ​ទើប​ជា​ការ​ល្អ​ប្រសើរ។

នៅ​ពេល​ដែល​សួរ​ថា តើ​គួរ​រកស៊ី​ពី​មាន​លុយ​តិចៗ​ទៅ ឬ​ចាំ​សន្សំ​លុយ​បាន​គ្រប់​ទើប​ចេញ​រកស៊ី? លោក ង៉ែត ជូ បាន​អត្ថាធិប្បាយ ថា៖ «វា​អាស្រ័យ​លើ​ស្ថានភាព​របស់​បុគ្គល បើ​សិន​យើង​មាន​ការ​យល់ដឹង​លើ​មុខ​របរ​ដែល​ចង់​វិនិយោគ​ច្បាស់​លាស់ មាន​ជំនាញ​ច្បាស់​លាស់ និង​ធ្លាប់​ធ្វើការ​ឲ្យ​គេ​មាន​បទ​ពិសោធន៍​លើ​មុខរបរ​ហ្នឹង។ ឧទាហរណ៍ បង​ពិការ​ម្នាក់ គាត់​ជា​អ្នក​ម៉ាស្សា។ ក្រោយ​មក គាត់​បើក​កន្លែង​ម៉ាស្សា ព្រោះ គាត់​ដឹង​ពី​របៀប​របប​បច្ចេកទេស ការ​គ្រប់គ្រង​មនុស្ស ដឹង​ពី​តម្រូវការ​ភ្ញៀវ និង​ការ​គ្រប់គ្រង​បុគ្គលិក។ ករណី​នេះ យើង​មិន​ចាំបាច់​សន្សំ​ប្រាក់​បាន​១០០​ភាគរយ​នោះ​ទេ ព្រោះ វា​យូរ​ណាស់ ជួនកាល​យើង​ឃើញ​ឱកាស​រកស៊ី ហើយ​មិន​រកស៊ី យើង​នឹង​បាត់​ឱកាស។ គួរតែ​សន្សំ​បាន​ត្រឹម​តែ ៣០​ភាគរយ ហើយ​ខ្ចី​គេ​បើក​រកស៊ី​តែ​ម្តង​ទៅ»។ 

ដោយ​​ឡែក ការ​សន្សំ​ប្រាក់​ដើម្បី​ទិញ​សម្ភារៈ គេ​មិន​គួរ​យក​លុយ​សន្សំ​ចេញ​ពី​ប្រាក់​ខែ​របស់​ខ្លួន ដែល​ជា​ចំណូល​ជា​ប្រចាំ​ឡើយ ព្រោះ វា​ជា​ប្រាក់​សន្សំ​ស្នូល​សម្រាប់​ទុក​វិនិយោគ។ 

នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ខាង​លើ ដោយ​បន្ត​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ការ​សន្សំ​ទិញ​របស់​របរ គឺ​គួរ​យក​លុយ​ដែល​បាន​ក្រៅ​ពី​ប្រាក់​ខែ។ ឧទាហរណ៍​ថា ក្រុមហ៊ុន​ផ្តល់​ប្រាក់​ខែ​ទី១៣ ឬ​លុយ​ចូល​ឆ្នាំ ឬ​លុយ​ដែល​យើង​រក​បាន​ក្រៅ​ពី​ប្រាក់​ខែ»៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលបណ្តុះបណ្តាល ICT មួយ បានបើកការដ្ឋានសាងសង់នៅកម្ពុជា

ព័ត៌មាន
អគារដ៏ទំនើបនេះ មានកម្ពស់៤ជាន់ និងមានផ្ទៃក្រឡា៧៥០០ម៉ែត្រការ៉េ បង្កើតឡើងដើម្បីបណ្តុះបណ្ដាលធនធានមនុស្សផ្នែកទូរគមនាគមន៍ និងICTនៅកម្ពុជា ដែល…

ធនាគារជាតិ៖មានតែមីក្រូហិរញ្ញវត្ថុ៧ប៉ុណ្ណោះដែលអនុញ្ញាតឲ្យទទួលបញ្ញើ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសជាសាធារណៈ ថា គិតត្រឹមតែមីនា ឆ្នាំ២០១៨ នេះ ក្រៅពីធនាគារពាណិជ្ជ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ