ការយកពន្ធលើចំណេញមូលធន

ក្រសួងសេដ្ឋកិច្ចស្នើសុំសម្តេចតេជោ ហ៊ុន សែន ពន្យារពេលយកពន្ធលើចំណេញមូលធនពីរឆ្នាំទៀត


តាមគម្រោង ពន្ធលើចំណេញមូលធន ត្រូវបានចាប់អនុវត្តចាប់ពីដើមឆ្នាំ២០២២នេះតទៅហើយក្រោយពីបានពន្យារពេលយកពន្ធអស់រយៈពេល១ឆ្នាំកន្លងមនេះ ក៏ប៉ុន្ដែ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ក្រសួងបានសម្រេចដាក់សំណើរទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចហើយ ដើម្បីសុំពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនពីរឆ្នាំបន្ថែមទៀត ដើម្បីជំរុញការវិនិយោគ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សង្កេត​ឃើញ​អាជីវកម្ម​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​អាច​ដំណើរការ​បាន​រលូន​ឡើង​វិញ​នៅឡើយ ទោះបី​បច្ចុប្បន្ន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ស្រាកស្រាន្ត​ជាង​មុន​ក្ដី​។

ឯកឧត្តម នុប សុ​ធន​វិចិត្រ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រសួង​សេដ្ឋកិច្ច បាន​លើក​សំណើ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​រួច​ហើយ ដើម្បី​សុំ​ពន្យារពេល​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​២​ឆ្នាំ​បន្ថែម​ទៀត គឺ​ពន្យារ​ដល់​ឆ្នាំ​២០២៤​។ គោលបំណង​នៃ​ការ​ស្នើ​សុំ​នេះ គឺ​ដើម្បី​ជំរុញ​ការ​វិនិយោគ កែ​លម្អ​បរិយាកាស​ធុរកិច្ច និង​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​។ បន្ថែម​ពី​នេះ គឺ​ដើម្បី​ចូលរួម​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​រដ្ឋាភិបាល​ទើប​ដាក់​ចេញ​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២១​។

អ្វី​ទៅ​ជា​ពន្ធ​លើ​ចំណេញ​មូលធន? ពន្ធ​លើ​ចំណេញ​មូលធន​នេះ គឺជា​ការ​យកពន្ធ​ទៅ​លើ​ប្រាក់​ចំណេញ​ពី​ការ​លក់ ឬ​ផ្ទេរ​មូលធន ដូច​ជា​អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្ដិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិបញ្ញា និង​រូបិយ​វត្ថុ​បរទេស​ជាដើម ដោយ​អត្រាពន្ធ​លើ​ចំណេញ​មូលធន ត្រូវ​បាន​កំណត់​តាម​អត្រា​ថេរ​២០%​នៃ​ប្រាក់​ចំណេញ​។

ជុំវិញ​នឹង​ការ​យកពន្ធ​ចំណេញ​មូលធន​នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្ញាក់​ងារ​អចលនវត្ថុ​កម្ពុជា​យល់​ឃើញ​ថា រាជរដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ការ​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​ភ្លាម​ៗ​នោះ​ទេ ដ្បិត​វា​ហាក់​លឿន​ពេក​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ពីរ​ឆ្នាំ​កន្លង​មកនេះ​។ សម្រាប់​លោក សុខ​នី​ម រាជរដ្ឋាភិបាល​គួរ​ពន្យារពេល​អនុវត្ត​២​ទៅ​៣​ឆ្នាំ​ទៀត ដើម្បី​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​មាន​លទ្ធភាព​ក្នុង​ការ​ស្តារ​ជីវភាព និង​លទ្ធភាព​ឡើង​វិញ​។

អ្នកជំនាញ​រូប​នេះ ជឿជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​ចាប់​អនុវត្ត​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​ពី​ឆ្នាំ​២០២២ តទៅ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុង​ការ​ស្តារ​វិស័យ​អចលនទ្រព្យ ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក្នុង​ការ​ស្រូ​ម​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។ ទោះ​យ៉ាងណា​លោក ច្រឹ​ក សុខ​នី​ម អះអាង​ថា ការ​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​នេះ​ត្រូវ​បាន​គេ​អនុវត្ត​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាស៊ី និង​ពិភពលោក​រួច​មក​ហើយ​។

ឯកឧត្តម នុប សុ​ធន​វិចិត្រ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច បាន​គូសបញ្ជាក់​បន្ថែម​ថា ទោះបី​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ស្រាកស្រាន្ត​ក្តី តែ​វិស័យ​មួយ​ចំនួន​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​ធុរកិច្ច​ជា​ធម្មតា​វិញ​បាន​នោះ​ទេ ដែល​ទាមទារ​ការ​គាំទ្រ​មួយ​រយៈ​បន្ថែម​ទៀត​។ ឯកឧត្តម​បន្ត​ថា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ងើបឡើង​វិញ​របស់​វិស័យ​ទាំងនេះ រាជរដ្ឋាភិបាល នឹង​បន្ត​រៀបចំ​នូវ​វិធានការ​ពាក់ព័ន្ធ​ចាំបាច់​នានា ក្នុង​ការ​ជួយ​សម្រួល​បន្ទុក​សារពើពន្ធ និង​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការ​ផ្តល់​សេវា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ថែម​ទៀត​។ 

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ជួយ​សម្រាល​បន្ទុក​សារពើពន្ធ​របស់​វិស័យ​ឯកជន ជា​ពិសេស​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​រក្សា​លំនឹង​អាជីវកម្ម​។ ទន្ទឹម​នេះ ទោះបីជា​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​មិន​បាន​ដកថយ​ពី​កិច្ច​ការងារ​កែទម្រង់ ដើម្បី​លើកកម្ពស់​អនុលោម​ភាព​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​ប្រមូល​ចំណូល​ជា​រួម​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានអេស៊ីលីដាម៉ូបាល ចង់បញ្ចូលលុយទូរស័ព្ទពេលណាទីណាក៏បាន

ព័ត៌មាន
អតិថិជិនរបស់ធនាគារអេស៊ីលីដាលែងព្រួយបារម្មណ៍ក្នុងការទៅរកទិញកាតបញ្ចូលលុយទូរស័ព្ទទៀតហើយ ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការបញ្ចូលលុយ…

អ្នកជំនាញ៖ បញ្ហាតួលេខនាំចេញខុសគ្នា ជាបញ្ហាស្មុគស្មាញសម្រាប់ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី

ព័ត៌មាន
អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ពិតជាមានសារៈសំខាន់ណាស់ ពិសេសសម្រាប់អ្នកដាំដុះ អ្នកវិនិយោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ