ព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកធំៗទាំង ១០

ព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកធំៗទាំង ១០ ដែលបានកើតឡើងក្នុងឆ្នាំ២០២១


បើទោះបីជាក្នុងឆ្នាំ ២០២១ ដំណើរការសេដ្ឋកិច្ចពិភពលោកហាក់មានសភាពយឺតក៏ពិតមែន តែវាជាដំណើរមួយដែល សេដ្ឋកិច្ចពិភពលោកបានរួចផុតពីវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរាតត្បាតកូវីដ១៩។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២១ ពិភពលោកបានជួបនូវព្រឹត្តិការណ៍សេដ្ឋកិច្ចធំៗជាច្រើន ដែលរួមមាន ដូចជា វិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់សកល កិច្ចព្រមព្រៀងសកលស្តីពីអត្រាពន្ធសាជីវកម្មអប្បបរមា និងការកើនឡើងនៃតម្លៃ bitcoin ដែលបញ្ហាទាំងនេះស្ថិតក្នុងចំណោមព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកកំពូលទាំង ១០។
រថយន្តកុងតឺន័រដឹកទំនិញ

នៅ​ឆ្នាំ​២០២២​នេះ សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​យឺត​ជាង​ឆ្នាំ​២០២១ ពោល​គឺ​នឹង​មាន​ត្រឹមតែ​ជាង​៤%​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២១​មាន​ដល់​ទៅ ៥,៥% បើ​ទោះបីជា​ឆ្នាំ​២០២១ នៅ​មានការ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ព្យាករ​ពី​ធនាគារពិភពលោក​។ តើ​នៅ​ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ធំ​ៗ​អ្វីខ្លះ​បាន​កើតឡើង? 

ព្រឹត្តិការណ៍​ទី​១. ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័សរ​នៃ​សេដ្ឋកិច្ច​ពិភពលោក

សេដ្ឋកិច្ច​ពិភពលោក កាលពី​ឆ្នាំ​២០២១ បាន​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស នៅ​ពេល​ដែល​ចរន្ត​សេដ្ឋកិច្ច​បាន​បើក​ដំណើរ​ឡើង​វិញ និង​ដាក់​ឱ្យ​ប្រើប្រាស់​កញ្ចប់​សាច់ប្រាក់​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​។ ទោះជា​យ៉ាងណា​ក៏​ដោយ អត្រា​អតិផរណា​ខ្ពស់ គួប​ផ្សំ​នឹង​ការ​លេចឡើង​នៃ​មេរោគ​អូ​មី​ក្រុង អាច​នឹង​រារាំង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នា​ពេល​ខាង​មុខ​របស់​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​។

ព្រឹត្តិការណ៍​ទី​២.  វិបត្តិ​សង្វា​ក់​ផ្គត់ផ្គង់​សកល

ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​រោងចក្រ​នានា​បាន​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​កម្លាំង​ពលកម្ម ការ​រំខាន​ដល់​ការ​ផលិត និង​បណ្តាល​ឱ្យ​មាន​អ​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់​ទំនិញ និង​តម្រូវការ​។ ទន្ទឹម​នេះ កង្វះ​កប៉ាល់ និង​កុងតឺន័រ​នៅ​កំពង់​ផែ​សមុទ្រ​សំខាន់​ៗ​ជុំវិញ​ពិភពលោក​ក៏​បាន​នាំ​ឱ្យ​មានការ​កកស្ទះ​នៃ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ផង​ដែរ ខណៈ​ថ្លៃ​ដឹក​ជញ្ជូន ពី​អាស៊ី​ទៅ​អឺរ៉ុប បាន​កើនឡើង​ប្រហែល ១០ ដង ហើយ​ការ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​ទៅ​តំបន់​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក​កើន​ជិត ៣ ដង​។ 

ទំនិញកុងតឺន័រ

ព្រឹត្តិការណ៍​ទី​៣.  ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ឈប់​ថាមពល​ដែល​ប្រើ​ដោយ​ធ្យូងថ្ម

ក្នុង​កិច្ចប្រជុំ​លើក​ទី ២៦ នៃ​សន្និសីទ​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) ប្រទេស​ជាង ៤០​ប្រទេស និង​អង្គការ​នានា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ឈប់​ការ​ប្រើប្រាស់​ថាមពល​ធ្យូងថ្ម និង ការ​បញ្ឈប់​ការ​គាំទ្រ​សម្រាប់​ការ​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ៗ​តទៅ​ទៀត​។

នាវាដឹកធ្យូងថ្ម

ព្រឹត្តិការណ៍​ទី​៤.  កិច្ចព្រមព្រៀង​សកល​ស្តី​ពី​អត្រាពន្ធ​សាជីវកម្ម​អប្បបរមា

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង ២០ របស់​ពិភពលោក (G20) កាលពី​ឆ្នាំ​២០២១ បាន​អនុម័ត​កិច្ចព្រមព្រៀង​ជាស​កល​មួយ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ពន្ធ​សាជីវកម្ម​ពិភពលោក​។ ចាប់ពី​ឆ្នាំ ២០២៣ អត្រាពន្ធ​សាជីវកម្ម​អប្បបរមា​ជាស​កល​ចំនួន ១៥ ភាគរយ​នឹង​ត្រូវ​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​ពី ៨៧០ លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ខ្ពស់​ជាង​នេះ ដែល​វា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា វិធានការ​នេះ​អាច​នឹង​ប្រមូលប្រាក់​ពន្ធ​បាន ១៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ក្នុង​ចំណូល​ពន្ធ​សកលលោក​។

ព្រឹត្តិការណ៍​ទី​៥. ការ​វិល​ត្រឡប់​មក​វិញ​នូវ​គោលនយោបាយ​រូបិយ​វត្ថុ​ធូររលុង​របស់​ធនាគារកណ្ដាល

ធនាគារកណ្តាល​ឈានមុខ​គេ​របស់​ពិភពលោក​បាន​ចាប់ផ្តើម​ដក​ជា​បណ្តើរ​ៗ​នូវ​គោលនយោបាយ​រូបិយ​វត្ថុ​ដែល​ធូររលុង​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​គោលនយោបាយ​អត្រា​ការ​ប្រាក់​ទាប បន្ទាប់​ពី​ការ​អនុវត្ត​ប្រហែល​ពីរ​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ចំ​ពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ទោះ​យ៉ាងណា ធនាគារកណ្តាល​ក៏​កំពុង​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង ការ​គំរាមកំហែង​អតិផរណា និង​ហានិភ័យ​ថ្មី​ចំពោះ​កំណើនសេដ្ឋកិច្ច​ដោយសារ​តែ​មេរោគ​អូ​មី​ក្រុង​ផង​ដែរ​។

រូបិយវត្ថុបរទេស

ព្រឹត្តិការណ៍​ទី​៦. សកម្មភាព​នៃ​ការ​រួម​បញ្ចូល​គ្នា និង​ការ​ទិញ​យក​ភាគហ៊ុន​ក្រុមហ៊ុន​នៅ​ទូ​ទាំង​សកលលោក (M&A)

សកម្មភាព​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា និង​ការ​ទិញ​យក​ភាគហ៊ុន​ជាស​កល (M&A) ឬ​ហៅ​ថា ការ​ពង្រីក​លទ្ធភាព​របស់​ក្រុមហ៊ុន​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុង​ការ​បង្កើត​តម្លៃ​ភាគហ៊ុន​នោះ បាន​បំបែក​កំណត់​ត្រា​នៅ​ក្នុង​ឆ្នាំ ២០២១ ពោល​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​មុន តម្លៃ​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា និង​ការ​ទិញ​របស់​ក្រុមហ៊ុន​នៅ​ទូ​ទាំង​ពិភពលោក​បាន​កើនឡើង​ដល់​ជាង ៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

ព្រឹត្តិការណ៍​ទី​៧. ការ​បង្ក្រាប​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន

ប្រទេស​ចិន​បាន​ចេញ​បទ​ប្បញ្ញត្តិ​ថ្មី​ៗ​ជា​ច្រើន​កាលពី​ឆ្នាំ ២០២១ ដើម្បី​រឹត​បន្តឹង​ការ​គ្រប់គ្រង​ក្នុង​វិស័យ​បច្ចេកវិទ្យា អចលនទ្រព្យ និង​ការ​អប់រំ ដែល​បង្ក​ឱ្យ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​លើ​ក្រុមហ៊ុន​ឯកជន​។ ជាក់ស្ដែង ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ចិន Evergrande កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រះ​មរណៈ​នៃ​ការ​ក្ស័យធន ដោយសារ​តែ​ជំពាក់​បំណុល​ជុំ​ទិស​រហូត​ដល់​ប្រមាណ ៣០០​ពាន់​ដុល្លារ​។ កន្លង​មក រដ្ឋាភិបាល​ចិន​បាន​ដាក់​កំហិត​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​អចលនទ្រព្យ​ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ផ្ទះ និង​ការ​ខ្ចីប្រាក់​ច្រើន​ពេក​ផង​ដែរ​។

ព្រឹត្តិការណ៍​ទី​៨. ការ​កើនឡើង​តម្លៃ​ខ្ពស់​បំផុត​របស់ Bitcoin

Bitcoin ដែល​ជា​រូបិយប័ណ្ណ​គ្រីប​តូ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​បាន​ឡើង​ដល់កំណត់​ត្រា​ខ្ពស់​ថ្មី​មួយ​គឺ​ជិត ៧​ម៉ឺន​ដុល្លារ​កាលពី​ថ្ងៃ​ទី ១០ ខែវិច្ឆិកា ហើយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឡើង​ដល់ ១០​ម៉ឺន​ដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ជុំវិញ​បញ្ហា​នេះ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) មានការ​ព្រួយបារម្ភ​អំពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ដោយ​គ្មាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​សម​ស្រប​។ 

​រូបិយប័ណ្ណ​គ្រីប​តូ​ Bitcoin

ព្រឹត្តិការណ៍​ទី​៩. ការ​ជាប់​គាំង​កប៉ាល់ Ever Given នៅ​ក្នុង​ព្រែកជីក​ស៊ុ​យ​អេ

គេ​នៅ​ចាំ​បាន​ថា កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​យក្ស Ever Given បាន​ជាប់​គាំង​នៅ​ក្នុង​ព្រែកជីក​ស៊ុ​យ​អា​កាលពី​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ​២០២១ ខណៈ​កប៉ាល់​នេះ​ផ្ទុកទំនិញ​មាន​តម្លៃ​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ ឧបទ្ទវ​ហេតុនេះ បាន​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​ផ្លូវ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ដ៏​មមាញឹក​មួយ​របស់​ពិភពលោក ហើយ​វា​ក៏​បាន​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នៃ​ឧស្សាហកម្ម​ដឹក​ជញ្ជូន​ផង​ដែរ​។

ការ​ជាប់​គាំង​កប៉ាល់ Ever Given នៅ​ក្នុង​ព្រែកជីក​ស៊ុ​យ​អេ

ព្រឹត្តិការណ៍​ទី​១០. ការ​ប្រឈម​មុខ​នឹង​វិបត្តិ​ថាមពល

កាលពី​ឆ្នាំ ២០២១ វិបត្តិ​ផ្គត់ផ្គង់​ថាមពល​បាន​កើតឡើង​នៅ​ទូ​ទាំង​ទ្វីប​ទាំងអស់​។ ដោយ​តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​លក់ដុំ​បាន​កើនឡើង​ជាង ៨០០ ភាគរយ​, តម្លៃ​ធ្យូងថ្ម​កើនឡើង ១១០ ភាគរយ ហើយ​តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ដល់​លើស​ពី ៨០ ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៤​មក ។ កា​កើនឡើង​នេះ ដោយសារ​តម្រូវការ​ខ្លាំង បន្ទាប់​ពី​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ បូក​រួម​ទាំង​ការ​ខ្វះខាត​ធ្យូងថ្ម និង​ឧស្ម័ន​យ៉ាងធ្ងន់ធ្ងរ​។

តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្លាំង

សូម​ជម្រាប​ថា ការ​កើនឡើង​នៃ​តម្លៃ​ថាមពល​បាន​ជំរុញ​ឱ្យ​មាន​អតិផរណា រំខាន​ដល់​ផលិតកម្ម និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ទំនិញ និង​គំរាមកំហែង​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​។

ទាំង​អស់នេះ គឺជា​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់​ៗ​ទាំង​១០ ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​២០២១ យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត​ថា តើ​នៅ​ឆ្នាំ​២០២២​នេះ តើ​នឹង​មាន​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់​ៗ​អ្វី​កើតឡើង​បន្ត​ទៀត​៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងកំណើនទំហំពាណិជ្ជកម្មតាមព្រំដែនបន្ដកើនឡើង ៥-៧% នៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសថៃ រំពឹងថា ពាណិជ្ជកម្មតាមព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា អាចនឹងបន្ដកើនឡើងពី ៥ ទៅ…

មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តប្រាក់កម្ចី១ពាន់លានដុល្លារ ឲ្យប្រទេសប៉ាគីស្ថាន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ