អាជីវកម្មទេសចរណ៍

អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុទទួលបានការបន្ធូរបន្ថយជាងមុន


ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់នៅក្នុងខេត្តព្រះសីហនុ អាចបើកទទួលអតិថិជនឬភ្ញៀវទេសចរឲ្យអង្គុយនៅកន្លែងផ្ទាល់ឡើងវិញ ក្រោយសង្កេតឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលជាងមុន។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)

គោលបំណង​នៃ​ការ​អនុញ្ញាត​នេះ គឺ​ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ចូលរួម​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មួយ​នេះ​។ ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ជឿជាក់​ថា តាម​រយៈ​វិធានការ​នេះ វា​នឹង​ជួយ​ស្តារ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។ ប៉ុន្ដែ ម្ចាស់​អាជីវកម្ម​ទេសចរណ៍ និង ពលរដ្ឋ​ក៏​មិន​ត្រូវ​ប្រហែស​ភ្លេច​ការពារ​ខ្លួន​ពី​កូ​វី​ដ​-១៩​នោះ​ដែរ​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ចាត់​ទុក​ការ​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន​អាច​ទទួល​ឲ្យ​ចូល​ទទួលទាន​នៅ​កន្លែង​ផ្ទាល់​ឡើង​វិញ​ពី​សំណាក់​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ថា វា​ជា​វិធានការ​ដ៏​សម​ស្រប​មួយ​ក្នុង​ការ​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​វិធានការ​កូ​វី​ដ​-១៩ កន្លង​មក​។ ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ​ជឿជាក់​ថា តាម​រយៈ​គោលការណ៍​នេះ វា​នឹង​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​កន្លង​មកនេះ​។ សម្រាប់​លោក គ្រឹ​ស្នា សេវាកម្ម​ហូប​ចុក​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​កត្តា​ជា​ច្រើន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ​។

ទោះបី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​អនុញ្ញាត​ឲ្យ​បើក​ទទួលភ្ញៀវ​ឡើង​វិញ​ក៏​ពិតមែន តែ​តម្រូវ​ម្ចាស់​ភោ​ជ​ណី​យ​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទាំងនោះ​អនុវត្ត​ឲ្យ​បាន​ម៉ឺន​ម៉ាត់​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំណត់​ដោយ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​។ ការ​បើក​ទៀត​សោត គឺ​រដ្ឋបាល​ខេត្ត​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​មក​កាន់​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​មុន​សិន ដើម្បី​ខាង​មន្ទីរ​ចាត់​អ្នកជំនាញ​ឲ្យ​ទៅ​សិក្សា​នៅ​តាម​ទីតាំង​នោះ មុន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​។ 

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ថែម​ថា មក​ទល់​ពេល​នេះ​មាន​ភោ​ជ​ណី​យ​ដ្ឋា​ន​មួយ​ចំនួន​ហើយ​បាន​មក​ដាក់​ពាក្យ ដើម្បី​ស្នើ​សុំ​បើក​ដំណើរការ​អាជីវកម្ម​តាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​មួយ​នេះ ហើយ​លោក​រំពឹង​ថា នឹង​មាន​អាជីវកម្ម​មក​ដាក់​ពាក្យ​ស្នើ​សុំ​ជា​បន្តបន្ទាប់​ទៀត​នា​ពេល​ខាង​មុខ​។

បើ​តាម​សេចក្តីជូនដំណឹង​ស្តី​ពី ការ​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន​បើក​ទទួលភ្ញៀវ​នៅ​កន្លែង​ឡើង​វិញ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២១ បាន​ដាក់​ចេញ​វិធាន​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់ និង​ធានា​ថា ការ​អនុញ្ញាត​នេះ​មិន​បង្ក​ហានិភ័យ​ក្នុង​ការ​ចម្លង​កូ​វី​ដ​-១៩​។ វិធានការ​សំខាន់​ៗ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន គឺ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​តម្រូវ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ពង្រឹង​វិធាន​កូ​វី​ដ​-១៩ ឲ្យ​បាន​ម៉ឺងម៉ាត់​ដូច​ជា​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ចំពោះ​បុគ្គលិក​ពីរ​ដង​ក្នុង​១​ខែ​, ម្ចាស់​អ្នកគ្រប់គ្រង និង​បុគ្គលិក​ទាំងអស់​ត្រូវ​មាន​កាត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩, ត្រូវ​ចុះបញ្ជី​ឈ្មោះ​ភ្ញៀវ និង​ស្កេ​ន QR កូដ និង​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ជាដើម​។ បន្ថែម​លើ​នេះ គ្រប់​អាជីវកម្ម​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​លក្ខណៈ​ជួប​ផ្សេង​ៗ​នោះ​ទេ​៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញដឹកជញ្ជូន៖ ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារនៅតែបន្ដកើនឡើង

ព័ត៌មាន
ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាងថា មកទល់ពេលនេះ វិស័យដឹកជញ្ជូននៅកម្ពុជានៅមិនទាន់បានបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេ …

WHO នឹងចាប់ផ្ដើមយកវ៉ាក់សាំងចិនទាំង២ប្រភេទ ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាចាប់ពីខែក្រោយ

ព័ត៌មាន
នៅទីបំផុត WHO នឹងចាប់ផ្ដើម យកវ៉ាក់សាំងចិនទាំង២ប្រភេទ ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាចាប់ពីខែក្រោយនេះហើយ! បន្ទាប់បានប្រកាសទទួលស្គាល់វ៉ាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ