ទេសចរតាមកប៉ាល់

ប្រតិបត្តិករទេសចរស្នើរដ្ឋាភិបាល ជួយសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរតាមកប៉ាល់


ក្រុមប្រតិបត្តិករទេសចរកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរបរទេសតាមកប៉ាល់សមុទ្រវិញ ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនកប៉ាល់ទេសចរណ៍អន្តរជាតិមួយចំនួន បានទាក់ទងមកចង់ធ្វើដំណើរកម្សាន្ដមកកាន់កម្ពុជា។ ការស្នើសុំនេះធ្វើឡើង ខណៈដែលភ្ញៀវទេសចរបរទេស ពិសេសការធ្វើដំណើរតាមផ្លូវអាកាសមានសភាពស្ងប់ស្ងាត់ខ្លាំង។
ប្រតិបត្តិករទេសចរស្នើរដ្ឋាភិបាល ជួយសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរតាមកប៉ាល់ (រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ)
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានលើកឡើងថា មានកប៉ាល់ដឹកភ្ញៀវទេសចរបរទេសមកពីប្រទេសផ្សេងៗជាច្រើន បានទាក់ទងមកសមាគម ដើម្បីសួរព័ត៌មាន និងនីតិវិធីតម្រូវផ្សេងៗរបស់កម្ពុជា ដ្បិតពួកគេចង់មកកម្សាន្តនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកជំទាវ ស្នើឲ្យរាជរដ្ឋភិបាលកម្ពុជា រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធគួរសិក្សា និងជួយសម្របសម្រួលនីតិវិធីផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបានក្នុងការអនុញ្ញាតឲ្យភ្ញៀវទេសចរតាមកប៉ាល់អាចចូលចត និងកម្សាន្តនៅតាមតំបន់ទេសចរណ៍មួយចំនួនរបស់កម្ពុជា។

លោកជំទាវ ស៊ីវលីន បន្ថែមទៀតថា ការធ្វើដំណើរកម្សាន្តតាមកប៉ាល់កំពុងមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរបរទេស ហើយវាជាវិស័យមួយដ៏មានសក្តានុពល ដែលអាចចូលរួមចំណែកជួយស្រោចស្រង់ និងស្តារវិស័យទេសចរណ៍របស់កម្ពុជា ដែលកំពុងដុនដាបខ្លាំងដោយសារវិបត្តិកូវីដ-១៩  ស្របពេលដែល ប្រទេសមួយចំនួននៅលើពិភពលោកក៏បានអនុញ្ញាតទទួលភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមកប៉ាល់ជាបណ្តើរៗផងដែរ។

ជុំវិញទៅនឹងសំណើពីប្រតិបត្តិករទេសចរនេះ ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា ការសម្រួលនីតិវិធីមិនឲ្យមានរបាំងច្រើនសម្រាប់ភ្ញៀវទេសចរបរទេស វាក៏ស្ថិតក្នុងផែនទីបង្ហាញផ្លូវ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ របស់ក្រសួងទេសចរណ៍ផងដែរ ខណៈបច្ចុប្បន្នក្រសួងកំពុងធ្វើការលើបញ្ហានេះ។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានអះអាងថា មុនកូវីដ-១៩ នៅកម្ពុជាឆ្លងរាលដាលខ្លាំង មានសមាគមទេសចរណ៍បរទេសតាមកប៉ាល់ជាច្រើនផងដែរ បានទាក់ទងមកសមាគមរបស់លោកផ្ទាល់ ក្នុងគោលដៅមកកម្សាន្តនៅកម្ពុជា។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ហាក់ស្ងាត់ទៅវិញ។

ក្នុងករណីរាជរដ្ឋាភិបាលកម្ពុជាបើកឲ្យភ្ញៀវទេសចរបរទេសធ្វើដំណើរតាមកប៉ាល់អាចមកកម្សាន្តនៅកម្ពុជា លោក ធួន ស៊ីណាន យល់ថា ករណីនេះ មិនត្រឹមតែអាចជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រប៉ុណ្ណោះទេ សូម្បីខេត្តផ្សេងៗក៏អាចទទួលផលពីចរន្តមួយនេះផងដែរ។

បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា កាលពីឆ្នាំ២០២០ កន្លងទៅភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជាតាមកប៉ាល់បានរួមចំណែកប្រមាណតែ ៤%ប៉ុណ្ណោះ នៅក្នុងវិស័យទេសចរណ៍កម្ពុជាទាំងមូល៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបនឹងបើកឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ដក្នុងតំបន់ឡើងវិញហើយនៅរដូវក្ដៅនេះ

ព័ត៌មាន
អឺរ៉ុបមានជំនឿចិត្តខ្ពស់ ក្នុងការបើកឲ្យមានការធ្វើដំណើរកម្សាន្ដក្នុងតំបន់អឺរ៉ុបនៅរដូវក្ដៅនេះ។ គណៈកម្មការអឺរ៉ុប រំពឹងថា នឹងបញ្ចប់ការងារដ...

ក្រុមហ៊ុនអាមេរិកចង់ចាកចេញពីហុងកុង ដោយបារម្ភមានការរឹតត្បិតពីរដ្ឋចិន

ព័ត៌មាន
យ៉ាងហោចណាស់ មានជាង៤០% នៃសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅក្នុងទីក្រុងហុងកុង បានឆ្លើយនៅក្នុងការស្ទង់មតិថា ពួកគេអាចនឹងចាកចេញពីទីក្រុងហិរ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ