រោងចក្រដំឡើងរថយន្ត តូយ៉ូតា គ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា

រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតានៅកម្ពុជា នឹងដាក់ឲ្យដំណើរនៅអំឡុងខែកក្កដា ខាងមុខ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនអះអាងថា រោងចក្រផ្គុំនឹងដំឡើងរថយន្តម៉ាកតូយ៉ូតារបស់ក្រុមហ៊ុន Toyota Tsusho Manufacturing ដែលមានតម្លៃវិនិយោគជាង ៣៦លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នឹងដាក់ឲ្យដំណើរនៅអំឡុងខែកក្កដា ខាងមុខនេះ។ គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្តនេះទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
រោងចក្រដំឡើងរថយន្ត តូយ៉ូតា គ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា

កត្តាដែលជំរុញឲ្យក្រុមហ៊ុនសម្រេចបោះទុនបង្កើតរោងចក្រនៅកម្ពុជា គឺបន្ទាប់ពីក្រុមហ៊ុន មើលឃើញពីតម្រូវការរថយន្តថ្មីនៅកម្ពុជា មាននិន្នាការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

នាពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិតចំនួន១ម៉ឺន៩ពាន់នាក់នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនៅព្រឹកថ្ងៃទី២៦ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតា គ្រោងនឹងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដា ខាងមុខនេះ។ សម្រាប់សម្តេចតេជោ តាមរយៈរោងចក្រនេះវាមិនត្រឹមតែជួយបង្កើតឱកាសការងារ ដែលលក្ខណៈបច្ចេកទេសខ្ពស់ដល់កម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជាឲ្យកាន់តែរីកចម្រើបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យម្ចាស់រោងចក្រទាំងអស់មានការយោគយល់អធ្យាស្រ័យចំពោះកម្មការនិយោជិត និងយកចិត្តទុកលើសុខមាលភាព និងបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតរបស់ខ្លួន ដែលជាចលករដ៏សំខាន់ក្នុងការជួយជំរុញខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រ។ សម្តេច កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រោងចក្រនៅកម្ពុជាមានអ្នកជំនាញការ និងអ្នកកាន់ដំណែងធំៗភាគច្រើនជាជនជាតិខ្មែរ ខុសពីមុន ដែលភាគច្រើនជាជនជាតិបរទេស។

ទោះយ៉ាងណា មកទល់ពេលនេះយើងមិនទាន់ដឹងទេថា រោងចក្រនេះមានសមត្ថភាពអាចផ្គុំ និងដំឡើងរថយន្តបានប៉ុន្មានគ្រឿងក្នុង១ឆ្នាំ និងដំឡើងរថយន្តតូយ៉ូតាសេរីអ្វីខ្លះនោះទេ។ យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់របស់លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា កត្តាដែលជំរុញឲ្យក្រុមហ៊ុនសម្រេចបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅកម្ពុជា ក្រោយក្រុមហ៊ុនមើលឃើញពីសន្ទុះគាំទ្ររថយន្តម៉ាកតូយ៉ូតារបស់ប្រជាពលរដ្ឋមានការកើនឡើង គូបផ្សំការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុននេះអាចលក់រថយន្តបានចន្លោះពី៦០០ទៅ៨០០គ្រឿងក្នុង១ខែ។

គួរកត់សម្គាល់ផងដែរថា នៅមួយរយៈចុងក្រោយនេះក្រុមហ៊ុននាំចូលរថយន្តថ្មីៗមកពីក្រៅប្រទេសមកលក់នៅលើទីផ្សារកម្ពុជាមួយចំនួន បានងាកមកបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តដោយផ្ទាល់នៅកម្ពុជាកាន់តែច្រើន ដែលជាសញ្ញាណបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃឧស្សាហកម្មយានយន្ត ជាពិសេសលើតម្រូវការរថយន្តថ្មី។ ជាក់ស្តែង ក្រៅពីរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុនវិនិយោគជាង៣៦លានដុល្លារ និងផ្តល់ការងារប្រមាណ១៥០កន្លែង ក៏មានក្រុមហ៊ុនមួយចំនួនទៀតផងដែរ ដែលបានបោះទុនវិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា។

ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន RMA Cambodia ទើបដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកFord នៅខេត្តពោធិសាត់ ដែលមានសមត្ថភាពដំឡើងរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ, ក្រុមហ៊ុន GTV MOTOR CO., LTD. បានបោះទុនជាង១៥លានដុល្លារបង្កើតរោងចក្រដំឡើងរថយន្តថ្មីមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន K (CAMBODIA) CO., LTD បានបោះទុនជាង៧លានដុល្លារ បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអ៊ីស៊ូហ្ស៊ុ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាដើម៕




អត្ថបទបន្ទាប់


យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តអប់រំអំពីបច្ចេកវិទ្យាសម្រាប់ជ័យលាភីក្នុងកម្មវិធ…

CDC ចុះអនុស្សរណៈជាមួយ សមាគមសមាគមឧកញ៉ាកម្ពុជា ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ