លោក ត្រាំ ដាក់ពាក្យប្តឹងទូរទស្សន៍អាមេរិក CNN

លោក ត្រាំ ដាក់ពាក្យប្តឹងទូរទស្សន៍អាមេរិក CNN ពីបទបរិហារកេរ្តិ៍ និងបានទាមទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ


អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពាក្យប្តឹងប្រព័ន្ធផ្សព្វផ្សាយ CNN ដ៏ល្បីមួយនៅសហរដ្ឋអាមេរិកពីបទបរិហារកេរ្តិ៍កាលពីថ្ងៃទី ៣ ខែតុលា ហើយលោកបានទាមទារសំណងជំងឺចិត្តចំនួន ៤៧៥ លានដុល្លារ និងបានអះអាងថា បណ្តាញផ្សព្វផ្សាយមួយនេះបានធ្វើ «យុទ្ធនាការដោយការប្រមាថ និងការបង្ខូចកេរ្តិ៍ឈ្មោះ»ទៅលើរូបលោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃនេះ។
លោក ត្រាំ ដាក់ពាក្យប្តឹងទូរទស្សន៍អាមេរិក CNN ពីបទបរិហារកេរ្តិ៍ និងបានទាមទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់លោកដែលបានដាក់ទៅតុលាការអាមេរិកនៅក្នុងទីក្រុង ហ្វត ឡូដឺដាឡេ (Fort Lauderdale) នៅរដ្ឋ ហ្វ្ល័រីដា (Florida) ថា ប្រព័ន្ធផ្សព្វផ្សាយ CNN បានប្រើឥទ្ធិពលដ៏អស្ចារ្យរបស់ខ្លួនជាស្ថាប័នព័ត៌មានឈានមុខគេមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកក្នុងហេតុផលនយោបាយ។ ប៉ុន្តែប្រព័ន្ធទូរទស្សន៍នេះបានបដិសេធធ្វើអត្ថាធិប្បាយចំពោះករណីនេះ។

លោក ត្រាំ ដែលជាសមាជិកគណបក្សសាធារណរដ្ឋបានអះអាងនៅក្នុងពាក្យបណ្ដឹងដែលមានកម្រាស់ ២៩ ទំព័រថា ទូរទស្សន៍ CNN មានប្រវត្តិធ្វើការរិះគន់លោកជាយូរមកហើយ ប៉ុន្តែទូរទស្សន៍នេះបានបង្កើនការវាយប្រហាររបស់ខ្លួនចំពោះរូបលោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែបណ្តាញព័ត៌មានមួយនេះមានការភ័យខ្លាចថា លោកនឹងឈរឈ្មោះឱ្យគេបោះឆ្នោតធ្វើជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤។

ពាក្យបណ្ដឹងរបស់លោក ត្រាំ បានរៀបរាប់បន្តទៀតថា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ CNN នេះចង់បង្វែរតុល្យភាពនយោបាយឱ្យងាកទៅរកក្រុមឆ្វេងនិយម គឺក្រុមប្រជាធិបតេយ្យនោះ ដូច្នេះហើយទូរទស្សន៍នេះបានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹង គឺលោកត្រាំជាបន្តបន្ទាប់ដោយបានរាយការណ៍ប្រកបដោយភាពអាស្រូវក្លែងក្លាយ និងបង្ខូចកេរ្តិ៍ឈ្មោះថា លោក ត្រាំ គឺជាអ្នករើសអើងជាតិសាសន៍ ជាអ្នកបម្រើឱ្យរុស្ស៊ី ជាអ្នកបង្កើតអបគមន៍ និងបានប្រដូចរូបលោកដូចជា Hitler ផងដែរ។

សូមរំលឹកថា លោក ត្រាំ បានបាត់បង់ឱកាសដើម្បីជាប់ឆ្នោតជាថ្មីនៅក្រោមស្នាដៃរបស់អ្នកប្រជាធិបតេយ្យគឺលោក ចូ បៃដិន នៅក្នុងឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអតីតប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោកនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗផ្សេងទៀត នៅក្នុងពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខទៀតនេះ ហើយជាងនេះទៅទៀត លោកក៏ថែមទាំងអាចចាត់វិធានការប្រឆាំងនឹងគណៈកម្មាធិការសភាដែលស៊ើបអង្កេតលើការវាយប្រហារនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ទៅលើអគាររដ្ឋសភាសហរដ្ឋអាមេរិក ដោយក្រុមអ្នកគាំទ្ររបស់លោកផងដែរ។

បណ្តឹងនេះបានកើតឡើងនៅពេលអតីតប្រធានាធិបតីអាយុ ៧៦ ឆ្នាំរូបនេះ បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើនរួមទាំងការស៊ើបអង្កេតឧក្រិដ្ឋកម្មដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរក្សាទុករបាយការណ៍របស់រដ្ឋាភិបាលនៅអគារ ម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោកក្នុងរដ្ឋហ្វ្ល័រីដា បន្ទាប់ពីលោកបានចុះចេញពីតំណែងនៅក្នុងខែមករា ឆ្នាំ២០២១ផងដែរ។

លោក ត្រាំ បានរងពាក្យបណ្ដឹងពីលោក ឡេធីធៀ ជេម (Letitia James) អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋញូវយ៉កសហរដ្ឋអាមេរិកកាលពីខែមុន ដោយបានចោទប្រកាន់លោក ត្រាំ ពីបទភូតកុហកធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងពាក់ព័ន្ធនឹងតម្លៃនៃទ្រព្យសម្បត្តិរបស់លោក៕




អត្ថបទបន្ទាប់


តើអាស៊ានត្រូវលើកកម្ពស់ការតភ្ជាប់អ្វីខ្លះ ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥?

ព័ត៌មាន
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្ដីពីការតភ្ជាប់អាស៊ានលើកទី ១៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី ៣ ខែតុលាឆ្នាំ២០២២។ ក្នុងសន្និសីទនេះ មានក…

សម្ដេចតេជោ ហ៊ុន សែន ជំរុញការលើកកម្ពស់វិស័យកីឡាក្នុងតំបន់ និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ