ផ្លូវល្បឿនលឿន

អ្នកជំនាញផ្នែកដឹកជញ្ជូន ស្នើឲ្យមានការពិចារណាបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន សម្រាប់ឆ្នាំដំបូង


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានផ្តល់ជាគំនិត ដោយជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធជួយពិចារណាក្នុងការបញ្ចុះការយកកម្រៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននៅឆ្នាំដំបូង និងឆ្នាំបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ និងបង្កើនការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ អ្នកជំនាញជឿជាក់ថា វិស័យដឹកជញ្ចូននៅកម្ពុជានឹងកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ហើយចំនួនអ្នកប្រើប្រាស់ផ្លូវល្បឿនលឿននឹងមានការកើនឡើងប្រសិនបើមានការបញ្ចុះការយកកម្រៃសេវាពីក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ។
អ្នកជំនាញផ្នែកដឹកជញ្ជូន ស្នើឲ្យមានការពិចារណាបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន សម្រាប់ឆ្នាំដំបូង
ដោយ

បើគ្មានអ្វីប្រែប្រួលទេក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្តើមយកកម្រៃសេវាពីអ្នកប្រើប្រាស់ផ្លូវនេះចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ តទៅ បន្ទាប់ពីបើកឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូននានាធ្វើដំណើរសាកស្បងដោយឥតគិតថ្លៃពេញមួយខែតុលានេះ។ ក្រោយផ្លូវនេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នឹងតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវបង់ថ្លៃសេវាតាមប្រភេទរថយន្ត ក្នុងនោះរថយន្តទេសចរណ៍លក្ខណៈគ្រួសារតម្រូវឲ្យបង់ប្រមាណ២៤ដុល្លារ ខណៈរថយន្តដឹកទំនិញធុនធំតម្រូវឲ្យបង់ប្រមាណ១២០ដុល្លារសម្រាប់ការធ្វើដំណើរលើផ្លូវនេះទៅ-មករាជធានីភ្នំពេញ-ក្រុងព្រះសីហនុ។

ពាក់ព័ន្ធតម្លៃសេវាផ្លូវល្បឿនលឿននេះដែរលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា តម្លៃទៅមក២៤ដុល្លារសម្រាប់រថយន្តលក្ខណៈគ្រួសារ និង១២០ដុល្លារសម្រាប់រថយន្តដឹកទំនិញធុនធំជាតម្លៃមួយខ្ពស់ ដែលទាមទារឲ្យភាគីពាក់ពាក់មានការគិតគួរពិចារណាលើបញ្ហានេះ។ សម្រាប់ លោកឧកញ៉ា ការយកកម្រៃសេវាខ្ពស់វាជាផលល្អសម្រាប់ក្រុមហ៊ុនវិនិយោគលើផ្លូវនេះ តែវាក៏អាចជះផលអវិជ្ជមានដល់អ្នកប្រើប្រាស់ ផងដែរ។ ប៉ះពាល់ក៏ដោយសារអ្នកប្រើប្រាស់ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញត្រូវបង្កើនការចំណាយ ដែលអាចជំរុញឲ្យថ្លៃដើមដឹកជញ្ជូនមានការកើនឡើង ខណៈតម្លៃទំនិញក៏អាចកើនឡើងតាមនឹងផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនួញចាស់វស្សាក្នុងវិស័យដឹកជញ្ជូនរូបនេះ បានផ្តល់ជាយោបល់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធគួរពិចារណាឲ្យមានការបញ្ចុះការយកកម្រៃសេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះសម្រាប់ការដាក់ឲ្យដំណើរការនៅឆ្នាំដំបូង និងឆ្នាំបន្តបន្ទាប់តាមដំណាក់កាល។ ព្រោះលោកឧកញ៉ា ស៊ិន ចន្ធី យល់ឃើញថា ការធ្វើបែបនេះមិនត្រឹមតែជួយជំរុញកំណើនការប្រើប្រាស់ផ្លូវនេះនោះទេ តែវាក៏បានរួមចំណែកជួយកាត់ការចំណាយលើថ្លៃដើមនៃការដឹកជញ្ចូន ដែលវាស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើយ៉ាងណាឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាង និងក្នុងតំបន់។

យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា ស៊ិន ចន្ធី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះក្នុងការជួយធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងឡូជីកស្ទីករបស់កម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងភាគីរាជរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលការយកថ្លៃកម្រៃសេវាដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងជិត១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ជិត២ពាន់លានដុល្លារអាមេរិកនេះ ត្រូវបានបើកសាងសង់ឡើងដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។ បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រាន់តែមួយដំបូងនៃការដាក់ឲ្យដំណើរផ្លូវនេះ មានរថយន្តជិត៩ពាន់គ្រឿងបានធ្វើចរាចរណ៍លើផ្លូវនេះ ដោយចេញចូលតាមស្ថានីយទាំង៨៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំនាពេលខាងមុខនេះ ដែលវាមិនមែនបណ្តាលមកពីមូលហ…

ប្រមុខរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះ បានរួមចំណែកជិត ៧៩ភាគរយ តាមរយៈការផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ