វិស័យ​ដឹក​ជញ្ជូន

ប្រព័ន្ធ​ដឹក​ជញ្ជូន​​នឹង​​ប្រសើរ​ឡើង បន្ទាប់​ពី​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​៣​​សាងសង់​រួច​រាល់


ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ការ​ដឹក​ជញ្ជូន គឺ​ប្រៀប​បាន​នឹង​សរសៃ​ឈាម​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ប្រសិន​បើ​វិស័យ​នេះ មាន​ការ​រាំង​ស្ទះ នោះ​សេដ្ឋកិច្ច​ក៏​ងាយ​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​​ខ្លាំង​ផង​ដែរ។
រថភ្លើង​របស់​ក្រុមហ៊ុន Royal Railway ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Royal Group។ រូបភាព៖ គេហ​ទំព័រ Royal Railway
ដោយ

ដូច្នេះ​ហើយ ទើប​រាជ​រដ្ឋាភិបាល​​កម្ពុជា បាន​និង​កំពុង​ធ្វើ​យ៉ាង​ណា​ពង្រីក​បន្ថែម​វិស័យ​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រទាក់​ក្រឡា និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ថែម​ទៀត។ 

តួយ៉ាង ក្រៅ​ពី​ផ្លូវ​ថ្នល់ ស្ពាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​កាន់​តែ​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង នៅ​​ពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​ដែល​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ធំៗ​សំខាន់ៗ​​ចំនួន​៣ សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​​ជិត​សាងសង់​រួច​រាល់​ជា​ស្ថាពរ។ នេះ​បើតាម​ការ​អះអាង​ពី​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​លើក​ឡើង​ថា មិន​យូរ​ប៉ុន្មាន​នោះ​ទេ ប្រព័ន្ធ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា នឹង​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ខ្លាំង​ជាង​នេះ​ទៀត មាន​ភាព​​ប្រទាក់​ក្រឡា និង​ចំណាយ​ថ្លៃ​សេវា​កាន់​តែ​តិច​ជាង​មុន ក្រោយ​ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​​ចំនួន ៣ នឹង​ត្រូវ​បាន​សាងសង់​រួច​រាល់​នា​ពេល​ខាង​មុខ​នេះ ដែល​គម្រោង​ទាំង​ ៣​នោះ រួមមាន៖

គម្រោង​ផ្លូវ​ដែក​​​ភ្នំពេញ​-បាត់ដំបង

បន្ទាប់​ពី​គម្រោង​ផ្លូវ​ដែក​ដែល​តភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​រួច​រាល់ មក​ទល់​ពេល​នេះ គម្រោង​ផ្លូវ​ដែក​ពី​ភ្នំពេញ​-បាត់ដំបង ក៏​កៀក​នឹង​សាងសង់​រួច​រាល់​ផង​ដែរ ពោល​គឺ​គ្រោង​នឹង​​បញ្ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំនេះ។ 

ក្រោយ​ពី​មាន​វត្តមាន​របស់​ផ្លូវ​រថ​ភ្លើង​មួយ​នេះ គេ​រំពឹង​ថា ថ្លៃ​សេវា​ដឹក​ជញ្ជូន​នឹង​ចុះ​ថោក​ជាង​មុន ពិសេស ការ​ដឹក​ជញ្ជូន​ស្រូវ​អង្ករ​តែ​ម្ដង ដោយ​អ្នក​រក​ស៊ី​ក្នុង​វិស័យ​នេះ លើក​ឡើង​ថា អាច​នឹង​ចំណេញ​លើ​ការ​ដឹក​ជញ្ជូន​​នេះ ប្រមាណ ១០​ដុល្លារ​ក្នុង​១​តោន បើ​ធៀប​នឹង​ការ​ដឹក​ជញ្ជូន​តាម​ឡាន។ 

លើស​ពី​នេះ បើ​តាម​គម្រោង​របស់​រាជ​រដ្ឋាភិបាល គម្រោង​ផ្លូវ​ដែក​នេះ ក៏​អាច​នឹង​តភ្ជាប់​ពី​កម្ពុជា​រហូត​ដល់​ប្រទេស​ថៃ​ផង​ដែរ ដែល​វា​នឹង​​សម្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ឡើង។

កម្មករ​កំពុង​ធ្វើការងារ​លើ​គម្រោង​ស្ថាបនា​ឡើងវិញ​ផ្លូវ​ដែក​នៅ​ប្រទេស​កម្ពុជា។ (រូបភាព៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន)

កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ

បន្ទាប់​ពី​ទទួល​បាន​ជំនួយ​ថវិកា និង​បច្ចេកទេស​ពី JICA គិត​មក​ទល់​ពេល​នេះ គម្រោង​ផែ​ទឹក​ជ្រៅ​នេះ បាន​និង​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​នៅ​ឡើយ ដែល​គេរំពឹង​ថា អាច​នឹង​បញ្ចប់​នៅ​មុន​ឆ្នាំ​២០២២ ខាង​មុខ​នេះ។ 

កំពង់ផែ​សមុទ្រ​ថ្មី​នេះ ក៏​នឹង​ជួយ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់​បាន​កាន់​តែ​ច្រើន​ជាង​មុន ខណៈ​ដែល​វា​មាន​ជម្រៅ​រហូត​ដល់ ១៤,៥​ម៉ែត្រ ពោល​គឺ​អាច​ឲ្យ​កប៉ាល់​ខ្នាត​យក្សៗ អាច​ចូល​ចត​ដឹក​ទំនិញ​កាន់​តែ​ងាយ​​ស្រួល និង​រហ័ស​ជាង​មុន។ 

កំពង់​ផែ​ទឹក​សាប​និង​កំពង់​ផែ​ភ្នំពេញ 

រាជ​រដ្ឋាភិបាល​កំពុង​សិក្សា​និង​គ្រោង​ពង្រីក​បន្ថែម​កំពង់ផែ​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេសាប ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឲ្យ​កាន់​តែ​ងាយ​ស្រួល និង​ការ​ពង្រីក​សមត្ថភាព​របស់​កំពង់ផែ​ភ្នំពេញ​បន្ថែម​​ទៀត​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល ដោយ​ច្រក​ជា​បាវ​ធំៗ ជំនួស​ដោយ​ការ​ដឹក​ទំនិញ​តាម​កុងតឺនឺ​ធំៗ។

តែ​យ៉ាង​ណា ឯក​ឧត្តម វង្សី វិស្សុត មិន​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​កំពង់ផែ​ទឹក​សាប និង​ពង្រីក​សមត្ថភាព​កំពង់​ផែ​ភ្នំពេញ​នេះ នឹង​ត្រូវ​អភិវឌ្ឍ​រួច​រាល់​នៅ​ពេល​ណា​នៅ​ឡើយ។ ប៉ុន្ដែ នៅ​ពេល​ដែល​កំពង់ផែ​ទឹក​សាប​តាម​ដង​ទន្លេ​នេះ ត្រូវ​បាន​សាង​សង់​រួច​រាល់ គេ​ជឿ​ជាក់​ថា វា​នឹង​ជួយ​ដល់​ចរន្ដ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​កាន់​តែ​បើក​ចំហ​ធំ​ទូលាយ និង​ថ្លៃ​សេវា​នឹង​ថយ​ចុះ​ផង​ដែរ។

គួរ​រំលេច​ដែរ​ថា កន្លង​មក ផលិតផល ឬ​ទំនិញ​របស់​កម្ពុជា ពិសេស កសិផល ភាគច្រើន​តែង​ប្រឈម​នឹង​ការ​ដឹក​ជញ្ជូន​យឺត​យ៉ាវ និង​មាន​តម្លៃ​ខ្ពស់។ 

ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនិញ ក៏​ដូចជា​កសិផល​របស់​កម្ពុជា ហាក់​​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង ដែល​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​សម្បូរ​បែប និង​តម្លៃ​ថោក។ យ៉ាង​ណា​ក៏​ដោយ​ចុះ ក្រោយ​ពី​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ទាំង​​​៣ខាង​លើ​នេះ  ត្រូវ​បាន​​សាងសង់​រួច​រាល់ នោះ​កម្ពុជា​នឹង​កាន់​តែ​មាន​សក្ដានុពល​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ ពិសេស នៅ​ក្នុង​តំបន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ​ជំរុញ​​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​​​នៅ​កម្ពុជា ខណៈ​ការ​នាំ​ចេញ​កន្លង​មក​​មាន​ការ​ធ្លាក់​ចុះ

ព័ត៌មាន
សប្ដាហ៍​នេះ ថៃ​បាន​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​លើក​​ទី២ នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ក្រុមហ៊ុន​ចូល​តាំង​បង្ហាញ ២០០​ក្រុមហ៊ុន ដែល​ភាគ​…

បង្ក្រាប​ក្រុម​ពេស្យា​នៅ​ហូជីមិញ ពាក់ព័ន្ធ​នឹង​តារា​ម៉ូដែល​និង​តួកុន!

ព័ត៌មាន
នគរបាល​ក្រុង​ហូជីមិញ​បានចាប់​ខ្លួន​ស្ត្រី​វៀតណាម​ ៣នាក់ ពី​បទ​«គួកជេ»​សេវា​បម្រើ​ផ្លូវ​ភេទ ដែលពាក់ព័ន្ធ​សុទ្ធ​តែ​តារាបង្ហាញ​ម៉ូដ និង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ