ការដឹកជញ្ជូនទំនិញ

អ្នកជំនាញអះអាងថា សកម្មភាពដឹកជញ្ជូន និងឡូជីស្ទិកដំណើរការឡើងវិញជិត១០០%ហើយ


មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ និង ក្រុមអ្នកជំនួញរកស៊ីនៅក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទីក បានបញ្ជាក់ប្រាប់ ខេមបូណូមីសថា ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ និង បើកឲ្យមានការធ្វើដំណើរចេញចូលក្នុងរាជធានី និង ទៅកាន់បណ្តាខេត្ត នានា អាជីវកម្មដឹកជញ្ជូន និងឡូជីស្ទីក បានដំណើរការឡើងវិញជិត១០០%ហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមថ្មីនាពេលនេះ គឺបញ្ហាហិរញ្ញវត្ថុលំហូរសាច់ប្រាក់វិញម្ដង ដោយសារតែមានក្រុមហ៊ុនដឹកជញ្ជូនខ្លះមិនទាន់បានទទួលការទូទាត់ពីអតិថិជននៅឡើយទេ តាំងពីខែមីនា កន្លងមកនេះ ។
រូបតំណាង៖ វិស័យដឹកជញ្ជូននៅកម្ពុជាអំឡុងការបិទខ្ទប់ (lockdown) - Xinhua
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ ខេមបូណូមីសថា ការដឹកជញ្ជូន និង ឡូជីស្ទីក មានភាពប្រសើរឡើងពី៨០ទៅ៩០%ទៅហើយ បន្ទាប់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ និងបើកឲ្យមានការធ្វើដំណើរចេញចូលក្នុងរាជធានី និងទៅកាន់បណ្តាខេត្តផ្សេង ដោយមិនមានការរាំងស្ទះអ្វីនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់បន្ថែមថា ស្របពេលដែលសកម្មភាពការដឹកជញ្ជូន និងឡូជីស្ទីក វិលមករកស្ថានភាពមមាញឹកឡើងវិញ គេសង្កេតឃើញថា បញ្ហាប្រឈមមួយទៀតកំពុងចាប់ផ្ដើមកើតមានក្នុងវិស័យនេះ គឺបញ្ហាលំហូរសាច់ប្រាក់ ដោយសារតែមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន នៅមិនទាន់ទទួលបានការទូទាត់ពីអតិថិជនរបស់ខ្លួននៅឡើយទេ ដែលនាំឲ្យមានបញ្ហាដល់ការបើកប្រាក់បៀវត្សដល់បុគ្គលិក និង ការចំណាយផ្សេងៗទៀត។

ជុំវិញការដឹកជញ្ជូនទំនិញនេះដែរ បើមើលទៅលើការដឹកជញ្ជូនតាមច្រកព្រំដែនអន្តរជាតិរវាងប្រទេសជិតខាងកម្ពុជា បច្ចុប្បន្ននេះ មានការរឹតបន្ដឹងខ្លាំង លើការចរាចរណ៍មនុស្ស ប៉ុន្ដែ សម្រាប់ការដឹកជញ្ជូនទំនិញហាក់មិនមានការប៉ះពាល់អ្វី ជាធំដុំនោះទេ។

លោក សែ ឈុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៅខេត្តកណ្តាល ប្រាប់ខេមបូណូមីសថា ការរឹតត្បិតពីសំណាក់សមត្ថកិច្ចវៀតណាមនេះ គឺតែងតែធ្វើឡើងនៅពេលកម្ពុជា មានការឆ្លងរាលជំងឺកូវីដច្រើនម្តងៗ។ ជាក់ស្តែងថ្មីៗនេះ អាជ្ញាធរ បានសម្រេចបិទខ្ទប់ភូមិជ្រៃធំ និងបែងចែកជាតំបន់ក្រហម ដោយសារមានការរាតត្បាតច្រើន ទើបវៀតណាម រឹតបន្តឹងខ្លាំងលើការចេញចូលរបស់ពលរដ្ឋកម្ពុជា នៅពេលដែលទៅដឹកទំនិញចេញពីវៀតណាម។ ប៉ុន្ដែ ប្រការនេះ មិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននោះទេ។

សូមបញ្ជាក់ថា កន្លងមកការដឹកជញ្ជូនរបស់កម្ពុជា មានការរអាក់រអួលមួយចំនួន នៅអំឡុងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប៉ុន្ដែ ក្រោយពេលដែល រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់តាំងពីថ្ងៃទី ៦ខែឧសភាមក សកម្មភាពដឹកជញ្ជូនទំនិញ បានចាប់ផ្ដើមវិលមករកស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗ។ ហើយកាលពីថ្ងៃទី ២២ ខែឧសភា ថ្មីៗនេះទៀតសោត អាជាធររាជធានីភ្នំពេញ ក៏ទើបតែបានសម្រេចបញ្ចប់បម្រាមគោចរនៅក្នុងរាជធានីភ្នំពេញ ដែលវាក៏បានជួយសម្រួលដល់សកម្មភាពដឹកជញ្ជូនកាន់តែប្រសើរឡើងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ សន្ទុះនៃការរៀបចំឥណទានឡើងវិញអាចនឹងកើនខ្លាំងថែមទៀត រហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
ដោយសារតែស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលឆ្លងមិនមានភាពធូរស្រាលសោះនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានធនាគ…

តើវិស័យអចលនទ្រព្យអាចនឹងស្ទុះងើមកវិញនៅត្រឹមឆមាសទី២ឆ្នាំនេះដែរទេ?

ព័ត៌មាន
ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះទីផ្សារអចលនទ្រព្យកម្ពុជា នៅក្នុងឆមាសទី២ឆ្នាំ២០២១នេះថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ