ក្រុមអ្នកបើករថយន្តដឹកទំនិញនៅតែបន្តធ្វើកូដកម្មនៅកូរ៉េខាងត្បូង

ក្រុមអ្នកបើករថយន្តដឹកទំនិញនៅតែបន្តធ្វើកូដកម្មនៅកូរ៉េខាងត្បូង ខណៈដែលសេដ្ឋកិច្ចប្រឈមនឹងហានិភ័យ


បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ អតិផរណាកើនឡើងខ្ពស់ កំពុងបង្កភាពចលាចលដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែខ្លាំងហើយ។ ជាក់ស្ដែង ក្រុមអ្នកបើកបរឡានដឹកទំនិញរាប់ពាន់នាក់ នៅតែបន្ដធ្វើកូដកម្មមកអស់រយៈពេល៧ថ្ងៃមកហើយ ដើម្បីទាមទារដំណោះស្រាយជូនពួកគេ នៅគ្រាដែលប្រេងឥន្ធនៈឡើងខ្ពស់ៗ ប៉ះពាល់ដល់ប្រាក់ចំណូលដែលបានមកពីការដឹកជញ្ជូន។ បញ្ហាធ្វើកូដកម្មរបស់ក្រុមអ្នកបើកបរឡានដឹកទំនិញនេះ កំពុងបង្កឲ្យមានការរាំងស្ទះ ការដឹកជញ្ជូនទំនិញចេញចូលតាមរោងចក្រធំៗជាច្រើនផងដែរ។
ក្រុមអ្នកបើករថយន្តដឹកទំនិញនៅតែបន្តធ្វើកូដកម្មនៅកូរ៉េខាងត្បូង

ជាក់ស្ដែង ក្រុមហ៊ុន​គីមី​ឥន្ធនៈ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ដែកថែប ដើម្បី​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន ដោយសារ​តែ​ទំនិញ​កំពុង​ចាល់​នៅ​ក្នុង​ស្តុក​មិន​អាច​ដឹក​ចេញ​បាន ខណៈ​ដែល​អ្នក​បើករថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​តម្លៃ​ប្រេង​ចុះថោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

សមាគម​ឧស្សាហកម្ម​ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​ចំនួន ៣២ ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ការ​នាំ​ចេញពី​រោងចក្រ​ប្រចាំ​ថ្ងៃជា​មធ្យម​របស់​ក្រុមហ៊ុន ដែល​ជា​សមាជិក​របស់​សមាគម​នេះ​បាន​ធ្លាក់​ចុះ ៩០% ដោយសារ​តែ​កូដកម្ម​របស់​អ្នក​បើករថយន្ត​ដឹក​ទំនិញ ដែល​ឥឡូវនេះ​បាន​ឈាន​ដល់​ថ្ងៃ​ទី​០៧​ហើយ​។

សមាគម​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​កូរ៉េ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​សកម្មភាព​រួម​របស់​សហជីព​សាមគ្គី​អ្នក​បើករថយន្ត​ដឹក​ទំនិញ (Cargo Truckers Solidarity) ដើម្បី​បដិសេធ​ការ​ដឹក​ជញ្ជូន​ទំនិញ​នោះ កំពុង​តែ​បង្ក​ការ​ខូចខាត​រាលដាល​ដល់​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​សំខាន់​ៗ​នៅ​ទីក្រុង​អ៊ុ​ល​សាន (Ulsan) ទីក្រុង​យ៉ូ​ស៊ូ (Yeosu) និង​ទីក្រុង​ដេ​សាន (Daesan)​។

សហជីព​ដែល​មាន​កម្លាំង​កម្មករ​បើកបរ​រថយន្ដ​ដឹក​ទំនិញ​ជាង​២​ម៉ឺន​២​ពាន់​នាក់​នោះ កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​ទាមទារ​ការ​ធានា​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​ការ​ចរចា ៤ លើក​ជាមួយ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​ការ​សម្រុះសម្រួល​គ្នា​។

មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​បញ្ជាក់​ជាក់លាក់​បាន​នៅឡើយ​ទេ ថា​តើ​ក្រុមហ៊ុន​ប៉ុន្មាន​ដែល​បាន​កាត់​បន្ថយ​ប្រតិបត្តិការ​ផលិតកម្ម​រួច​ហើយ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ប្រភព​ពី​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​ដ៏​ធំ​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា ក្រុមហ៊ុន​ភាគច្រើន​នៅ​តែ​រក្សា​ទុក​ផលិតផល​សម្រេច​របស់​ខ្លួន​ដោយ​ក្តី​សង្ឃឹមថា នឹង​បន្ត​ការ​ដឹក​ជញ្ជូន​ឡើង​វិញ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​រង​គ្រោះ​ខ្លាំង​ដោយសារ​ពួក​គេ​មិន​អាច​ទទួល​ការ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​និង​ផលិតផល​សម្រេច​បាន​ទាន់​ពេលវេលា​នោះ ក៏​បាន​បង្កើត​ក្រុមការងារ​នៅ​ក្នុង​សមាគម​ពាណិជ្ជកម្ម​របស់​ពួក​គេ ដើម្បី​តាមដាន​ស្ថានភាព និង​អំពាវនាវ​ឱ្យ​មានការ​ដោះស្រាយ​ជា​មុន​។

ក្រុមហ៊ុន​ផលិត​ដែកថែប POSCO បាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​មួយ​ចំនួន​ដោយសារ​ខ្វះ​កន្លែង​ស្តុក​ទុក​ផលិតផល​ដែល​មិន​ទាន់​ដឹក​ជញ្ជូន​ចេញ​។ ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor បាន​កាត់​បន្ថយ​ការ​ផលិត​នៅ​តាម​ខ្សែ​សង្វា​ក់​ផលិតកម្ម​មួយ​ចំនួន ហើយ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ក៏​បាន​កាត់​បន្ថយ​ប្រតិបត្តិការ​ផង​ដែរ​។

ជម្លោះ​ការងារ​អូស​បន្លាយពេល​យូរ​នេះ កំពុង​ក្លាយជា​វិញ្ញាសារ​សាកល្បង​ដ៏​សំខាន់​មួយ សម្រាប់​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង​លោក យុន ស៊ុ​ក​យែ​ល (Yoon Suk-yeol) ជា​អ្នកនយោបាយ​ថ្មីថ្មោង​ដែល​បាន​ឡើង​កាន់​តំណែង ៥ ស​ប្តា​ហ៍​មកនេះ​។

រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ទាំងនេះ ត្រឡប់​ទៅ​ធ្វើការ​វិញ​ដោយ​រដ្ឋាភិបាល​បាន​និយាយ​ថា នឹង​ព្យាយាម​រក​ដំណោះស្រាយ​ស្រប​តាម​ការ​ទាមទារ​របស់​ពួក​គេ​នៅ​ក្នុង​ដំណើរការ​នីតិប្បញ្ញត្តិ និង​បន្ត​ព្យាយាម​បញ្ចប់​ជម្លោះ​តាម​រយៈ​ការ​សន្ទនា​គ្នា​។

នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ជួប​ប្រទះ​នឹង​ការ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​នោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ផលិត និង​ការ​ដឹក​ជញ្ជូន​បន្ទះ​សៀគ្វី គីមី​ឥន្ធនៈ និង​រថយន្ត​អាច​បន្ថែម​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នូវ​អតិផរណា និង​កំណើន​យឺត​សេដ្ឋកិច្ច​សម្រាប់​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា អតិផរណា​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​កំណត់​ថា នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ២៤ ឆ្នាំ​កន្លង​មកនេះ ពោល​គឺ​មាន​រហូត​ដល់ ៤,៨% នៅ​ឆ្នាំ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖តម្លៃស្រូវអង្ករនៅអាស៊ីនឹងឡើងថ្លៃតាមនិន្នាការស្បៀងអាហារសកល ប៉ុន្តែមិនទាន់ចោទជាបញ្ហាខ្លាំងឡើយ

ព័ត៌មាន
តម្លៃស្បៀងអាហារសកលបាន និងកំពុងបន្តឡើងថ្លៃឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប្រការនេះត្រូវបានក្រុមអ្នកឃ្លាំមើលទីផ្សារប៉ាន់ប្រមាណថា តម្លៃ…

ប្រមុខដឹកនាំកូរ៉េខាងជើងដាក់ផែនការបោសម្អាតមន្ត្រីអាក្រក់ និងបង្រួបបង្រួមផ្ទៃក្នុង

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងសមាជិកសភាកំពូលៗរបស់លោកបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ