បទវិភាគ

ជំនួប​ ត្រាំ-គីម នៅវៀតណាម៖ ហេតុ​អ្វី​មិន​មែន​នៅ​កម្ពុជា?


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ លោក គីម ជុងអ៊ុន នឹងជួបគ្នា​ជា​លើកទីពីរ នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ដើម្បី​ពិភាក្សា​អំពីបញ្ហា​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និងជាពិសេស ជំនួប​នេះ អាមេរិក​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាងជើង​ ឲ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ជាថ្នូរនឹង​ជំនួយ​សេដ្ឋកិច្ច។
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោង​ជួប​គ្នា​លើក​ទីពីរ នៅ​ប្រទេស​វៀតណាម នា​ចុង​ខែ​កុម្ភៈ ២០១៩នេះ។
ដោយ

ជំនួបកំពូលរវាង​លោក ត្រាំ និងលោក គីម កាលពីលើក​ទីមួយ ប្រព្រឹត្ត​ទៅនៅ​ខែមិថុនា ឆ្នាំ​២០១៨ នៅឯ​ប្រទេស​សិង្ហបុរី។ ប៉ុន្តែ ជំនួប​កំពូល​លើក​ទីពីរ​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ជាអ្នក​ជិត​ខាង​កម្ពុជា។ 

ភ្លាមៗបន្ទាប់ពី​លោកប្រធានាធិបតី ត្រាំ ប្រកាស​ថា ជំនួបប្រជុំ​កំពូល​លើកទីពីរជាមួយ​លោក គីម ជុងអ៊ុន នឹងធ្វើ​នៅ​ប្រទេស​វៀតណាម បណ្ដាញ​សារព័ត៌មាន​​ជាច្រើន​បាន​ផ្ដោត​ការចាប់អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​នេះ ខណៈ​សារព័ត៌មាន​ខ្លះ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​គេ​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​ទីកន្លែង​សម្រាប់​ជំនួប​នេះ។ 

សារព័ត៌មាន Yahoo News លើកឡើង​នូវ​ហេតុផលសំខាន់ ៤យ៉ាង៖ ទីមួយ វៀតណាម​នៅជិតកូរ៉េខាងជើង, ទីពីរ វៀតណាមមាន​សន្តិសុខ​ល្អ ដោយសារប្រទេស​នេះ​ធ្លាប់​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​ចំនួន ដូចជា កិច្ច​ប្រជុំ​កំពូល APEC និង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដីពីអាស៊ាន, ទីបី វៀតណាម​មាន​ប្រវត្តិសាស្ត្រ​ជាមួយទាំង​សហរដ្ឋ​អាមេរិក ទាំង​កូរ៉េខាងជើង ជាពិសេស ក្នុងអំឡុងពេល​សង្គ្រាម​វៀតណាមក្នុង​ទសវត្សរ៍ ១៩៧០, និង ទីបួន វៀតណាមអាច​ជា​គំរូ​ល្អ​មួយ​ដើម្បី​ឲ្យ​កូរ៉េ​ខាងជើង​យកគំរូ​តាម។

ខណៈ​ដែល​មាន​ការវិភាគ​និង​មតិ​ខុសៗ​គ្នា​អំពី​ការជ្រើសរើស​វៀតណាម​ជា​ទីកន្លែង​ប្រជុំ​កំពូល នៅកម្ពុជា ក៏​មាន​ខ្មែរ​មួយចំនួន​បាន​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​បញ្ហា​នេះ​ដែរ។ អ្នក​ខ្លះ​ចោទ​ជា​សំណួរ​ថា តើ​ហេតុអ្វី​គេមិន​ជ្រើសរើស​កម្ពុជា? 

មានហេតុផល​មួយចំនួន ដែល​អាច​ពន្យល់​ពីការដែល​គេ​មិន​ជ្រើសរើស​កម្ពុជាជាទីកន្លែងសម្រាប់​កិច្ច​ប្រជុំ​កំពូល រវាង​លោក ត្រាំ និងលោក គីម។ 

ទីមួយ ទោះបី​កម្ពុជាមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េ​ខាងជើង​ក្ដី ប៉ុន្តែ ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង។ សហរដ្ឋ​អាមេរិក​ថែមទាំងបាន​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​បាន​ទាមទារ​ឲ្យ​កម្ពុជា​សង​បំណុល​សម័យ​សង្គ្រាម​នា​ទសវត្សរ៍​ ១៩៧០ ទៀត​ផង។ ជាការឆ្លើយតប កម្ពុជា​បាន​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​ និង​ការទារ​បំណុល​របស់​អាមេរិក។ ដូច្នេះ ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​បាន​ឈាន​ដល់​កម្រិត​ទាប​មួយ ដែល​មិន​អាច​ឲ្យ​គេ​ពិចារណា​ជ្រើសរើស​កម្ពុជា​ជាទីកន្លែង​សម្រាប់​ជំនួប​កំពូល​នេះ​ទេ។ 

ទីពីរ បើទោះបីកម្ពុជា​មានចម្ងាយនៅជិតកូរ៉េខាងជើង ដូចគ្នានឹងវៀតណាមដែរ ក្ដី សន្តិសុខ​ហាក់នៅតែជាបញ្ហា​ចោទ​នៅឡើយ។ ហើយ​បើទោះជា​កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​សំខាន់ៗ​មួយ​ចំនួន​ក្ដី បើ​ធៀប​នឹង​វៀតណាម​ជាអ្នកជិតខាង កម្ពុជា​ហាក់នៅតែ​ចាញ់​ប្រៀប។ លោក​ ត្រាំ និង​លោក គីម ត្រូវការសន្តិសុខ​និង​ភាព​ជា​ឯកជន​ជាអតិបរមា។ ការគ្រប់គ្រង​ទាំងស្រុង​របស់​រដ្ឋាភិបាល​វៀតណាម ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន ជាកត្តា​មួយ​ធ្វើ​ឲ្យ​វៀតណាម​ជាជម្រើស​ល្អ​សម្រាប់​ជំនួប​កំពូល​នេះ។ 

ទីបី កម្ពុជា​ប្រហែលមិន​អាច​ជា​ប្រទេស​គំរូ​ដើម្បី​ឲ្យ​កូរ៉េខាងជើង​រៀនសូត្រ​តាម​នោះទេ។ ទោះបី​កម្ពុជា​បាន​ងើបផុត​ពី​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ និង​បាន​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​មួយចំនួន​នៅ​លើ​ពិភព​លោកក្ដី កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅឡើយ។ សេដ្ឋកិច្ច​របស់​កម្ពុជា​នៅមានទំហំ​តូច ហើយ​ផលិតភាព​នៅ​មានកម្រិត​ទាប​នៅឡើយ។ ប្រទេស​កម្ពុជា​នៅ​ពឹង​ផ្អែក​ខ្លាំង​លើ​ការនាំចូល និង​ការអនុគ្រោះ​ពី​ដៃគូ​អភិវឌ្ឍន៍ ឬ​ម្ចាស់​ជំនួយ។ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ជ្រើសរើស​វៀតណាម ពីព្រោះ​លោក​ចង់​ផ្ដល់​សារ​មួយ​ទៅ​លោក គីម ថា កូរ៉េ​ខាងជើង​អាច​ក្លាយ​ខ្លួន​ដូច​ប្រទេស​វៀតណាម ប្រសិន​បើលោក គីម សម្រេចចិត្ត​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និងទទួល​យក​ជំនួយ​អាមេរិក។ 

ដូច្នេះ ជំនួបកំពូល​រវាង​លោក ត្រាំ និងលោក គីម ពិត​ជា​បង្កប់​នូវ​សារមួយ​ដល់​កម្ពុជា និង​ថ្នាក់ដឹកនាំ​របស់​កម្ពុជា។ កម្ពុជាគួរតែរិះរក​វិធី​ដើម្បី​ស្ដារ​ឲ្យ​ប្រសើរឡើងវិញ​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ស្ដារ​មុខ​មាត់​ជាតិ​របស់​ខ្លួន​ឡើងវិញនៅ​លើ​ឆាក​អន្តរជាតិ និង​បន្ត​រក្សា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ 

រដ្ឋាភិបាល​កម្ពុជា​ក៏គួរខិតខំបន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ជាច្រើន​ប្រទេសនេះ​កំពុង​ប្រឈម។ ពេល​វេលា​មកដល់​ហើយសម្រាប់​កម្ពុជា​បោះជំហាន​ទៅមុខ​ឲ្យ​លឿន​ដូច​វៀតណាម នៅក្នុង​កិច្ច​ប្រឹងប្រែង​ផ្នែក​គោល​នយោបាយ​ការបរទេស​។ ការរក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ជាពិសេស ប្រទេស​មហាអំណាច គឺ​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​និង​វិបុលភាព​របស់​កម្ពុជា៕

លោក ហេង គីមគង់ គឺជានិស្សិត​ថ្នាក់​បណ្ឌិត​នៃ​សកលវិទ្យាល័យ​ Queensland ប្រទេស​អូស្ត្រាលី។ លោក​ទទួល​អាហារូបករណ៍​ពី​កម្មវិធី Australia Awards Scholarship។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាំងហ្គាពួរ ទទួលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប ខណៈវៀតណាមកំពុងសង្ឃឹមខ្ពស់ទទួលបានដែរ

ព័ត៌មាន
ស្របពេលដែលកម្ពុជា កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ជុំវិញរឿងរបេះរបោចប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោយពីសហភាពអឺរ៉ុប បើកនីតិវិធីដកប្រព័ន្ធអន…

មហិច្ឆតា​ផ្សារម៉ាក្រូថៃ គ្រោង​នឹង​ពង្រីក​អាជីវកម្ម​សាខា ៨-៩ ទីតាំង​បន្ថែម​ទៀត​ឆាប់ៗ​នេះ

ព័ត៌មាន
ក្រុមហ៊ុន​ស្យ៉ាម​ម៉ាក្រូ​របស់​ថៃ ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ផ្សារ​ម៉ាក្រូ បាន​បង្កើន​មហិច្ឆតា​ពង្រីក​សាខា​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ