មហាសេដ្ឋី-​អចលនទ្រព្យ

មហា​សេដ្ឋី​៣​រូប​កំពុង​ក្ដោប​ឱកាស​វិនិយោគ​សាងសង់​អគារ​រោងការ


នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា បាន​និង​កំពុង​មាន​សន្ទុះ​លើ​ការ​អភិវឌ្ឍ​អគារ​ខ្ពស់ ដូចជា ខុនដូរ កាវិយាល័យ សំណង់​បុរី និង​ផ្សារ​ទំនើប ជាដើម។
ពី​ខាង​ឆ្វេង៖ លោក​ឧកញ៉ា ថៃ ជាហួត, អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​អ្នក​ឧកញ៉ា ពុង​ ឃាវសែ។
ដោយ

ប៉ុន្ដែ ជា​ការ​កត់​សម្គាល់​ឃើញ​មួយ​ជ្រុង​ទៀត​របស់ ខេមបូណូមីស គឺ​ចូល​ដល់​ឆ្នាំ​២០១៨​នេះ មាន​មហា​សេដ្ឋី​ល្បី​ឈ្មោះ​មួយ​ចំនួន​នៅ​កម្ពុជា បាន​និង​កំពុង​បន្លាយ​នូវ​ទស្សនៈ​របស់​ខ្លួន​កាន់​តែ​វែង​ឆ្ងាយ ជាមួយ​នឹង​ការ​វិនិយោគ​លើ​គម្រោង​អគារ​មជ្ឈមណ្ឌល​សន្និបាត ពិព័រណ៍ ឬ​ហៅ​ថា អគារ​សម្រាប់​រៀបចំ​មង្គលការ។ ក្នុងនោះ មាន​មហា​សេដ្ឋី​គ្រាក់ៗ​៣​រូប ដែល​បាន​និង​កំពុង​បោះទុន​វិនិយោគ​សាងសង់​អគារ​សន្និបាត និង​ពិព័រណ៍ ឬ​ហៅថា អគារ​រោងការ​នេះ រួមមាន៖

អ្នក​ឧកញ៉ា ពុង ឃាវសែ

ត្រូវ​បាន​មហាជន​ជាច្រើន​ឲ្យ​រហ័ស​នាម​ថា ជា​តារា​ជំនួញ​អាត់កឺ អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​និង​កំពុង​សាងសង់​សំណង់​ទីក្រង​រណប អគារ​ខ្ពស់ៗ និង​គម្រោង​សំខាន់ៗ​ជា​ច្រើន​ទៀត។ 

ភាព​ជោគជ័យ​ធំ​បំផុត​មួយ​ដែល​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ជា​ស្នាដៃ​ធំ​របស់​ក្រុមហ៊ុន OCIC របស់​មហា​សេដ្ឋី​រូប​នេះ គឺ​ការ​អភិវឌ្ឍ​ទីក្រុង​រណប​កោះពេជ្រ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នា​ពេល​បច្ចុប្បន្ន ពិសេស គឺ​មាន​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​ធំ​ជាង​គេ​នៅ​ទីនោះ​ផង​ដែរ។ 

អ្នក​ឧកញ៉ា ពុង ឃាវសែ។

មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៌​កោះពេជ្រ​នេះ គឺ​ជា​ទីតាំង​ធំ​ជាង​គេ​មួយ​សម្រាប់​រៀបចំ​ពិធី​នានា ពិសេស ពិធី​មង្គលការ​តែ​ម្ដង។ ប៉ុន្ដែ ក៏​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ផង​ដែរ នៅ​ពេល​មាន​កម្មវិធី​ម្ដងៗ​នៅ​ទីនោះ​ម្ដងៗ។

ជា​ចក្ខុវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ថ្មី នៅលើ​ទឹកដី​ទីក្រុង​រណប​ជ្រោយ​ចង្វារ ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ក្រុមហ៊ុន OCIC របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ក៏​ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​គ្រោង​ដក​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍ ឬ​ហៅ​ថា អគារ​សម្រាប់​រៀបចំ​មង្គលការ​នៅ​កោះពេជ្រ​នេះ មក​ធ្វើការ​សាងសង់​ថ្មី​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ​ផង​ដែរ។ ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​អះអាង​ដែរ​ថា អាច​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ អគារ​សន្និបាត និង​ពិព័រណ៍ នៅ​តំបន់​ជ្រោយ​ចង្វារ នឹង​បើក​ឲ្យ​អតិថិជន​ធ្វើការ​កក់​ជួល​ទីតាំង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​បាន​ហើយ។

ទោះយ៉ាង​ណា គិត​មក​ដល់​ខែ​មេសា ឆ្នាំ​២០១៨​នេះ មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ នៅតែ​បើក​ដំណើរការ​ជួល​ឲ្យ​រៀបចំ​កម្មវិធី​ផ្សេងៗ​ដូច​ធម្មតា មិន​ទាន់​មាន​ឃើញ​ការ​រុះរើ​អ្វីនៅ​ឡើយ​ទេ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់

ជា​អ្នក​មាន​ដើម​កំណើត​ពី​ខេត្ត​កោះកុង ហើយ​បច្ចុប្បន្ន ត្រូវ​បាន​មហាជន​ហៅ​ថា ជា​ស្ដេច​ជំនួញ​កោះកុង អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​និង​កំពុង​ក្ដោប​ក្ដាប់​ជំនួញ​ពហុវិស័យ​នៅ​កម្ពុជា អ្វី​ដែល​គួរ​ឲ្យកត់​សម្គាល់​នោះ ចូល​មក​ដល់​ឆ្នាំ​២០១៨​នេះ មហា​សេដ្ឋី​សម្បូរ​ទ្រព្យ​និង​ល្បី​ឈ្មោះ​រូប​នេះ ក៏​បាន​ឈាន​ជើង​ចូល​ក្នុង​ការ​វិនិយោគ​អចលន​ទ្រព្យ សំណង់​លំនៅ​ដ្ឋាន​ផង​ដែរ ព្រម​ជាមួយ​នឹង​ការ​វិនិយោគ​លើ​អគារ​សន្និបាត​និង​ពិព័រណ៍ ឬ​ហៅ​ថា មជ្ឈមណ្ឌល​រៀប​មង្គលការ​ដ៏​ប្រណីត​មួយ នៅ​លើ​ទឹកដី​ខណ្ឌ​សែនសុខ ផង​ដែរ។

អគារ​សម្រាប់​រៀបចំ​មង្គលការ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​វិនិយោគ​ជាង​១០​លាន​ដុល្លារ​នេះ គឺ​ជា​ការ​បោះជំហាន​លើក​ដំបូង​ហើយ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ការ​ចូល​មក​ប្រកួត​ប្រជែង​ដណ្ដើម​យក​ទីផ្សារ​ក្នុង​វិស័យ​នេះ ខណៈ​ដែល​បច្ចុប្បន្ន ក៏​មាន​ការ​សាងសង់​អគារ​នេះ​ជា​ច្រើន​ដែរ តែ​មិន​សូវ​ជា​មាន​ការ​វិនិយោគ​ធំៗ​នោះ​ទេ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់

គម្រោង​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍ ដែល​ផ្ដល់​សេវាកម្ម​រៀបចំ​កម្មវិធី​ផ្សេងៗ ពិសេស កម្មវិធី​រៀបចំ​មង្គលការ​នេះ​នឹង​ត្រូវ​សាងសង់​បញ្ចប់​រួច​រាល់ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ហើយ ខណៈដែល​បច្ចុប្បន្ន ក៏​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​នឹង​ត្រូវ​រៀបចំ​អាពាហ៍​ពិពាហ៍​នៅចុង​ឆ្នាំ​២០១៨ និង​ដើម​ឆ្នាំ​២០១៩ ខាង​មុខ​នេះ អាច​ទំនាក់​ទំនាក់​មក​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ដើម្បី​កក់​រោងការ​ជា​បណ្ដើរៗ ផង​ដែរ។

គម្រោង​ដែល​បាន​បោះទុន​សាងសង់​ជាង ១០​លាន​ដុល្លារ​មួយ​នេះ មាន​អគារ​សរុប​ចំនួន ៧​អគារ ហើយ​ក្នុង​មួយ​បន្ទប់ អាច​ដាក់​តុការ​បាន​ចាប់​ពី ៥០​តុ ​ឡើង​ទៅ ហើយ​បើ​រំលាយ​បន្ទប់​នៃ​អគារ​ទាំង​៧​នេះ បញ្ចូល​គ្នា អាច​ដាក់​បាន​រហូត​ដល់ ៥០០​តុ​ការ ស្មើនឹង​ចំនួន​មនុស្ស ៥០០០​នាក់ ខណៈ​ដែល​ទីធ្លា​ចត​រថយន្ដ​មាន​សមត្ថភាព​ដាក់​រថយន្ដ​បាន​រហូត​ដល់ ១២០០គ្រឿង និង​ម៉ូតូ ៧០០​គ្រឿង។

លោក​ឧកញ៉ា ថៃ ជាហួត 

ប្រហែ​ជា​មិន​សូវ​មាន​មនុស្ស​ច្រើន​ទេ ដែល​ស្គាល់​ឈ្មោះ​អ្នក​ជំនួញ​ចិត្ត​មោះមុត គិត​ល្អិត​ល្អន់ និង​មើល​ឃើញ​ពី​ចក្ខុ​វិស័យ​វែងឆ្ងាយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន​នៅ​កម្ពុជា​ម្នាក់​នេះ ប៉ុន្ដែ បើ​និយាយ​ពី​បុរី​ ប៉េង ហួត អ្នក​នៅ​ភ្នំពេញ​ប្រហែល​ជា​ស្គាល់​ច្បាស់​ណាស់ ព្រោះ បុរី​លំដាប់​ខ្ពស់​មួយ​នេះ​បាន​និង​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើងៗ។ 

លោក​ឧកញ៉ា ថៃ ជាហួត។

ថ្មីៗ​នេះ​ទៀត​សោត ម្ចាស់​បុរី ប៉េង ហួត រូប​នេះ ក៏​បាន​បោះទុន​រាប់​រយ​លាន​ដុល្លារ​សាងសង់​ផ្សារ​ទំនើប​ធំៗ ចំនួន​២​ផង​ដែរ។ ជា​មួយ​គ្នា​នោះ ក្រុមហ៊ុន បុរី ប៉េង ហួត ក៏​មាន​គម្រោង​សាងសង់​អគារ​សន្និបាត ពិព័រណ៍ និង​រៀបចំ​មង្គលការ​ចំនួន​២​ទីតាំង ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​មេ​អភិវឌ្ឍន៍​ចម្រុះ​របស់​ក្រុមហ៊ុន​នេះ។ 

ទីតាំង​ទី​១​នោះ គឺ​ស្ថិត​ក្នុង​ទីតាំង​គម្រោង​សួន​កម្សាន្ត​បែប​អឺរ៉ុប តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​២​គីឡូម៉ែត្រ ពី​ស្ពាន​ព្រះមុនីវង្ស (ស្ពាន​ច្បារ​អំពៅ)។ តាម​ផែនការ​មេ គម្រោង​នោះ​នឹង​ត្រូវ​សាងសង់​ទៅ​តាម​ដំណាក់កាល ហើយ​គម្រោង​អគារ​សន្និបាត​និង​ពិព័រណ៍​នេះ ក៏​នឹង​សាងសង់​រួច​រាល់​ឆាប់ៗ​នេះ​ផង​ដែរ។

ទីតាំង​ទី​២ គឺ​ស្ថិត​នៅ​ក្បែរ​គ្នា​នឹង​គម្រោង​ផ្សារ​ទំនើប PH Diamond Place របស់​បុរី ប៉េង ហួត ដែរ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​តេជោ (ផ្លូវ​៦០​ម៉ែត្រ) ស្ថិត​នៅ​ក្នុង​ចង្កោម​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប ING City។ ក្រៅ​ពី​គម្រោង​ធំៗ ២​នេះ បុរី ប៉េង ហួត ក៏​នឹង​ធ្វើការ​អភិវឌ្ឍ​ចម្រុះ ដូចជា បុរី​លំនៅដ្ឋាន​ប្រណីតៗ អគារ​ខុនដូ​និង​ការិយាល័យ​ខ្ពស់ៗ ព្រម​ជាមួយ​នឹង​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ប៉េង ហួត គ្រុប នៅ​ទីតាំង​នោះ​ផង​ដែរ ខណៈ​ដែល​ផ្ទៃ​ដី​សរុប​ទាំង​អស់​មាន​រហូត​ដល់​ជាង ៤០​ហិកតា។ ទោះ​យ៉ាង​ណា គម្រោង​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​មួយ​នេះ នៅ​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​ចាប់​ផ្ដើម​សាងសង់​ពេល​ណា និង​បញ្ចប់​ពេល​ណា​នៅ​ឡើយ​ទេ។ 

សូម​ជម្រាប​ដែរ​ថា សម្រាប់​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ ដែល​មាន​លក្ខណៈ​ធំ​ទូលាយ ដែល​អាច​ដាក់​ភ្ញៀវ​បាន​រាប់ពាន់​នាក់ គឺ​មាន​តែ​ស្ថិត​នៅ​ទីតាំង​កោះពេជ្រ​មួយ​ប៉ុណ្ណោះ ប៉ុន្ដែ ទី​តាំង​នេះ ក៏​មាន​ការ​កក​ស្ទះ ពិបាក​ធ្វើ​ដំណើរ​ទៅ​មក​ផង​ដែរ នៅពេល​ដែល​មាន​កម្មវិធី​ម្ដងៗ។ 

ដូច្នេះ ប្រសិន​បើ​មាន​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ធំ​ៗ​ថ្មីៗ​ នឹង​​ត្រូវ​​បាន​​បង្កើតឡើងនៅតាម​តំបន់​សំខាន់ៗ​មួយ​ចំនួន​បន្ថែម​ទៀត​នោះ​ វា​ក៏​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​បាន​មួយ​កម្រិត​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេវា​រថភ្លើង"​លឿន​ទាន់ចិត្ត​" នឹងជួយ​សម្រួល​ចរាចរណ៍​​ភ្នំពេញ-​ព្រលានយន្តហោះ

ព័ត៌មាន
អំណេះ​តទៅ បញ្ហា​ខកជើង​យន្តហោះ​ដោយសារតែ​​ការកក​ស្ទះ​ចរាចរណ៍ ឬដំណើរ​មិនអាច​ព្យាករ​បាន​ អាច​នឹង​លែង​មាន​តទៅ​ទៀត​ហើយ បន្ទាប់ពី​សេវា​«…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ