ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក

ក្រុមហ៊ុន Uber «ខាត ១ ពាន់លានដុល្លារ» នៅត្រីមាសទី១ ឆ្នាំនេះ! ហេតុអ្វី?


ក្រុមហ៊ុន ផ្ដល់សេវាចែករំលែកការធ្វើដំណើរ ដ៏ធំរបស់អាមេរិក បានប្រកាសពីការខាតបង់ប្រាក់ចំណេញ របស់ខ្លួនប្រមាណ ១ពាន់លានដុល្លារអាមេរិក នៅរយៈពេល ៣ខែ ដំបូងឆ្នាំ ២០១៩នេះ បើទោះបីជា ចំណូលនៅត្រីមាសទី១ ឆ្នាំនេះ មានការកើនឡើងប្រមាណ២០% ក៏ដោយ។ បើតាម សារព័ត៌មាន Reuters ការខាតបង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គឺដោយសារតែក្រុមហ៊ុននេះ បានចំណាយច្រើនទៅលើការបង្កើតសេវាប្រតិបត្តិការដឹកជញ្ជូនអាហារ និងរបស់របរផ្សេងទៀត។
ក្រុមហ៊ុន Uber ខាត ១ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ (https://bgr.com/)
ដោយ

របាយការណ៍​ដែលបានក្រុមហ៊ុន​ Uber បានបញ្ចេញ​នាពេលថ្មីៗនេះ​បង្ហាញថា បីខែដំបូង ឆ្នាំនេះ ចំណូល​របស់ក្រុមហ៊ុននេះ ធៀបនឹង​បីខែ ដើមឆ្នាំ២០១៨ បានកើនឡើង ២០% ដែលមានចំណូល​សរុប ៣,១ ពាន់លានដុល្លារអាមេរិក​ តែយ៉ាងណា បន្ទាប់ពី​ការទូទាត់ចំណាយ​រួច​ក្រុមហ៊ុននេះ មានការខាតបង់ ប្រមាណ ១ពាន់​លានដុល្លារ​អាមេរិក។

ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Uber លោក Dara Khosrowshahi បាន​និយាយថា «នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ប្រតិបត្តិការ​ប្រើប្រាស់​សេវា​របស់យើង ពីសំណាក់​អ្នកប្រើប្រាស់ មានខ្ពស់ ជាងពេលណា​ទាំងអស់ ពោលគឺមានអ្នក​ប្រើប្រាស់​ធ្វើដំណើរ​តាមក្រុមហ៊ុន​យើង ជាមធ្យម ១៧ លាន​ការធ្វើដំណើរ ក្នុងមួយថ្ងៃ និងចំណូល​ប្រចាំឆ្នាំ​ពីការកក់សេវា​ធ្វើដំណើរ គឺមាន ៥៩ពាន់លាន​ដុល្លារ​អាមេរិក»។ 

ក្រុមហ៊ុន Uber បានបញ្ជាក់ដែរថា គិតក្នុង​ត្រីមាសទី១ ឆ្នាំនេះ ក្រុមហ៊ុននេះ មាន​អតិថិជន​ដែលប្រើប្រាស់​សេវាកម្ម​របស់​ Uber សកម្ម​មានរហូតដល់ ៩៣ លាននាក់ ។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Uber លោក Dara Khosrowshahi.បាន​បញ្ជាក់ទៀតថា «​កាលពីដើមខែនេះ យើងបាន បោះជំហានដ៏សំខាន់ មួយក្នុងការ ក្លាយជា ក្រុមហ៊ុន សាធារណៈ ហើយឥឡូវនេះ យើងផ្តោត លើការ អនុវត្ត​យុទ្ធសាស្រ្ត របស់យើង ដើម្បីក្លាយទៅ ជា ច្រកតែមួយ (One-Stop Shop) សម្រាប់ការ​ដឹកជញ្ជូន​ក្នុងស្រុក និងពាណិជ្ជកម្ម»។

ក្រុមហ៊ុន Uber បានបោះ​ផ្សាយមូលប​ត្ររបស់ខ្លួន (IPO) នៅលើផ្សារហ៊ុន New York Stock Exchange កាលពីថ្ងៃទី ១០ ខែ​ឧសភាកន្លងទៅនេះ ដោយតម្លៃភាគហ៊ុន ដែលបាន​លក់ចេញលើទីផ្សារ​មិនបាន​ខ្ពស់​ដូចការរំពឹងទុក​របស់ក្រុមហ៊ុន​នេះនោះទេ ពោលគឺ តម្លៃភាគហ៊ុន​របស់ក្រុមហ៊ុននេះ មានតែ ៤២ ដុល្លារប៉ុណ្ណោះ ក្នុងមួយហ៊ុន ខណៈដែលក្រុមហ៊ុននេះ ធ្លាប់រំពឹងថា នឹងបាន​៤៥ ដុល្លារ ក្នុងមួយហ៊ុន.

គួរបញ្ជាក់ថា ក្រុមហ៊ុន Uber ក៏ធ្លាប់មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុងទីផ្សារ​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ ប៉ុន្ដែ ក្រោយពី​ប្រតិបត្តិការ​ក្នុងទីផ្សារនេះ បានមួយរយៈ​ក្រុមហ៊ុន​អាមេរិកមួយនេះ បាន​លក់​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​នៅអាស៊ីអាគ្នេយ៍ទៅ​ឲ្យ​ក្រុមហ៊ុន​ Grab របស់សិង្ហបុរីវិញ។

ទោះយ៉ាងណា ក្រុមហ៊ុន​ផ្ដល់សេវា​ចែករំលែក​ការធ្វើដំណើរ​ទាំងពីរ គឺ Uber និង Grabនេះ បើមើលពី​សម្បកក្រៅ​ គឺប្រៀបដូចជា​ដៃគូ​ប្រយុទ្ធ ប្រជែង​គ្នា​ដ៏សម្បើម ប៉ុន្ដែ ធាតុពិតខាងក្នុងវិញ គឺក្រុមហ៊ុន​ទាំងពីរនេះ គឺប្រៀបដូចជា​បងប្អូនគ្នា​ទៅវិញទេ ព្រោះវា​ស្ថិតនៅក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន​យក្ស​មួយ គឺក្រុមហ៊ុន Soft Bank៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌល​កីឡា​ផ្លាទីនីម (ភី.អេស.ស៊ី) នឹង​បើក​សម្ពោធ​សាកល្បង នាថ្ងៃទី១ ខែមិថុនា ក្នុង​គម្រោង បុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោរ)

ព័ត៌មាន
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩៖ សំរាប់អ្នកចូលចិត្តលេងកីឡាទាំងឡាយ លោកអ្នកអាចជ្រើសរើស វិធីជាច្រើនដើម្បីទទួលបានរាងកាយមាំមួ…

ការនាំចេញជ័រកៅស៊ូ ថៃកំពុងជួបគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និង ចិន

ព័ត៌មាន
ការនាំចេញជ័រកៅស៊ូប្រទេសថៃកំពុងជួបការរងគ្រោះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និង ចិន មិនទាន់បញ្ចប់ ហើយរិតតែពុះកញ្ជ្រោលថែមទៀតនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ