អឺរ៉ុបប្រឈមឱសានវាទអ៊ុយក្រែនប្រឈមសមរភូមិថ្មី

អឺរ៉ុបប្រឈមនឹងឱសានវាទទូទាត់ថ្លៃប្រេងជាប្រាក់រូប្ល ខណៈអ៊ុយក្រែនប្រឈមនឹងសមរភូមិថ្មី


ប្រទេសនៅអឺរ៉ុបដែលជាអ្នកទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី កំពុងប្រឈមនឹងកាលបរិច្ឆេទកំណត់ឲ្យទូទាត់ប្រាក់ ជារូបិយបណ្ណ (rubles)របស់រុស្ស៊ីនៅត្រឹមថ្ងៃសុក្រនេះហើយ ខណៈដែលការចរចាសន្តិភាពក្នុងបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនវិញ ត្រូវបានបន្តធ្វើឡើងទៀតហើយនៅថ្ងៃសុក្រនេះ។ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែននៅតែបន្តប្រយ័ត្នប្រយែង ត្រៀមខ្លួនជានិច្ចសម្រាប់ការវាយប្រហារ បន្ថែមទៀតពីរុស្ស៊ីនៅតំបន់ភាគខាងត្បូង និងខាងកើតនៃប្រទេស។
អឺរ៉ុបប្រឈមឱសានវាទអ៊ុយក្រែនប្រឈមសមរភូមិថ្មី

យើងផ្ដើមនិយាយ​ពី​ទណ្ឌកម្មទៅវិញទៅមក រវាងរុស្ស៊ី និងអឺរ៉ុប ជុំវិញ​ទៅនឹង​វិបត្តិសង្គ្រាមនៅអ៊ុយក្រែននេះ។ ឃើញថានៅថ្ងៃសុក្រនេះ ឱសានវាទ ដែលរុស្ស៊ីបាន​ដាក់​ឲ្យ​សហភាពអឺរ៉ុប​ត្រូវទូទាត់ថ្លៃប្រេងដែលទិញពីរុស្ស៊ី​ជាលុយរូប្លរបស់រុស្ស៊ីនោះ គឺបានចូលមកដល់។ បញ្ហានេះ កំពុងធ្វើឲ្យអឺរ៉ុប​កំពុងឈឺក្បាលវិលមុខ​ខ្លាំងមែនទែន ព្រោះតែ​កន្លងមកខ្លួន​ទូទាត់​ថ្លៃប្រេងជាមួយរុស្ស៊ីតែជាមួយប្រាក់អឺរ៉ូ ឬលុយដុល្លារអាមេរិកតែប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ម្នាក់កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីបស្ចិមលោក ពិសេសគឺទណ្ឌកម្មរបស់សហភាពអឺរ៉ុបតែម្ដង

មន្ត្រីដដែលរូបនេះនិយាយថា សកម្មភាពរបស់សហភាពអឺរ៉ុបធ្វើដាក់រុស្ស៊ីនាពេលថ្មីៗនេះ មិនអាចឲ្យវិមានក្រឹមឡាំងនៅស្ងៀមបានទៀតទេ គឺត្រូវតែ​មានការឆ្លើយតបវិញ។ មន្ត្រីវិមានក្រឹមឡាំង រូបនេះហៅការដាក់ទណ្ឌកម្មពីលោកខាងលិច ថាគ្មានការទទួលខុសត្រូវ ហើយដែលវាកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក មិនថាតែពលរដ្ឋរុស្ស៊ីទេ សូម្បីតែប្រជាជនអឺរ៉ុប​ខ្លួនឯងក៏ដោយ។ ជាមួយគ្នានេះ ប្រទេសរុស្ស៊ី​ក៏នឹង​មិន​ស្នើសុំឱ្យសហភាពអឺរ៉ុបបញ្ចប់ទណ្ឌកម្មមកលើខ្លួនដែរ។

អាចជាសន្លឹកបៀរដ៏ធំរបស់លោកពូទីន ជាការឆ្លើយតបនឹងទណ្ឌកម្មពីលោកខាងលិច បុរសកណ្តាប់ដៃដែករបស់រុស្ស៊ីរូបនេះ កាលពីថ្ងៃព្រហស្បតិ៍បានទាមទារឱ្យអឺរ៉ុបដែលជាអ្នកទិញថាមពលឧស្ម័នពីរុស្ស៊ី ចាប់ផ្តើមទូទាត់ប្រាក់ជាលុយរូប្លរបស់រុស្ស៊ី ចាប់ពីថ្ងៃសុក្រទី០១មេសានេះតទៅ បើមិនដូច្នេះទេ នឹងត្រូវបញ្ចប់កិច្ចសន្យាដែលមានរវាងគ្នា។

 ការតម្រូវឲ្យបង់ប្រាក់ថ្លៃឧស្ម័នជាលុយរូប្លរុស្ស៊ីបែបនេះ កំពុងធ្វើឲ្យប្រទេសអាល្លឺម៉ង់ដែលជាងបងធំ​របស់សហភាពអឺរ៉ុប កំពុង​ភិតភ័យខ្លាំងជាងគេ ដ្បិតថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត​នៅអឺរ៉ុបមួយនេះ មានការនាំចូល​ឧស្ម័នពីរុស្ស៊ីដល់ទៅជាង​៥៥% នៃការនាំចូលឧស្ម័នរបស់ខ្លួនសរុប កាលពីឆ្នាំ២០២១ ហើយ​នៅត្រីមាសទី១ឆ្នាំ២០២២នេះ អឺរ៉ុបមានការនាំចូល​ប្រហែល​៤០%ពីរុស្ស៊ី។

យើងងាកមកមើលសង្គ្រាមនៅ​អ៊ុយក្រែនវិញ ឃើញថា ក្នុងកិច្ចចរចាសន្តិភាពក្នុងសប្តាហ៍នេះនៅប្រទេសតួគី ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងកាត់បន្ថយការវាយលុកនៅជិតរដ្ឋធានីកៀវ និងនៅភាគខាងជើងនៃប្រទេស តែបែរជាបង្កើនសកម្មភាពនៅភាគខាងកើតទៅវិញ។

រដ្ឋាភិបាលទីក្រុងកៀវ និងសម្ព័ន្ធមិត្តសុទ្ធតែបានអះអាងដូចគ្នាថា រុស្ស៊ីកំពុងព្យាយាមប្រមូលផ្តុំគ្នាឡើងវិញ និងដាក់ចេញយុទ្ធសាស្ត្រថ្មី បន្ទាប់ពីទទួលរងការបរាជ័យបាត់បង់ទីតាំងដែលខ្លួនគ្រប់គ្រង​មួយចំនួន ទៅឲ្យអ៊ុយក្រែនវិញ។

នៅក្នុងខ្សែវីដេអូមួយកាលពីយប់មិញ ប្រធានាធិបតីអ៊ុយក្រែនលោក លោកហ្សេនលេនស្គី ព្រមានអំពី សមរភូមិថ្មីដែលអាចកើតមាននៅក្នុង និងក្បែរតំបន់ Donbas និងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងនៃប្រទេស ដែលត្រូវបានឡោមព័ទ្ធអស់​ពេលជាច្រើនថ្ងៃមកហើយ។ទោះបីជាបែបនេះក្តី ការ​ចរចា​សន្តិភាព​​ត្រូវ​បាន​កំណត់ធ្វើឡើង ​តាមវីដេអូអនឡាញ​នៅ​ថ្ងៃ​សុក្រនេះហើយ។

ប្រឈមមុខនឹងសមរភូមិថ្មី អាជ្ញាធរអ៊ុយក្រែនសង្ឃឹមថានឹងអាចជម្លៀសអ្នកស្រុកកាន់តែច្រើនចេញពីទីក្រុង Mariupol បន្ទាប់ពីប្រទេសរុស្ស៊ីបានយល់ព្រមបើកច្រករបៀងមនុស្សធម៌នៅថ្ងៃសុក្រនេះ ប៉ុន្តែគេមិនបានបង្ហាញក្តីរំពឹងច្រើនទេ ដោយសារការព្រមព្រៀងបែបនេះពីមុនច្រើនហើយ បានបរាជ័យ។

សូមជម្រាបថា មកទល់នឹងពេលនេះ ក្រុងកំពង់​ផែម៉ារីយ៉ូប៉ូល នៅតែជាសមរភូមិក្តៅគគុកដដែល។ យ៉ាងណាក៏ដោយ កងកម្លាំងអ៊ុយក្រែននៅតែកាន់កាប់ក្រុងនេះមួយភាគធំ ដដែលទេ។ ម៉ារីយ៉ូប៉ូលជាក្រុងយុទ្ធសាស្ត្រសំខាន់ណាស់ និងជាច្រកភ្ជាប់ទៅកាន់សមុទ្រខ្មៅ ដែលតភ្ជាប់ច្រករបៀងយុទ្ធសាស្ត្ររវាងតំបន់ Donbas និងតំបនគ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ី ហេតុនេះហើយរុស្ស៊ីចង់បានក្រុងមួយនេះខ្លាំងណាស់ ទើបគេមិនប្រណីដៃក្នុងការបាញ់ផ្លោងកំទេចក្រុងនេះស្ទើររាបដល់ដីទៅហើយ។

ការិយាល័យរបស់អភិបាលក្រុងបានប៉ាន់ប្រមាណថា មានមនុស្សយ៉ាងហោច ៥ពាន់នាក់​បានស្លាប់ក្នុងទីក្រុងមួយនេះ​តែឯង​ប៉ុណ្ណោះ ខណៈមនុស្សរាប់ម៉ឺននាក់​ត្រូវបានជាប់គាំង​អស់រយៈពេលជាច្រើនសប្តាហ៍​ជាមួយនឹងអាហារ ទឹក និងការផ្គត់ផ្គង់ផ្សេងទៀតមិនគ្រប់គ្រាន់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កងទ័ពជើងគោកកម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធ Online…

ចំណាយត្រឹមតែ $0.15/កញ្ចប់ សម្រាប់ការ​ដឹកជញ្ជូនទំនិញពីចិនមកកម្ពុជាតាមរយៈ​​ TL Express ​កាន់តែរហ័ស, តម្លៃកាន់តែធូរថ្លៃ !

ព័ត៌មាន
ការ​បញ្ជាទិញ និង​ដឹកជញ្ជូនទំនិញពីប្រទេស​ចិន​ មកកម្ពុជា មិនត្រឹមតែឆាប់រហ័សជាងមុននោះទេ ប៉ុន្តែ​​ការ​ចំណាយ​លើថ្លៃសេវា​រឹតតែតិចជាងមុន​ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ