សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ីផ្លោងមីស៊ីលសម្ដៅកំពង់ផែអូដេសារបស់អ៊ុយក្រែន ខណៈក្រុងកៀវចោទម៉ូស្គូចង់បំផ្លាញកន្លែងស្តុកស្រូវសាលី


កិច្ចព្រមព្រៀងបើកឱ្យនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន ទើបតែចុះហត្ថលេខារួចមិនបានប៉ុន្មានថ្ងៃផង ឥឡូនេះ ភាគីរុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារលើកំពង់ផែ អូដេសា (Odesa) ភាគខាងត្បូងអ៊ុយក្រែនយ៉ាងដំណំកាលពីចុងសប្តាហ៍មុននេះ។ ទីក្រុងកៀវបានចោទប្រកាន់ម៉ូស្គូថា មានចេតនាវាយប្រហារសំដៅកំពង់ផែ អូដេសា ដែលជាទីតាំងស្តុកស្រូវសាលីសំខាន់បំផុតរបស់អ៊ុយក្រែន។
ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលឆេះ ក្នុងកំពង់ផែ អូដេសា ក្រោយរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ទី ២៣ កក្កដា ឆ្នាំ២០២២
ដោយ

ភាគី​អ៊ុយ​ក្រែ​ន​ចាត់​ទុក​ទ​ង្វើ​នេះ​ថា ជា​ការ​ជាន់ឈ្លី លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ និង​ទួ​រ​គី​ដែល​ខំ​សម្របសម្រួល ហើយ​ដែល​វា​បាន​កើតឡើង​នៅ​មួយ​ថ្ងៃក្រោយ រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​បើកផ្លូវ សម្រាប់​ការ​នាំ​ចេញ​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ ក្នុង​នោះ​ក៏​មាន​ដែរ ការ​នាំ​ចេញពី​កំពង់​ផែ​អូ​ដេ​សា​។ ចំណែក​ភាគី​រុ​ស្ស៊ី​បាន​ទាត់​ចោលការ​ចោទប្រកាន់ ដោយ​អះអាង​ថា រឿង​វាយប្រហារ​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ឡើយ​។

កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ដោយ​ទីក្រុង​ម៉ូ​ស្គូ និង​ទីក្រុង​កៀវ បាន​ស្រុះស្រួល​គ្នា ក្រោម​ការ​ជ្រោមជ្រែង​ដោយ​អង្គការសហប្រជាជាតិ និង​ទួ​រ​គី ត្រូវ​បាន​គេ​សាទរ​ថា ជា​ជំហាន​ដ៏​វិជ្ជមាន​មួយ នៅ​ក្នុង​សង្គ្រាម​ដ៏​អូស​បន្លាយ​។ វា​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​កើនឡើង​តម្លៃ​ស្បៀងអាហារ​ពិភពលោក​ដោយ​អនុញ្ញាត​ឱ្យ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ដឹក​ជញ្ជូន​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅ​រួម​ទាំង​កំពង់ ផែ Odesa ផង​ដែរ​។

ប៉ុន្តែ​ជា​រឿង​ដ៏​ហួសចិត្ត និង​នឹក​ស្មាន​មិន​ដល់ កិច្ចព្រមព្រៀង​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន​ស្តី​ពី​ការ​បើក​ច្រក​សម្រាប់​នាំ​ចេញ​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន ចូល​ជា​ធរមាន មិន​បាន​មួយ​ថ្ងៃ​ផង ភាគី​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា បាន​បាញ់​មី​ស៊ី​ល​សំដៅ​កំពង់​ផែ​អូ​ដេ​សា ដែល​ជាទី​តាំង​ស្តុក​ស្រូវ​សាលី​របស់​អ៊ុយ​ក្រែ​ន​។

ការ​ថ្កោលទោស​ចំពោះ​រុ​ស្ស៊ី ដូច​ទឹកបាក់​ទំនប់​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពី​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​អ៊ី​តា​លី​។ កាលពី​ស​ប្តា​ហ៍​មុន ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា គេ​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹង​នៅ​តែ​អាច​ដំណើរការ​បាន ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត ក្រោយ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​។

ចំណែក​ភាគី​រុ​ស្ស៊ី​វិញ មិន​បាន​ទទួលស្គាល់​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ប្រាប់​ទៅ​ប្រទេស​ទួ​រ​គី​ថា រុ​ស្ស៊ី​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​មី​ស៊ី​ល​បំផ្លាញ​កំពង់​ផែ​អូ​ដេ​សា​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការ​វាយប្រហារ​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​មិន​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ធំ​ដំ​ដល់​កំពង់​ផែ​អូ​ដេ​សា​ឡើយ ពោល​គឺ​គ្រាប់​មី​ស៊ី​ល​រុ​ស្ស៊ី​មិន​បាន​បំផ្លាញ ចំ​ទីតាំង​ស្តុក​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន នោះ​ទេ​។ រដ្ឋមន្ត្រីក្រសួង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​លោក អូ​លេ​សាន កូ​ប្រា​កូវ​(Oleksandr Kubrakov) បាន​និយាយ​នៅ​លើ Facebook របស់​លោក​ថា​៖ យើង​នឹង​បន្ត​ត្រៀមលក្ខណៈ​បច្ចេកទេស​នានា សម្រាប់​ការ​ចាប់ផ្តើម​នាំ​ចេញ​ផលិតផល​កសិកម្ម​ពី​កំពង់​ផែ​របស់​យើង​។

សូម​ជម្រាប​ថា បើ​តាម​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​ដោយ​រុ​ស្ស៊ី តួ​គី អ៊ុយ​ក្រែ​ន និង​អង្គការសហប្រជាជាតិ ភាគី​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​អនុ​វត្តបទ​ឈប់​បាញ់ នៅ​សមុទ្រ​ខ្មៅ​ដើម្បី​ធានា​សុវត្ថិភាព សម្រាប់​ការ​ដឹក​ជញ្ជូន​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​ចំនួន ២៥​លាន​តោន​ដែល​នៅ​ជាប់​គាំង ដោយសារ​សង្គ្រាម​រុ​ស្ស៊ី​។

បើ​តាម​លោក​ហ្សេ​ឡេ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អះអាង​ដែរ​ថា ពេល​នេះ អ៊ុយ​ក្រែ​ន នៅ​មាន​ស្បៀងអាហារ​សម្រេច​បញ្ចេញ​លក់​ទៅ​ក្រៅប្រទេស​ក្នុង​តម្លៃ​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ការ​ប្រមូល​ទិន្នផល​ស្បៀងអាហារ​ក៏​បាន​និង​កំពុង​ចាប់ផ្ដើម​ឡើង​ផ​ដែរ​៕




អត្ថបទបន្ទាប់


កម្ពុជារំឭកពលរដ្ឋឲ្យការពារខ្លួន ក្រោយរកឃើញបុរសជនជាតិនីហ្សេរីយ៉ាម្នាក់វិជ្ជមានជំងឺអុតស្វា ឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា បានក្រើនរំឭកដល់ ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន…

ចិនចាក់បញ្ចូលលុយបន្ថែមលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចដែលកំពុងតែកើនយឺត

ព័ត៌មាន
គម្រោងថាមពលកកើតឡើងវិញ បច្ចេកវិទ្យា និងការគ្រប់គ្រងទឹក ត្រូវបានកំណត់ជាវិស័យដែលទទួលផលច្រើនបំផុត ក្នុងគម្រោងវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ