ប្រធានUN ថ្កោលទោសក្រុមហ៊ុនប្រេងនិងឧស្ម័ន

ប្រធានUN ថ្កោលទោសក្រុមហ៊ុនប្រេង និងឧស្ម័នថាមានការលោភលន់ដ៏អាក្រក់ លើប្រាក់ចំណេញ ចំពេលពិភពលោកជួបវិបត្តិថាមពល


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះ «ការលោភលន់ដ៏អាក្រក់» របស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ព្រមទាំងអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនោះ នៅចំពេលពិភពលោកកំពុងប្រឈមនឹងបញ្ហា។ អគ្គលេខាធិការរូបនេះក៏បានជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោក យកពន្ធលើប្រាក់ចំណេញដ៏លើសលប់របស់ក្រុមហ៊ុនទាំងនេះផងដែរ ដើម្បីគាំទ្រដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Aljazeera។
ប្រធានUN ថ្កោលទោសក្រុមហ៊ុនប្រេង និងឧស្ម័នថាមានការលោភលន់ដ៏អាក្រក់ លើប្រាក់ចំណេញ ចំពេលពិភពលោកជួបវិបត្តិថាមពល

លោក Guterres បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះថា វាជារឿងអសីលធម៌សម្រាប់ក្រុមហ៊ុនប្រេង និងឧស្ម័នដែលបានឆ្លៀតឱកាសរកប្រាក់ចំណេញក្នុងអំឡុងពេលមានវិបត្តិថាមពលនេះ ដោយការកេងចំណេញនៅលើខ្នងប្រជាជន និងសហគមន៍ក្រីក្របំផុតស្របពេលមានការចំណាយប្រាក់យ៉ាងច្រើនចំពោះអាកាសធាតុ។

ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចំនួនពីរគឺក្រុមហ៊ុន Exxon Mobil Corp និងក្រុមហ៊ុន Chevron Corp បូករួមទាំងក្រុមហ៊ុន Shell ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំងរកប្រាក់ចំណូលបានសរុបបញ្ចូលគ្នាទៅគឺមានដល់ទៅជិត ៥១ ពាន់លានដុល្លារ ក្នុងត្រីមាសចុងក្រោយនេះ ដែលស្ទើរតែកើនឡើងទ្វេដងនូវប្រាក់ចំណូលដែលក្រុមហ៊ុនទាំងនេះរកបានសម្រាប់រយៈពេលមួយឆ្នាំមុន។

លោក Guterres បានជំរុញឱ្យរដ្ឋាភិបាលទាំងអស់ក្នុងពិភពលោកយកពន្ធលើប្រាក់ចំណេញដ៏ច្រើនលើសលប់ទាំងនេះ ហើយប្រើប្រាស់មូលនិធិទាំងនោះ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតតាមរយៈពេលវេលាដ៏លំបាកសព្វថ្ងៃនេះ។

អគ្គលេខាធិការរូបនេះបាននិយាយទៀតថា ហើយលោកក៏សូមជំរុញឱ្យមនុស្សនៅគ្រប់ទីកន្លែងផ្ញើសារច្បាស់លាស់ទៅកាន់ឧស្សាហកម្មឥន្ធនៈហ្វូស៊ីល និងអ្នកផ្តល់ហិរញ្ញប្បទានរបស់ក្រុមហ៊ុនទាំងនេះថា ការលោភលន់ដ៏អាក្រក់នេះ កំពុងតែដាក់ទណ្ឌកម្មលើប្រជាជនក្រីក្របំផុត និងងាយរងគ្រោះបំផុត។

ក្រុមអ្នកនយោបាយ និងអ្នកតស៊ូមតិអំពីទំនិញប្រើប្រាស់បានរិះគន់ក្រុមហ៊ុនប្រេងចំពោះការកេងចំណេញលើស្ថានភាពខ្វះខាតការផ្គត់ផ្គង់ជាសាកល ដើម្បីបង្កើនប្រាក់ចំណេញ និងជញ្ជក់ឈាមពីអ្នកប្រើប្រាស់។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីខែមិថុនាថា ក្រុមហ៊ុន Exxon និងក្រុមហ៊ុនផ្សេងទៀតកំពុងរកលុយបានច្រើនជាងនរណាៗទាំងអស់ នៅពេលដែលតម្លៃប្រេងឥន្ធនៈសម្រាប់អតិថិជនបានកើនឡើងដល់កម្រិតមួយខ្ពស់បំផុត។

កាលពីខែមុនចក្រភពអង់គ្លេសបានអនុម័តយកពន្ធលើប្រាក់ចំណេញភ្លាមៗចំនួន ២៥ ភាគរយទៅលើក្រុមហ៊ុនផលិតប្រេង និងឧស្ម័ននៅក្នុងតំបន់សមុទ្រខាងជើង (North Sea) ហើយ សមាជិកសភាអាមេរិកបានពិភាក្សាអំពីផែនការស្រដៀងគ្នានេះផងដែរ បើទោះបីជាវាប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងសភាក៏ដោយ។

លោក Guterres បាននិយាយថា សង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការបំផ្លិចបំផ្លាញនៃអាកាសធាតុកំពុងតែបង្កឱ្យមានវិបត្តិអាហារ ថាមពល និងហិរញ្ញវត្ថុសកល។

លោកបានបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលកំពុងផុងជើងជាប់គ្នាក្នុងបំណុលដោយគ្មានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការតស៊ូដើម្បីងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ នោះអាចឈានដល់កម្រិតមួយជិតគ្រោះថ្នាក់ហើយ ហើយអង្គការសហប្រជាជាតិកំពុងឃើញសញ្ញាព្រមានពីរលកនៃភាពចលាចលផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយដែលនឹងធ្វើឱ្យប្រទេសណាមួយមិនអាចគេចផុតបានឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សិក្ខាសិលាអំពីការក្លាយជាសមាជិក វើលដ៍ប៊្រីដ ហូម ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ប្រចាំខែ ចូលរួមដោយមិនគិតថ្លៃ

ព័ត៌មាន
វើលដ៍ប៊្រីដ ហូម បើកសិក្ខាសាលាជ្រើសរើសភ្នាក់ងារលក់ ដែលគ្មានបទពិសោធ ឬមានបទពិសោធ ដើម្បីហ្វឹកហាត់សម្រាប់ក្លាយជាភ្នាក់ងារលក់ ដែលមានវិជ្ជាជីវ…

ប្រទេសបង់ក្លាដែសកំពុងស្វែងរកជំនួយ ២ ពាន់លានដុល្លារពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី

ព័ត៌មាន
រដ្ឋាភិបាលបង់ក្លាដែស ដែលកំពុងស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជួបបញ្ហានោះ បានសរសេរសារផ្ញើទៅកាន់ស្ថាប័នម្ចាស់កម្ចីធំៗទាំងពីររបស់ខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ