វិបត្តិស្បៀងអាហារពិភពលោក

UN ជួបពិភាក្សាក្នុងន័យស្ថាបនាជាមួយរុស្ស៊ី ស្ដីពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ទៅកាន់ពិភពលោក


មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិមួយរូបបានជួបពិភាក្សាក្នុងន័យស្ថាបនា នៅទីក្រុងមូស្គូជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ីគឺលោក អេនដ្រេ បេលូសូវ (Andrei Belousov) ស្តីពីការសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកឡើងវិញ។ នេះបើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិគឺលោក ស្តេហ្វេន ឌូចារីក (Stephane Dujarric) បាននិយាយកាលពីថ្ងៃអង្គារ។
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ពិភាក្សានឹងទីក្រុងមូស្គូស្តីពីការសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកឡើងវិញ

កិច្ច​ពិភាក្សា​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ពិភពលោក​កំពុង​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ពាក់ព័ន្ធ​នឹង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក នៅ​ក្រោយ​ពេល​ដែល​មានការ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន ដ្បិតថា​ការ​នាំ​ចេញ​របស់​រុ​ស្ស៊ី​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង ដោយសារ​តែ​ទណ្ឌកម្ម​នានា​ពី​សំណាក់​លោក​ខាងលិច​។

លោក Dujarric បាន​និយាយ​ថា មន្ត្រី​អង្គការសហប្រជាជាតិ​លោកស្រី រ៉េ​បិ​ក​កា គ្រី​ន​ស្ប៉េ​ន (Rebecca Grynspan) ឥឡូវនេះ​កំពុង​ស្ថិត​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ពិភាក្សា​លើ​បញ្ហា​ដូច​គ្នា "​ជាមួយ​គោលបំណង​សំខាន់​នៃ​ការ​ដោះស្រាយ​អសន្តិសុខ​ស្បៀងអាហារ​ពិភពលោក​ដែល​កំពុង​តែ​កើនឡើង​សព្វ​ថ្ងៃនេះ​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​សហប្រជាជាតិ​គឺ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ត្រៀម​ផ្តល់ "​លិខិត​លួងលោម​" មួយ​ចំនួន​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ធានា​រ៉ាប់រង ដើម្បី​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​កសិកម្ម​របស់​រុ​ស្ស៊ី​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។

លោកស្រី​បាន​កត់​សម្គាល់ថា គ្រាប់​ធញ្ញជាតិ និង​ជី​កសិកម្ម​របស់​រុ​ស្សី​មិន​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក​នោះ​ទេ ប៉ុន្តែ​ថា "​ក្រុមហ៊ុន​មានការ​ភ័យ​ខ្លាច​បន្តិច ហើយ​អា​មេ​រិ​កបាន​រៀបចំ​ផ្តល់​លិខិត​លួងលោម​ដល់​ពួក​គេ ប្រសិនបើ​វា នឹង​ជួយ​លើកទឹកចិត្ត​ដល់​ពួក​គេ​មែន​ក្នុង​ការ​នាំ​ចេញ​ជី​កសិកម្ម​ពី​រុ​ស្ស៊ី​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​កៀវ​កាលពី​ខែ​មុន​នោះ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​មាននូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​"​កិច្ចព្រមព្រៀង​ជា​កញ្ចប់​"​ដើម្បី​បន្ត​ការ​នាំ​ចេញ​ស្បៀងអាហារ​ពី​អ៊ុយ​ក្រែ​ន និង​ការ​នាំ​ចេញ​អាហារ និង​ជី​ពី​រុ​ស្ស៊ី​ឡើង​វិញ​។

សង្គ្រាម​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ឆេះ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ដោយ​ធ្វើ​ឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ឡើងថ្លៃ​ខ្ពស់​ជា​បន្ដបន្ទាប់​។ ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​ក្នុង​ចំនួន​ជិត​មួយ​ភាគ​បី​នៃ​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​ជាស​កល ខណៈ​ដែល​រុ​ស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ជី​កសិកម្ម​ដ៏​សំខាន់​មួយ រីឯ​អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​នាំ​ចេញ​ដ៏​សំខាន់​នូវ​គ្រាប់ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​។

ចាប់តាំងពី​រុ​ស្ស៊ី​បាន​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​មក ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន​បាន​ជាប់​គាំង ហើយ​គ្រាប់​ធញ្ញជាតិ​ជាង ២០​លាន​តោន​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ឃ្លាំង ចំណែក​ទីក្រុង​ម៉ូ​ស្គូ​និយាយ​ថា​ឥទ្ធិពល​ដ៏​ត្រជាក់​នៃ​ទណ្ឌកម្ម​របស់​បស្ចិម​លោក​ដែល​ដាក់​លើ​រុ​ស្ស៊ី​ជុំវិញ​សង្គ្រាម​នេះ​បាន​រំខាន​ដល់​ការ​នាំ​ចេញ​ជី និង​គ្រាប់​ធញ្ញជាតិ​របស់​ខ្លួន​ផង​ដែរ​។

ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ដោយ​គ្មាន​រួញរា ពី​កំពង់​ផែ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ប្រទេស​តួ​ក​គី​។ នេះ​បើ​តាម​ព័ត៌មាន​ពី​កិច្ច​ពិភាក្សា​នៅ​វិមាន​ក្រឹម​ឡាំង​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​លោក តា​យី​ប អេ​ដូ​ហ្កា​ន (Tayyip Erdogan)​។ ប៉ុន្ដែ ខាង​ភាគី​រុ​ស្ស៊ី ក៏​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​លោក​ខាងលិច​ដក​ទណ្ឌកម្ម​របស់​ពូក​គេ​ចេញពី​រុ​ស្ស៊ី​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាកង្វះខាតនៃបន្ទះឈីបសាកលអាចអូសបន្លាយដល់ពេលណា?

ព័ត៌មាន
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បានព្រមានកាលពីថ្ងៃអង្គារ ឧសភាថា បញ្ហាកង្វះខាតជាសកលនៃបន្ទះឈីប (Chip) ទ…

អូស្ត្រាលីស្កាត់ជួបប្រទេសតុងហ្កាភ្លាមៗ ក្រោយប្រទេសកោះមួយនេះចុះកិច្ចព្រមព្រៀងជាមួយចិន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននៅក្នុងប្រទេសកោះតុងហ្កា (Tonga) ស្តីពីកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ