អាមេរិកនិងសម្ព័ន្ធមិត្តរកវិធីថ្មីដាក់សម្ពាធប្រេងរុស្ស៊ី!

អាមេរិក និងសម្ព័ន្ធមិត្តពិភាក្សារកវិធីថ្មីដាក់គំនាបលើប្រាក់ចំណូលប្រេងរុស្ស៊ី


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយប្រទេសកាណាដា និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីរឹតបន្តឹងបន្ថែមទៀត លើប្រាក់ចំណូលដែលបានមកពីការលក់ថាមពលរបស់ទីក្រុងម៉ូស្គូ ដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គ្រោងនឹងដាក់កម្រិតបន្ថែមទៀតលើតម្លៃប្រេងរុស្ស៊ី។
អាមេរិក និងសម្ព័ន្ធមិត្តពិភាក្សារកវិធីថ្មីដាក់គំនាបលើប្រាក់ចំណូលប្រេងរុស្ស៊ី

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​គំនាប​ថ្មី​លើ​ទីក្រុង​ម៉ូ​ស្គូ​នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​បច្ចុប្បន្ន​រុ​ស្ស៊ី​បាន​ឡើង​មក​ឈរ​លើ​កំពូល​តារាង​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ច្រើន​បំផុត​សម្រាប់​ប្រទេស​ចិន និង​បន្ត​រក​ចំណូល​បាន​យ៉ាងច្រើន បើ​ទោះបីជា​ការ​លក់​ស្ថិត​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

លោកស្រី Yellen រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក ប្រាប់​អ្នក​យក​ព័ត៌មាន​អំឡុង​ពេល​ស្ថិត​នៅ​ទីក្រុង Toronto ប្រទេស​កា​ណា​ដា​ថា​៖ អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​កំពុង​រក​វិធី​ទម្លាក់​តម្លៃ​ប្រេង​រុ​ស្ស៊ី បន្ថែម​ពីលើ​ការ​ដាក់​គំនាប​នាំ​ចូល​ប្រេង ដែល​បាន​ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត​។ បន្ថែម​ពី​នេះ អា​មេ​រិ​ក នឹង​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​របស់​រុ​ស្ស៊ី​ធ្លាក់​ចុះ និង​ធ្វើ​ឱ្យ​ចំណូល​របស់​លោកពូ​ទី​ន​ធ្លាក់​ចុះ​ដែរ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​រូប​នេះ​បន្ត​ថា ការ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​រុ​ស្ស៊ី​ធ្លាក់​ចុះ ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ផង​ដែរ ក្នុង​ការ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​កំពុង​ជួប​បញ្ហា​ជាមួយនឹង​ការ​ចំណាយ​ខ្ពស់​លើ​អាហារ និង​ថាមពល និង​ពិសេស​បញ្ហា​ប្រេង​ឡើងថ្លៃ​តែ​ម្តង​។

គួរ​រំឭក​ថា សម្ពាធ​លើ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​បាន​និង​កំពុង​មាន​រួច​ស្រេច​ទៅ​ហើយ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក កា​ណា​ដា អង់គ្លេស និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​សម្រេច​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅ​តែ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី ស្រប​ពេល​ប្រទេស​សមាជិក បាន​ត្រឹម​កាត់​បន្ថយ​ការ​នាំ​ចូល​។

សូម​ជម្រាប​ថា ការ​រិះរក​វិធានការ​ដាក់​សម្ពាធ​ថ្មី​លើ​តម្លៃ​ប្រេង​រុ​ស្ស៊ី​ធ្វើ​ឡើង នៅ​ស្រប​ពេល​ដែល​រុ​ស្ស៊ី នៅ​តែ​អាច​ទាញ​យក​ចំណូល​បាន​ពី​ការ​លក់​ប្រេង​របស់​ខ្លួន​ដដែល ផ្ទុយ​ស្រឡះ​ពី​ការ​ចង់បាន​របស់​លោក​ខាងលិច ដែល​ពួក​គេ​ខំធ្វើការ​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ពី​ទីក្រុង​ម៉ូ​ស្គូ ក្នុង​បំណង​កាត់​ផ្តាច់​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​នេះ​។ ការ​ដែល​រុ​ស្ស៊ី​នៅ​តែ​បន្ត​រក​ចំណូល​បាន​ពី​ការ​លក់​ប្រេង ក៏​ដោយសារ​តែ​បច្ចុប្បន្ន ម៉ូ​ស្គូ​បាន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​សម្រាប់​ប្រទេស​ពីរ​នៅ​អាស៊ី​គឺ ឥណ្ឌា និង​ចិន ខណៈ​ដែល​បច្ចុប្បន្ន​រុ​ស្ស៊ី​ផ្គត់ផ្គង់​ឱ្យ​ចិន​ជាងគេ​បំផុត​។

ជាក់ស្តែង ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ចិន​ពី​រុ​ស្ស៊ី​បាន​កើនឡើង ៥៥% កាលពី​ខែឧសភា​កន្លង​ទៅ​នេះ​។ ការ​នាំ​ចូល​ប្រេង​របស់​ចិន​ពី​រុ​ស្ស៊ី រាប់​បញ្ចូល​ទាំង​ការ​ផ្គត់ផ្គង់​ពី​ទីតាំង​បូម​ប្រេង តាម​បំពង់​បង្ហូរ​ប្រេង​នៅ​តំបន់​ស៊ី​បេ​រី ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងកើត និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ មាន​សរុប​ជិត ៨,៥​លាន​តោន ដែល​មាន​តម្លៃ​ប្រមាណ​ជិត​៦​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​រដ្ឋបាល​គយ​ចិន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មិថុនា​។

ការ​នាំ​ចេញ​នេះ​គឺ​ស្មើនឹង​ជិត ២​លាន​បារ៉ែល​ប្រេង​ក្នុង​មួយ​ថ្ងៃ ដែល​វា​បាន​កើនឡើង​មួយ​ភាគ​បួន​ពី​ជាង ១​លាន​៦​សែន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ កាលពី​ខែមេសា​។ សូម​បញ្ជាក់​ថា ចិន​ជា​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ឆៅ​ធំ​ជាងគេ​បង្អស់​របស់​ពិភពលោក ដោយសារ​តែ​តម្រូវការ​ដ៏​ច្រើន​នៃ​ប្រជាជន និង​ឧស្សាហកម្ម​ទាំងអស់​របស់​ចិន​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យអាកាសចរណ៍កំពុងប្រឈមនឹងវិបត្តិអតិផរណាដែរ ឬយ៉ាងណា?

ព័ត៌មាន
វិស័យអាកាស បានរងទុក្ខខ្លាំងជាងគេនៅជាង២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិកូវីដ១៩ ប៉ុន្ដែ នៅប៉ុន្មានខែចុងក្រោយនេះ វិស័យនេះ ហាក់មានការស្ទុះ…

ការដាក់តាំងបង្ហាញគម្រោងរបស់បុរី មេគង្គលែន និងការផ្តល់ជូនប្រូម៉ូសិនយក្ស នៅផ្សារទំនើប អ៉ីអនម៉ល ជាន់ផ្ទាល់ដី

ព័ត៌មាន
ឱកាសពិសេសបានមកដល់ទៀតហើយ ដោយមានការគាំទ្រនិងការចាប់អារម្មណ៍ ពីសំណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ