ក្នុងគម្របខួបពីរឆ្នាំនៃរដ្ឋប្រហារ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទម្លាក់ទណ្ឌកម្មបន្ថែមលើរបបសឹក!

អាមេរិក និងសម្ព័ន្ធមិត្តបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ា ក្រោយ២ឆ្នាំនៃរដ្ឋប្រហារ និងការបង្ក្រាបដ៏ព្រៃផ្សៃ


សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា ចំពេលរដ្ឋប្រហារដែលដឹកនាំដោយមេរបបយោធាលោក មីន អ៊ុងឡាំង បានឈានដល់ ខួបពីរឆ្នាំគត់ នៃការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងអស្ថិរភាព និងការបង្ហូរឈាម។ ទណ្ឌកម្មថ្មីរបស់លោកខាងលិចគឺនឹងដាក់គោលដៅលើមន្ត្រីក្រសួងថាមពល និងមន្រ្តីយោធាគ្រាក់ៗមួយចំនួនក្នុងរបបយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិក និងសម្ព័ន្ធមិត្តបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ា ក្រោយ២ឆ្នាំនៃរដ្ឋប្រហារ និងការបង្ក្រាបដ៏ព្រៃផ្សៃ

ក្នុងថ្ងៃគម្រប់ពីរឆ្នាំនៃរដ្ឋប្រហារទំលាក់រដ្ឋាភិបាលស៊ីវិលពីអំណាច ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ទណ្ឌកម្មមកលើគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ក្រុមហ៊ុនសហគ្រាសរ៉ែ និងមន្ត្រីនៃក្រសួងថាមពលមួយចំនួនបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលត្រូវបានរាយាការណ៍លម្អិតដំបូងដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បើតាមអ្នកនាំពាក្យរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានកំណត់គោលដៅលើមន្ត្រីនៃសហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា ហៅកាត់ថាMOGE ដែលជាក្រុមហ៊ុនប្រេងរបស់រដ្ឋ គ្រប់គ្រងដោយយោធានាពេលបច្ចុប្បន្ននេះ។ ដោយឡែក ប្រទេសកាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មដាច់ដោយឡែកមួយចំនួនទៀតលើរបបសឹកផងដែរ។

យោងតាមក្រសួងហិរញ្ញវត្ថុបានគូសបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអង្គារ ទី៣១ មករា ទៀតថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏បានកំណត់គោលដៅលើនាយក និងនាយករងដែលគ្រប់គ្រង សហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា (MOGE) នេះផងដែរ។ គួរជម្រាបថា សហគ្រាសប្រេងរបស់រដ្ឋមួយនេះ គឺជាក្រុមហ៊ុនតែមួយគត់ដែលរកប្រាក់ចំណូលបានច្រើនបំផុតរបស់របបសឹក។ កាលពីពេលកន្លងមក ក្រុមអ្នកតស៊ូមតិទាមទារសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើសហគ្រាសផ្ទាល់ MOGE តែម្តង ប៉ុន្តែរហូតមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោននៅតែមិនព្រមធ្វើឡើយ ដោយដាក់ទណ្ឌកម្មបានតែទៅលើមន្ត្រីតែប៉ុណ្ណោះ។

បន្ថែមពីនោះ សហគ្រាសរ៉ែលេខ១និងសហគ្រាសរ៉ែលេខ២ រួមទាំងសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក៏ដូចគណៈកម្មការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាដែលត្រូវបានរៀបរាប់ខាងលើ គឺនឹងត្រូវទទួលទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោន។ លើសពីនោះ រដ្ឋបាលលោក បៃដិន ក៏បានកំណត់គោលដៅលើអតីតមន្ត្រីយោធាមីយ៉ាន់ម៉ាផងដែរ ដោយចោទប្រកាន់កងទ័ពអាកាសថា បានបន្តការវាយប្រហារតាមអាកាសដោយប្រើយន្តហោះដែលផលិតដោយរុស្ស៊ីប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។

យ៉ាងណាមិញ ប្រទេសកាណាដាបានកំណត់គោលដៅបុគ្គលចំនួនប្រាំមួយនាក់ និងហាមឃាត់ការនាំចេញ ការលក់ ការផ្គត់ផ្គង់ ឬការដឹកជញ្ជូនប្រេងឥន្ធនៈសម្រាប់អាកាសចរណ៍។ រីឯ អូស្ត្រាលីបានកំណត់គោលដៅមន្ត្រីសមាជិករបបយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយយោធាផ្សេងទៀត។ មួយវិញទៀត ចក្រភពអង់គ្លេសបានកំណត់គោលដៅលើក្រុមហ៊ុនពីរ និងមនុស្សពីរនាក់ដែលបានជួយផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កម្លាំងទ័ពអាកាសរបស់មីយ៉ាន់ម៉ា ដែលប្រើប្រាស់វាក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងពលរដ្ឋជនស៊ីវិលនោះ។

គួរជម្រាបថា របបយោធាកាលពីថ្ងៃសុក្រសប្តាហ៍មុនបានអនុម័តចេញច្បាប់ថ្មី ស្តីពីការចុះឈ្មោះគណបក្សនយោបាយ ដែលត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យមានការលំបាកខ្លាំងសម្រាប់បក្សប្រឆាំងក្នុងការឈរឈ្មោះចូលរួមប្រកួតប្រជែងជាមួយរបបសឹកនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ។ អ្វីដែលលំបាកនោះគឺថា ច្បាប់ថ្មីនេះបានកំណត់សមាជិកបក្ស ខ្ពស់ជាងការបោះឆ្នោតឆ្នាំ២០២០ ដល់ទៅ១០០ដង ហើយតម្រូវឱ្យមានប្រាក់តម្កល់ទ្វេដងសម្រាប់បក្សនយោបាយផងដែរ៕




អត្ថបទបន្ទាប់


អាជ្ញាធរចិនអះអាងថា ស្ថានភាពឆ្លងរាលដាលកូវីដ១៩នៅក្រោយបុណ្យចូលឆ្នាំចិនមានក្នុងកម្រិតទាប

ព័ត៌មាន
អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិចិន លោក មី ហ្វឹង (Mi Feng) បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃច័ន្ទទី៣០ខែមករាថា ស្ថានភាពជំងឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ