អាមេរិកនឹងចំណាយ៦៦ លានដុល្លារដើម្បីសាងសង់មូលដ្ឋានយោធាថ្មីឱ្យហ្វីលីពីន!

អាមេរិកប្រកាសចំណាយ ៦៦ លានដុល្លារសង់មូលដ្ឋានយោធាថ្មីឱ្យហ្វីលីពីន


ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ទី ១៥ វិច្ឆិកា បាននិយាយថា សម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួនគឺសហរដ្ឋអាមេរិកបានយល់ព្រមចំណាយប្រាក់ចំនួនជាង ៦៦ លានដុល្លារដើម្បីចាប់ផ្តើមសាងសង់កន្លែងហ្វឹកហាត់ និងឃ្លាំងសព្វាវុធនៅមូលដ្ឋានយោធាចំនួនបីរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសន្តិសុខរួមឆ្នាំ២០១៤។
អាមេរិកប្រកាសចំណាយ ៦៦ លានដុល្លារសង់មូលដ្ឋានយោធាថ្មីឱ្យហ្វីលីពីន

ការផ្ដល់ជំនួយសម្រាប់ផ្នែកយោធានេះ ធ្វើឡើងខណៈដែលហ្វីលីពីនកំពុងពិចារណា ឲ្យយោធាអាមេរិក មកតាំងមូលដ្ឋានបន្ថែមទៀតនៅលើទឹកដីរបស់ខ្លួនផងដែរ ចំពេលទំនាក់ទំនងរវាងប្រទេសកោះមួយនេះ ជាមួយនឹងប្រទេសចិនកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង ជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។

ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាងសង់គម្រោងនៅក្នុងតំបន់មូលដ្ឋានយោធាចំនួន ៣ ក្នុងចំណោមទីតាំងចំនួន ៥ របស់ហ្វីលីពីន គឺត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ។

ក្នុងនោះ ក្រសួងការពារជាតិអាមេរិកបានប្តេជ្ញាចិត្តក្នុងការពន្លឿនការអនុវត្តកិច្ចព្រមព្រៀង EDCA នេះដោយបញ្ចប់គម្រោងឱ្យកាន់តែឆាប់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅទីតាំងសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងហ្វីលីពីនដែលមានស្រាប់»។

មែនទែនទៅ ប្រទេសហ្វីលីពីន គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកតាំងពីយូរយារណាស់មកហើយ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា មានសារៈសំខាន់សម្រាប់ភាគីទាំងសងខាង ដោយព្រួយបារម្ភពីឥទ្ធិពលចិនកាន់តែកាន់តែខ្លាំងឡើងក្នុងការក្រសោបយកតំបន់សមុទ្រចិនខាងត្បូង។

ប្រទេសទាំងពីរ អាមេរិក និងហ្វីលីពីន មានសន្ធិសញ្ញាការពារទៅវិញទៅមកដែលមានអាយុកាល៧០ឆ្នាំ។ ក្នុងនោះ យោធាទីក្រុងវ៉ាស៊ីនតោន-ម៉ានីលបានចូលរួមធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នារាប់សិបដងជារៀងរាល់ឆ្នាំ រាប់ចាប់ពីសមយុទ្ធជើងគោល និងការវាយប្រហារតាមអាកាស រហូតដល់បេសកកម្មមនុស្សធម៌ និងសមយុទ្ធប្រឆាំងភេរវកម្មជាដើម។

កាលពីថ្ងៃច័ន្ទនេះដែរ ប្រមុខយោធាហ្វីលីពីន លោក បាតូឡូមេ បាការ៉ូ (Bartolome Bacarro) បាននិយាយថា សហរដ្ឋអាមេរិកបានស្នើឱ្យមានតាំងមូលដ្ឋានយោធាចំនួនប្រាំបន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀង EDCA ប៉ុន្តែវានឹងស្ថិតនៅក្រោមការយល់ព្រមពីក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ហ្វីលីពីននៅទីបំផុត។

ទន្ទឹមនឹងគ្នានេះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅកោះផាឡាវ៉ាន់ (Palawan) របស់ហ្វីលីពីន ដែលស្ថិតនៅមាត់ទ្វារនៃសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះជាមួយប្រទេសចិននោះ។

ដំណើរទស្សនកិច្ចនេះនឹងគ្រោងឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលនឹងធ្វើឱ្យលោកស្រី ហារីស ក្លាយជាមន្ត្រីអាមេរិកលំដាប់ខ្ពស់បំផុតក្នុងការទៅទស្សនាកោះដែលនៅជាប់ទីប្រជុំកោះស្ពាតលី (Spratly) ផងដែរ។

ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះ ប្រទេសចិនបាន និងកំពុងបូមខ្សាច់ពីបាតសមុទ្រ ដើម្បីសាងសង់កំពង់ផែ និងផ្លូវអាកាសនៅលើប្រជុំកោះ Spratlys ដែលផ្នែកខ្លះនៃតំបន់នោះក៏ត្រូវបានមានភាពរកាំរកូស និងទាមទារយប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមផងដែរ។

ជាការពិត ទីក្រុងប៉េកាំងបានក្រសោបយកទឹកដីមួយចំនួននៅក្នុងដែនទឹកបិទនៃកោះ Palawan និងភាគច្រើននៃសមុទ្រចិនខាងត្បូង ដោយសំអាងលើផែនទីប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនៃអាជ្ញាកណ្តាលអន្តរជាតិឆ្នាំ ២០១៦ បាននិយាយថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ដោយឱ្យហ្វីលីពីនឈ្នះក្តី តែទីក្រុងប៉េកាំងក៏មិនបានអនុវត្តតាមការសម្រេចរបស់តុលាការអន្តរជាតិនេះឡើយ។

សមុទ្រចិនខាងត្បូងដែលផ្ទុកដ៏មហាសាលនូវធនធានប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងជាផ្លូវទឹកដ៏សំខាន់ដែលមានការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញប្រមាណ ៥ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវាក៏ជាចំណុចប្រសព្វមួយនៃភាពតានតឹងរបស់ចិន និងសហរដ្ឋអាមេរិកជុំវិញប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរផងដែរ៕




អត្ថបទបន្ទាប់


សមាគមចិញ្ចឹមសត្វស្នើរដ្ឋឲ្យជួយគិតគូរតភ្លើងចូលដល់កន្លែងចិញ្ចឹមសត្វ ដែលនៅឆ្ងាយៗពីផ្លូវធំៗ

ព័ត៌មាន
បញ្ហាអគ្គិសនី គឺជាបញ្ហាថ្លៃដើមមួយ ដែលអ្នកធ្វើកសិកម្ម ពិសេសអ្នកចិញ្ចឹមសត្វជួបប្រទះនឹងការចំណាយខ្ពស់ ដូច្នេះហើយ រាជរដ្ឋាភិបាលបាននិងកំពុងរកវិធ…

តើរុស្ស៊ីពិតជាផ្គើនអន្តរជាតិបាញ់មីស៊ីលដល់ទឹកដីប៉ូឡូញ អំឡុងពេលមានកិច្ចជុំកំពូល G20 នៅកោះបាលី មែន ឬយ៉ាងណា?

ព័ត៌មាន
នៅអំឡុងពេលដែល ប្រទេសសេដ្ឋកិច្ចធំៗទាំង២០ កំពុងជួបប្រជុំគ្នានៅនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនោះ និងជជែកគ្នាពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ