សង្គ្រាមអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់អាមេរិកថា ប្រទេសចិនពិតជាមិនបានផ្តល់ជំនួយគាំទ្រយោធាដល់រុស្ស៊ីមែន ប៉ុន្ដែក្រុមហ៊ុនក្នុងស្រុកចិនបានគាំទ្រ


ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកមិនបានរកឃើញថា ប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្មលោកខាងលិច ឬផ្តល់សម្ភារៈយោធាណាមួយដល់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្ដែ មន្រ្តីអាមេរិករូបនេះបានបញ្ជាក់ថា ទោះបីជាអាមេរិកអនុវត្តការដាក់ក្រុមហ៊ុនចិនគ្រាក់ៗមួយចំនួនចូលបញ្ចីខ្មៅក្នុងពេលថ្មីៗនេះក្តី ពាក់ព័ន្ធនឹងរឿងនេះក្ដី តែទណ្ឌកម្មរបស់អាមេរិក មិនមែនបានសំដៅទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទាល់នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិន បដិសេធថា មិនបានផ្តល់សម្ភារៈយោធាទៅឲ្យរុស្សីទេ!

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបសូមមិនបញ្ជេញឈ្មោះ​បានព្រមានអំពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ ប្រសិនបើ​រដ្ឋាភិបាលចិនលួច​ផ្តល់ជាសម្ភារៈយោធា​សម្រាប់​រុស្សី​ក្នុងការធ្វើសង្គ្រាម​ជាមួយអ៊ុយក្រែនមែន ប៉ុន្ដែ មកដល់ពេលនេះ អាមេរិកមិនទាន់រកឃើញទង្វើគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចណាមួយពីសំណាក់រដ្ឋាភិបាល​ចិន សម្រាប់​ទីក្រុងម៉ូស្គូនៅឡើយទេ។​

មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោកបៃដិនរូបនេះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រ​ទៀតថា៖ «ប្រទេសចិន ពិតជាមិនបានផ្តល់សម្ភារៈយោធាទៅឲ្យរុស្សីមែន។​ ហើយលោកបន្ថែមថា ការដាក់ក្រុមហ៊ុនមួយចំនួនចូលទៅក្នុងបញ្ចីខ្មៅនៅដើមសប្តាហ៍នេះដោយនាយកដ្ឋានពាណិជ្ជកម្មអាមេរិកនោះ គឺចង់ប្រឆាំងនឹងក្រុមហ៊ុនដែលគាំទ្ររុស្សី ដោយក្រុមហ៊ុនទាំងនោះ មានមួយចំនួន​គឺ​នៅក្នុងទឹកដីនៃប្រទេសចិន។​

គួររំលឹកថា ចិន​បាន​បដិសេធ​មិន​ថ្កោលទោស​ទង្វើ​​របស់​រុស្ស៊ី​ក្នុងការឈ្លានពាន​ទៅលើអ៊ុយក្រែន​នាពេលកន្លងទៅ និង​បាន​រិះគន់​ទណ្ឌកម្ម​​លោកខាងលិច​​ទៅ​លើ​ក្រុង​ម៉ូស្គូ​យ៉ាងចាស់ដែផងដែរ។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង​ក៏អះអាងផងដែរថា ខ្លួនមិនដែលបានផ្តល់ជំនួយ​យោធា​ដល់រុស្ស៊ី ឬអ៊ុយក្រែនទេ ហើយចិននឹងចាត់វិធានការ​ចាំបាច់ ដើម្បីការពារសិទ្ធិ​របស់ក្រុមហ៊ុន​ខ្លួន ដែលត្រូវអាមេរិកដាក់ចូល​បញ្ចីខ្មៅផងដែរ។

គួរជម្រាបថា ក្រសួងពាណិជ្ជកម្មអាមេរិកនៅដើមសប្តាហ៍នេះ បានបន្ថែមក្រុមហ៊ុន​ចំនួនប្រាំ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក​បន្ថែមទៀត ដោយបានចោទប្រកាន់ថា បានគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកំពុងជាប់ដៃធ្វើសង្គ្រាមដ៏ក្តៅគគុកជាមួយអ៊ុយក្រែន៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីបើកចំហចំពោះកិច្ចចរចាស្ដីពីអាវុធនុយក្លេអ៊ែរ ប៉ុន្ដែពេលនេះ មិនស្វាគមន៍អាមេរិកឡើយ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូបានបើកទូលាយ សម្រាប់ការសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ