អាមេរិក-ចិន-កម្ពុជា

តាមរយៈ​ហ្វេកប៊ុក អាមេរិក​និង​ចិន​ប៉ះ​ទង្គិច​គ្នា​ពី​រឿង​កម្ពុជា


តាមរយៈ​បណ្តាញ​សង្គម​ហ្វេកប៊ុក ស្ថានទូត​អាមេរិក​និង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​សប្តាហ៍​នេះ បាន​​ប៉ះ​ទង្គិច​គ្នា​ជា​បន្ត ពី​រឿង​កម្ពុជា លើ​ប្រធាន​បទ​ឱនភាព​ពាណិជ្ជកម្ម រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ប៉េកាំង ដែល​នេះ​ជា​ជម្លោះ​បែប​ថ្មី​មួយ មិន​ធ្លាប់​មាន​ពីមុន​មក។
ចិន និងអាមេរិក កំពុងសម្ញែងឫទ្ធិដាក់គ្នា ក្នុងសមរភូមិពាណិជ្ជកម្ម
ដោយ

នៅ​កម្ពុជា ហ្វេសប៊ុក បាន​ក្លាយ​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ទទួល​និង​ចែកចាយ​ព័ត៌មាន​យ៉ាង​ទូលំ​ទូលាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មនុស្ស​រាប់​លាន​នាក់​​​ប្រើ​ហ្វេសប៊ុក​ដើម្បី​ជា​ប្រភព​ព័ត៌មាន ជា​ពិសេស មនុស្ស​ក្មេងៗ។

នៅថ្ងៃ​ទី​១៩ខែ​មេសា ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បាន​បង្ហោះ​ឡើង​វិញ​នូវ​ទិន្នន័យ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា​-ចិន និង​ទិន្នន័យ​ពាណិជ្ជកម្ម​ទ្វេ​ភាគី កម្ពុជា​-អាមេរិក សម្រាប់​ឆ្នាំ​២០១៧ ដែល​បាន​បង្ហាញ​ឱន​ភាព​ពាណិជ្ជកម្ម​ខ្លាំង​រវាង​កម្ពុជា និង​ចិន។

យោងតាម​ទិន្នន័យ​នោះ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ចិន​ដែល​មាន​តម្លៃ​សរុប ៥.២៨៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ខណៈ​ដែល​កម្ពុជា​នាំចេញ​ទៅ​ចិន​មាន​តម្លៃ​តែ ៧៥៣​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ចំណែកឯ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាមួយ​អាមេរិក​វិញ តួលេខ​បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ទំនិញ​ចេញ​ទៅ​អាមេរិក​មាន​តម្លៃ ៣.០៦៦​លាន​ដុល្លារ ខណៈ​ដែល​ខ្លួន​នាំចូល​ពី​អាមេរិក​វិញ​តែ ៤០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ស្ថានទូត​អាមេរិក​បាន​និយាយ​​នៅលើ​ហ្វេសប៊ុក យ៉ាង​ដូច្នេះ​ថា ៖ «ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​ គឺ​ជា​ទំនិញ​នាំចូល​មក​ពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម ដូច​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ។»

ស្ថានទូត​អាមេរិក​បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​ងាក​ចេញ​ពី​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព​និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែល​មាន​ការ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន។

ជាកាយវិការ​ដ៏​កម្រ ស្ថានទូត​ចិន​នៅ​កម្ពុជា​បាន​ឆ្លើយ​តប​វិញ នៅ​ថ្ងៃ​សៅរ៍​ (២០ មេសា) នេះ តាម​ហ្វេសប៊ុក​ ថា ឱនភាព​ពាណិជ្ជកម្ម​ជា​រឿង​ធម្មតា​ទេ ដែល​តែងតែ​មាន​ហួស​ពី​កម្រិត​ទ្វេភាគី ហើយ​បាន​ប្រាប់​ឲ្យ​កម្ពុជា​ប្រុង​ប្រយ័ត្ន​ដោយ​ចោទ​អាមេរិក​ថា «បង្ក​បញ្ហា»។

ស្ថានទូត​ចិន​បាន​ទទួល​ស្គាល់​ការពិត​ផង​ដែរ ដែល​ថា កម្ពុជា​បាន​នាំចូល​នូវ​វត្ថុ​ធាតុដើម​វាយនភណ្ឌ​និង​គ្រឿង​ម៉ាស៊ីន​វាយនភណ្ឌ​យ៉ាង​ច្រើន​ពី​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មុន​នឹង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​អាមេរិក​និង​សហភាព​អឺរ៉ុប ផងដែរ។

ស្ថានទូត​ចិន​បាន​និយាយ​ដូច្នេះ​ថា ៖ «ក្រៅពីនេះ ទំនាក់​ទំនង​រវាង​រដ្ឋ​និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ​ដើម្បី​ពាណិជ្ជកម្ម​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន ៣១​ខ្សែ និង​ស្ពាន​ចំនួន ៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង ៣.០០០​គីឡូម៉ែត្រ។»

ស្ថានទូត​ចិន​បាន​បន្ត​ថា «ចុះ​តើ​សហរដ្ឋ​អាមេរិក​វិញ ធ្លាប់​បាន​ជួយ​ធ្វើ​អ្វី​ខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​មួយ​នេះ? ចិន​បាន​ជួយ​កសាង​ស្ថានីយ​វារី​អគ្គិសនី​ទាំង​អស់​នៅ​កម្ពុជា (ស្មើនឹង ៨០% នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែល​មាន​ដំណើរការ​នៅ​កម្ពុជា)។ ចុះ​តើ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​អ្វី​ខ្លះ​ដែរ?»

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ ក៏​បាន​បញ្ចេញ​យោបល់​របស់​លោក​ផង​ដែរ អំពី​ការ​ប៉ះគ្នា​នេះ​តាម​រយៈ​ហ្វេសប៊ុក​រវាង​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ។

លោក ខៀវ កាញារីទ្ធ បាន​និយាយ​ដូច្នេះ​ថា «ប្រហែល​មាន​តែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែង​បន្លំ (fake news) វាយ​ប្រហារ​ប្រទេស​ម្ចាស់​ផ្ទះ​ផង វាយ​ប្រហារ​ប្រទេស​មួយ​ទៀត​ដែល​ខ្លួន​មាន​ទំនាក់​ទំនង​ស្ថានទូត​ជាមួយ​ផង។»

លោក​បន្ត​ថា «អ្នក«វិភាគ»​នៅ​ទី​នេះ ខំ​បង្ហាញ​ថា គឺ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ តែ​គេ«ភ្លេច»​បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ផង​ដែរ នោះ​គឺ​ទំហំ​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ តើ​មាន​ប៉ុន្មាន? យើង​មាន​តែចង់​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស ជាមួយ​សហរដ្ឋ​អាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់​ទំនង​នេះ ព្រោះតែ​អគតិ​របស់​ខ្លួន​ទៅ​វិញ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោង​ធ្វើ​ផ្លូវ​ដោយ​ប្រើ​សំណល់​ផ្លាស្ទិក​កែច្នៃ​ជាលើកដំបូង​

ព័ត៌មាន
ទីក្រុង​ ហៃផុង (Hai Phong) ភាគខាងជើង​ប្រទេស​វៀតណាម មាន​គម្រោង​ប្រើប្រាស់​សំណល់​ផ្លាស្ទិក​ដែល​ច្នៃ​ឡើងវិញ ដើម្បី​កសាង​ជា​ផ្លូវ​ជាប់​បាន…

កាសែតចិន៖ ទេសចរចិនឈ្នះ ខណៈពលរដ្ឋ​ខ្មែរ​ក្រីក្រចាញ់ នៅ​ក្នុងគម្រោងអភិវឌ្ឍន៍អគារប៊ុលឌីង (អគារស)

ព័ត៌មាន
កាសែតហុងកុង ដែលមានមហាសេដ្ឋីជេកម៉ា ជាម្ចាស់ភាគហ៊ុនធំបានសរសេរព័ត៌មានលំអិតមួយ ដែលនិយាយពីគម្រោងអភិវឌ្ឍន៍ដីតំបន់ប៊ុលឌីង ឬអគារសទៅជាកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ