អាមេរិកនឹងដាក់សម្ពាធលើកូរ៉េខាងជើង ស្របពេលប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន

អាមេរិកបន្តដាក់សម្ពាធលើកូរ៉េខាងជើង ស្របពេលដែលទីក្រុងសេអ៊ូលជំរុញឲ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាតូនី ប្លីនខេន (Antony Blinken) បានបញ្ជាក់នៅថ្ងៃទី ១៣មិថុនា សហរដ្ឋអាមេរិកនឹងរក្សាការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាងផ្លាស់ប្តូរផ្លូវដើររបស់ខ្លួន។ រីឯ សមភាគីកូរ៉េខាងត្បូងវិញ បានជំរុញឱ្យប្រទេសចិនប្រើឥទ្ធិពលរបស់ខ្លួននិយាយបញ្ចុះបញ្ចូលកូរ៉េខាងជើង កុំឱ្យបន្តការសាកល្បងនុយក្លេអ៊ែរតទៅទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិកបន្តដាក់សម្ពាធលើកូរ៉េខាងជើង ស្របពេលដែលទីក្រុងសេអ៊ូលជំរុញឲ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង

លោក Blinken បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង​លោក ផាក ជី​ន (Park Jin) ថា សហរដ្ឋអាមេរិក​នៅ​តែ​បើកចំហរ​កិច្ច​សន្ទនា​ជាមួយ​កូរ៉េ​ខាងជើង ប៉ុន្តែ​ទីក្រុង​ព្យុ​ង​យ៉ាង​ខ្លួនឯង​ទេ ដែល​មិន​បាន​អើពើ​នឹង​ការ​អំពាវនាវ​នេះ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល ហើយ​បាន​រៀបចំ​ការ​ត្រៀមលក្ខណៈ​ដើម្បី​បន្ត​ការ​សាកល្បង​នុយក្លេអ៊ែរ​ឡើង​វិញ​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ ២០១៧ មក ។

លោក Blinken បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ទៀត​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម ក៏​ដូច​ជា​បន្ត​ដាក់​សម្ពាធ​នានា​ទៅ​លើ​កូរ៉េ​ខាងជើង "​រហូត​ដល់​របប​ផ្តាច់​ការ​ទីក្រុង​ព្យុ​ង​យ៉ាងនេះ​ផ្លាស់​ប្តូរ​មាគ៌ា​នយោបាយ​របស់​ខ្លួន​" ។

ជាមួយ​គ្នា​នេះ លោក ផាក ជី​ន (Park Jin) ដែល​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា ការ​បង្កហេតុ​ណាមួយ​ដោយ​កូរ៉េ​ខាងជើង រួម​ទាំង​ការ​សាកល្បង​នុយក្លេអ៊ែរ នឹង​ត្រូវ​បាន​ឆ្លើយ​តប​ភ្លាម​ៗ និង​ខ្លាំងក្លា​ត្រលប់​ទៅ​វិញ ហើយ​លោក​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​កូរ៉េ​ខាងជើង ដើម្បី​ឲ្យ​បញ្ឈប់​ការ​ធ្វើតេស្ដ​អាវុធ​ប្រល័យ​លោក​ផង​ដែរ​។

លោក Park បាន​សង្កត់ធ្ងន់​ថា កូរ៉េ​ខាងជើង​កំពុង​ដើរ​ដល់​ផ្លូវបំបែក​មួយ ដោយនៅ​បន្ត​ចង់​សាកល្បង​នុយក្លេអ៊ែរ ហើយ​ប្រទេស​នេះ​នឹង​ឯកោ​ទៅ​ៗ​ពី​ពិភពលោក​។ បើ​ទោះបីជា ស្នើ​ឲ្យ​ចិន​ជួយ​និយាយ​បញ្ចុះបញ្ចូល​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ក្ដី ប៉ុន្ដែ លោក Park ហាក់​គ្មាន​ជំនឿ​ថា ប្រទេស​ចិន​នឹង​ដើរតួ​នាទី​ជា​វិជ្ជមាន​ខ្លាំង​ណាស់ណា​ទេ ក្នុង​ការ​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង​ឲ្យ​រ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទាំង​ពីរ​នេះ លោក Park និង Blinken បាន​យល់ព្រម​គ្នា​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដែល​ជា​ស្ថាប័ន​គោលនយោបាយ​ដើម្បី​ដោះស្រាយ និង​ត្រួតពិនិត្យ​មើល​ឡើង​វិញ​ក្រោម​ឆ័​ត្រ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក ដែល​ការពារ​កូរ៉េ​ខាងត្បូង​កន្លង​មក​។

លោក Park បាន​បន្ត​ថា ស្ថាប័ន​នេះ​នឹង​ដោះស្រាយ​លើ​ការ​ដាក់​ពង្រាយ​យោធា​យុទ្ធសាស្ត្រ​ពិសេស​នៅ​ពេល​ចាំបាច់​ណាមួយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។ ហើយ​លោក Blinken ក៏​បាន​បញ្ជាក់​ដែរ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​មួយ​ចំនួន​របស់​ចិន និង​រុ​ស្ស៊ី ដែល​ជួយ​គាំទ្រ​ដល់​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ថែម​ទៀត​ផង​។

យ៉ាងណាមិញ ប្រេសិត​តំណាង​ប្រទេស​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ស​ប្តា​ហ៍​មុន​ថា ទីក្រុង​ប៉េ​កាំ​ង​មិន​ចង់​ឃើញ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​មួយ​ផ្សេង​ទៀត​នោះ​ទេ ហើយ​នេះ​វា​ក៏​ជា​មូលហេតុ​មួយ​ផ្នែក​ដែល​ខ្លួន​បាន​វេតូ​ជំទាស់​នឹង​សហរដ្ឋអាមេរិក​ក្នុង​ការ​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ទីក្រុង​ព្យុ​ង​យ៉ាង​។

មែនទែន​ទៅ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន និង​រុ​ស្ស៊ី​បាន​នឹង​កំពុង​ជំរុញ​ឱ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាងជើង ក្រោម​ហេតុផល​មនុស្សធម៌ ហើយដោយ​សង្ឃឹមថា វា​អាច​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឱ្យ​កូរ៉េ​ខាងជើង​ត្រលប់​ទៅ​រក​កិច្ចចរចារ​ឡើង​វិញ​បាន​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្រេចកំពតប្រមូលផលបានជាង៥០%ហើយ ខណៈឆ្នាំនេះមិនព្រួយបារម្ភពីទីផ្សារនាំចេញនោះទេ

ព័ត៌មាន
ប្រធានសមាគមម្រេចកំពត បានអះអាងថា ម្រេចកំពតឆ្នាំនេះ មិនមានការព្រួយបារម្ភអំពីបញ្ហាទីផ្សារនាំចេញនោះទេ ដោយសារតែការបញ្ជាទិញពីក្រុមហ៊ុនបរទេសម…

ការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung នៅចិនរងការរំខានពីការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង

ព័ត៌មាន
ការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd នៅក្នុងប្រទេសចិនប្រឈមនឹងការរំខានពីការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ