អាមេរិកបង្កើនការដាក់សម្ពាធលើអង្គការ OPEC+

អាមេរិកជំរុញបង្កើតច្បាប់ដាក់សម្ពាធលើអង្គការ OPEC+ ក្រោយកាត់បន្ថយផលិតកម្មប្រេងជិត២លានបារ៉ែលក្នុងមួយថ្ងៃ


សមាជិកព្រឹទ្ធសភាកំពូលរបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា បានផ្តល់គាំទ្រក្នុងការចេញច្បាប់ដើម្បីដាក់សម្ពាធលើអង្គការ OPEC+ បន្ទាប់ពីអង្គការផលិតប្រេងដ៏ធំរបស់ពិភពលោកមួយនេះ បានប្រកាសកាត់បន្ថយផលិតកម្មប្រេងយ៉ាងច្រើន ទោះបីជាមានការបញ្ចុះបញ្ចូលសុំពីសំណាក់រដ្ឋបាលលោកចូ បៃដិនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិកបង្កើនការដាក់សម្ពាធលើអង្គការ OPEC+ !

ក្រោយពីខកចិត្ត​ខ្លាំងចំពោះអង្គការ OPEC+ ជុំវិញការកាត់បន្ថយផលិតកម្មប្រេង​ដ៏សន្ធឹកសន្ធឹករបស់ខ្លួននោះ សហរដ្ឋអាមេរិក​កំពុង​ជំរុញបង្កើតច្បាប់ថ្មីដើម្បីដាក់សម្ពាធលើ​អង្គការប្រទេស​ផលិត និងនាំចេញប្រេង​របស់ពិភពលោកមួយនេះ។

ការចេញច្បាប់ដោយឲ្យឈ្មោះថា «គ្មានក្រុមផលិត និងនាំចេញប្រេង» (NOPEC) កំពុងទទួល​បាន​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ​បន្ទាប់​ពីអង្គការផលិតប្រេង OPEC+ ដែល​ដឹកមុខដោយប្រទេសអារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី បាន​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃទី ៥ខែតុលាថា​ នឹង​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ចំនួន ២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បើទោះបីជាការផ្គត់ផ្គង់ប្រេងពិភពលោក​កំពុងជួបបញ្ហា និងភាពតានតឹង​ ដែលបង្ក​ដោយសង្គ្រាមឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនយ៉ាងណាក្ដី។

មេដឹកនាំសម្លេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បាននិយាយថា «អ្វីដែលអារ៉ាប៊ីសាអូឌីតបានធ្វើដើម្បីជួយលោក ពូទីន​ ក្នុងការបន្តធ្វើសង្រ្គាមដ៏សាហាវឃោរឃៅប្រឆាំងនឹងអ៊ុយក្រែន នឹងត្រូវបានចងចាំទុក​ដោយជនជាតិអាមេរិក ហើយយើងកំពុងសម្លឹង​មើល​នីតិវិធីច្បាប់ទាំងអស់ដើម្បីឆ្លើយតប​នឹងទង្វើមិនគួរឲ្យកើតមាននេះ រួមទាំងច្បាប់ (NOPEC) ផងដែរ។

ក្នុងនោះដែរ ព្រឹទ្ធសមាជិកម្នាក់ទៀត លោក Chuck Grassley មកពីគណបក្សសាធារណរដ្ឋដែលគាំទ្រច្បាប់ NOPEC បាននិយាយដែរថា លោកមានបំណងភ្ជាប់វិធានការនេះ​ជាវិសោធនកម្ម «ច្បាប់អនុញ្ញាត​ការពារផលប្រយោជន៍ជាតិ»​ នាពេលខាងមុខផងដែរ។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា សហរដ្ឋអាមេរិក​កំពុងពិនិត្យមើលឡើងវិញ​ចំពោះ​ជម្រើសផ្សេងៗទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីទីក្រុងរីយ៉ាដ និងប្រទេសនៃអង្គការ OPEC+ ផ្សេងទៀតបានយល់ព្រមក្នុងសប្តាហ៍កាត់បន្ថយផលិតកម្មប្រេងដ៏សម្បើមរបស់ខ្លួននោះ។ ទោះយ៉ាងណា លោក Blinken មិន​បាន​បញ្ជាក់លម្អិត​ពី​ជំហាន​ណា ​ដែល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណានោះទេ។

គណបក្សប្រជាធិបតេយ្យនៅក្នុងសភាអាមេរិក បានអំពាវនាវកាលពីថ្ងៃទី ៦ ខែតុលា ឱ្យកាត់បន្ថយការលក់អាវុធទៅឱ្យអារ៉ាប៊ីសាអូឌីតផងដែរ។ ចំណែកឯ សមាជិកសភា​មួយចំនួនផ្សេងទៀត ក៏កំពុងចោទសួរ​ពីទំនាក់ទំនង​សន្តិសុខរវាងទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងរីយ៉ាដ ដោយមានការខឹងសម្បារ​ចំពោះការស្លាប់ជនស៊ីវិលនៅក្នុងប្រតិបត្តិការយោធា ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន ក៏ដូចជា​ការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរជាដើម។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន មានការព្រួយបារម្ភថា ការថយចុះទិន្នផលប្រេងអាចជំរុញឱ្យតម្លៃសាំងឡើងថ្លៃ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៨ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក នៅពេលដែលគណបក្សប្រជាធិបតេយ្យនឹងត្រូវរក្សាការគាំទ្រ​ ​នៅក្នុង​សភាទាំងពីររបស់ខ្លួន៕




អត្ថបទបន្ទាប់


មន្ត្រីរុស្សីក្នុងតំបន់បំបែកខ្លួនអ៊ុយក្រែន ប្រាប់ឲ្យរដ្ឋមន្ត្រីការពាររុស្សីធ្វើអត្តឃាត ក្រោយបរាជ័យម្តងហើយម្តងទៀត

ព័ត៌មាន
មន្ត្រីក្នុងតំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី៦ តុលា បានស្នើឲ្យរដ្ឋមន្ត្រីការពារជាតិរុស្សី និងជាមនុស្សជំនិតលោក ពូទីន គួ…

ក្រុមហ៊ុនបច្ចេកវិទ្យាឈីបកូរ៉េខាងត្បូងធំៗ២ នឹងរួចផុតចេញពីបញ្ជីរឹតត្បិតរបស់អាមេរិកចំពោះការនាំចេញទៅកាន់ប្រទេសចិន

ព័ត៌មាន
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹងគិតគូរជាថ្មីដើម្បីជួយសង្គ្រោះក្រុមហ៊ុនកូរ៉េខាងត្បូងធំៗចំនួនពីរ ខណៈដែលអាមេរិក នឹងដាក់ចេញជាផ្លូវការក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ