សេដ្ឋកិច្ចរបស់អាមេរិក

សេដ្ឋកិច្ចរបស់អាមេរិកត្រូវបានព្យាករថា នឹងអាចមានស្ថានភាពកាន់តែអាប់អួជាងមុន


ធនាគារកណ្តាលសហរដ្ឋអាមេរិកបានចេញរបាយការណ៍អង្កេតថ្មីមួយដោយព្រមានថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចនិងយោធាទី១នៅលើលោកនឹងមានសភាពអាក្រក់ជាងមុន ដោយសារតែកំណើនការងារថយចុះ។ ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នករៀបចំគោលនយោបាយរបស់ធនាគារកណ្តាលគ្រោងនឹងជួបគ្នានៅថ្ងៃទី ១៣ និងទី ១៤ ខែមិថុនា ខាងមុខ ដើម្បីរិះរកវិធានការជំរុញសេដ្ឋកិច្ច។
សេដ្ឋកិច្ចរបស់អាមេរិកត្រូវបានព្យាករថា នឹងអាចមានស្ថានភាពកាន់តែអាប់អួជាងមុន

របាយការណ៍ថ្មីមួយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ឧសភា បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហាក់ដូចជាជាប់គាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទាំងកំណើនការងារ ទាំងអតិផរណា មានការថមថយ រីឯស្ថានភាពអាជីវកម្មក្នុងរយៈពេលខ្លី មើលទៅដូចជាអាក្រក់ជាងពេលមុន។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។

ធនាគារកណ្តាលអាមេរិកបាននិយាយនៅក្នុងសៀវភៅ បេស្ស ប៊ុក (Beige Book) ដែលជាសេចក្ដីសង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចចុងក្រោយបំផុតក្រោយពីការស្ទង់មតិនៅក្នុងខែឧសភាថា "ការរំពឹងទុកសម្រាប់កំណើននាពេលអនាគតបានប្រែជាអាក្រក់បន្តិច បើទោះបីជាអ្នកឆ្លើយសំណួរនៅតែរំពឹងថានឹងមានការកើនឡើងនៃសកម្មភាពអាជីវកម្មក៏ដោយ" ។

របាយការណ៍នេះបាននិយាយថា លទ្ធផលពីការអង្កេតដែលគេបានធ្វើនៅ ១២ តំបន់ កាលពីថ្ងៃទី ២២ ខែឧសភា បានបង្ហាញថា ទីផ្សារការងារនៅតំបន់ខ្លះនៅតែមានសភាពរឹងមាំ តែរាងថមថយបន្តិច នៅពេលដែលមានរបាយការណ៍ស្ដីពីផ្អាកការជ្រើសរើសបុគ្គលិកឬការកាត់បន្ថយចំនួនបុគ្គលិកដោយសារតម្រូវការទីផ្សារខ្សោយ ឬដោយសារភាពមិនច្បាស់លាស់កាន់តែខ្លាំងនៃសេដ្ឋកិច្ច។

ទន្ទឹមនឹងនោះ តំបន់មួយចំនួនក៏បានរាយការណ៍ថាល្បឿននៃអតិផរណាបានថមថយ រីឯតម្លៃកើនឡើង"ក្នុងកម្រិតមធ្យម" រីឯតំបន់មួយចំនួនទៀតរំពឹងថា តម្លៃនៃទំនិញអាចនឹងឡើងតាមសភាពស្រដៀងគ្នានេះនៅប៉ុន្មានខែខាងមុខ។

អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលកាលពីដើមខែឧសភា បានសម្រេចបង្កើនអត្រាការប្រាក់គោលរយៈពេលខ្លីជាលើកទី១០ជាប់ៗគ្នា ដែលនាំឲ្យអត្រាការប្រាក់ស្ថិតនៅចន្លោះ ៥% និង ៥,២៥%។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអះអាងថា ការសម្រេចពេលនោះអាចជាការតម្លើងចុងក្រោយ បន្ទាប់ពីតម្លើងជាបន្តបន្ទាប់តាំងពីខែមីនាឆ្នាំមុន។

ចាប់តាំងពីកិច្ចប្រជុំដើមខែឧសភាមក ទិន្នន័យសេដ្ឋកិច្ចជាទូទៅមានស្ថានភាពល្អជាងការរំពឹងទុក ជាមួយនឹងអត្រាគ្មានការងារធ្វើនៅកម្រិត ៣,៤ ភាគរយ ដែលជាកម្រិតទាបប្រចាំទសវត្សរ៍ រីឯអត្រាអតិផរណាគឺស្ថិតនៅ ៤,៤ ភាគរយ ដែលខ្ពស់ជាងអត្រាគោលដៅរបស់ធនាគារកណ្ដាលចំនួនពីរដង។

ប៉ុន្តែក្រោយមក អ្នកបង្កើតគោលនយោបាយនៅធនាគារកណ្តាលជាច្រើននាក់បានផ្តល់សញ្ញាថា ពួកគេអាចរង់ចាំមើលច្រើនជាង មុនពេលសម្រេចរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុបន្ថែមទៀត។ ខណៈពេលដែលអតិផរណានៅតែខ្ពស់ពេកដូច្នេះ ពួកគេនិយាយថា ផលប៉ះពាល់ពេញលេញនៃការដំឡើងអត្រាការប្រាក់នៅតែកំពុងជះឥទ្ធិពលលើប្រព័ន្ធសេដ្ឋកិច្ចរហូតមកដល់ពេលនេះ។ អ្នកបង្កើតគោលនយោបាយនឹងបន្តពិនិត្យសូចនាករសេដ្ឋកិច្ចសហរដ្ឋអាមេរិកបន្ថែមទៀត ជាពិសេសរបាយការណ៍ទីផ្សារការងារប្រចាំខែរបស់រដ្ឋាភិបាលសម្រាប់ខែឧសភា និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ មុនពេលពួកគេជួបប្រជុំគ្នានៅថ្ងៃទី ១៣ និងទី ១៤ ខែមិថុនា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញថា អាស៊ានងាកទៅរកកូរ៉េខាងត្បូងឱ្យជួយផ្គត់ផ្គង់អាវុធទំនើបៗក្នុងតម្លៃសមរម្យ

ព័ត៌មាន
ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងត្បូងកំពុងក្លាយជាអ្នកផ្គត់ផ្គង់សព្វាវុធថ្មីសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បន្ទាប់ពីការទិញនាពេលថ្ម…

តើហេតុអ្វីបានជាប្រេសិតពិសេស UN ប្រចាំនៅមីយ៉ាន់ម៉ា នឹងត្រូវចុះចេញពីតំណែង?

ព័ត៌មាន
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធ ទី ៣១ ខែឧសភាថា បេសកជនពិសេស UN ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា នឹងត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ