ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោល០,៧៥%បន្ថែមទៀត!

ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោល ០,៧៥%បន្ថែមទៀត ប៉ុន្ដែការដំឡើងលើកក្រោយអាចទាបជាងមុន


ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី០២វិច្ឆិកា បានប្រកាសដំឡើងអត្រាការប្រាក់គោលជាថ្មីម្តងទៀត ក្នុងអត្រា០,៧៥% ដោយបានគូសបង្ហាញថា នេះជាវិធីសាស្ត្រល្អតែមួយគត់ ដែលគេអាចទប់ទល់នឹងអតិផរណាបាន គ្រាន់តែវាប៉ះពាល់បន្តិចសម្រាប់អ្នកខ្ចីប្រាក់ ដោយគេត្រូវបង់អត្រាការប្រាក់កាន់តែខ្ពស់ជាងមុន។
ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោល ០,៧៥%បន្ថែមទៀត ប៉ុន្ដែការដំឡើងលើកក្រោយអាចទាបជាងមុន

ទោះយ៉ាងណា ធនាគារកណ្តាលអាមេរិក បានបង្ហើបថា ទោះបីជានឹងមានការដំឡើងអត្រា​ការប្រាក់​លើកក្រោយទៀតក្ដី ក៏វានឹងស្ថិតក្នុងចំនួនតិចតួចជាងការដំឡើងកន្លងមកដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើ​ន។

ប្រធានធនាគារកណ្តាលអាមេរិកលោក Fed Jerome Powell បាននិយាយនៅក្នុង​សន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់កិច្ច​ប្រជុំគោលនយោបាយ​ចុងក្រោយ​របស់​ធនាគារកណ្តាលថា លោកចង់បកស្រាយ ដើម្បីកុំឱ្យមានការភាន់ច្រលំ​លើការដំឡើង​អត្រាការប្រាក់​លើកនេះ ហើយលោកបានបញ្ជាក់ផងដែរ អំពី​លទ្ធភាព​ដែលថា លើកក្រោយ​ការដំឡើងអត្រាការប្រាក់​អាចនឹងមានក្នុងកម្រិតទាបជាងនេះ។

ក្នុងន័យនេះ ទោះបីជាអ្នកបង្កើតគោលនយោបាយ អាចដំឡើងការប្រាក់ក្នុងអត្រាទាប​ក៏ពិតមែន តែមិនមែនមានន័យថា គេនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ឡើយ។ អត្រាការប្រាក់នឹងនៅតែត្រូវដំឡើងដដែល ដើម្បីទប់ស្កាត់អតិផរណា គ្រាន់តែថា ដំឡើងតិចឬច្រើន ហើយវិធានការនេះនឹងបន្តរហូតដល់អតិផរណា​ត្រូវគេមើលឃើញថាធ្លាក់ចុះ​មកវិញ។

ក្រោយការប្រកាសដំឡើងអត្រាការប្រាក់គោល​នៅអាមេរិកកាលពីថ្ងៃទី២វិច្ឆិកា សន្ទស្សន៍ភាគហ៊ុនសំខាន់ៗ​របស់​សហរដ្ឋអាមេរិក​បានហក់ឡើងខ្ពស់។ ប្រការនេះបានធ្វើឱ្យ​សេដ្ឋកិច្ចអាមេរិក ដែលកំពុងប្រឈមនឹ​ងហានិភ័យ មានក្តីសង្ឃឹមឡើងវិញបន្តិច និងក៏ដូចជាជំរុញ​ឱ្យមានការកើនឡើង​អត្រាការប្រាក់បន្ថែមទៀត ព្រោះគេបានមើលឃើញថា វាជាវិធានការណ៍ដែលមានប្រសិទ្ធិភាព។

ប៉ុន្តែក្រោយការចេញមកថ្លែងរបស់ប្រធាន​ធនាគារកណ្តាលអាមេរិក ថាការដំឡើងអត្រាការប្រាក់លើកក្រោយអាចនឹងមានទាបជាងការដំឡើងមុនៗនោះ ស្រាប់តែសន្ទស្សន៍ភាគហ៊ុនសំខាន់ៗទាំងនោះធ្លាក់ចុះវិញស្រឺតៗភ្លាមៗតែម្ដង។ ក្នុងនោះ សន្ទស្សន៍ភាគហ៊ុន S&P 500 បានធ្លាក់ចុះអស់ ២,៥% ហើយ ភាគហ៊ុន ណាដាក ខមប៉ូសីត(Nasdaq Composite) បានធ្លាក់ចុះជាង៣%។

គួរជម្រាបថា អត្រាអតិផរណានៅសហរដ្ឋអាមេរិក បាន​កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន បើគិតក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ។ តួលេខ​ចុងក្រោយ​កាលពីខែកញ្ញាបង្ហាញថា អតិផរណានៅអាមេរិក មានកម្រិតកើនឡើង ដល់ទៅ​ ៨,២% ក្នុងរយៈពេល​មួយឆ្នាំចុងក្រោយ ខណៈទិន្នន័យសម្រាប់ខែតុលា មិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការណ៍នៅឡើយទេ។

ការបន្តដំឡើងការប្រាក់ឥតឈប់ឈរនេះ ធ្វើឱ្យមានការព្រួយបារម្ភផងដែរ ថាសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចូលក្នុងវិបត្តិ ប្រសិនបើធនាគារកណ្តាល​អាមេរិក ដំឡើងអត្រាការប្រាក់នាំមុខខ្ពស់ទៅៗ។ ការប្រាក់ខ្ពស់ នឹងធ្វើឲ្យ​ស្ថាប័នហិរញ្ញវត្ថុ កាត់បន្ថយ​ការផ្តល់កម្ចី ធ្វើឲ្យ​គម្រោងវិនិយោគ បោះទុន និង​ការ​ចំណាយ​នានា ត្រូវ​រាំងស្ទះ។ បច្ចុប្បន្ន អត្រាការប្រាក់គោលរបស់អាមេរិក ក្រោយដំឡើងលើកចុងក្រោយនេះរួច គឺមាន ៤%។ អ្នកជំនាញសេដ្ឋកិ​ច្ច​បានលើកឡើងថា សេដ្ឋកិច្ចអាមេរិកកំពុងតែ​ដើរចូលទៅក្នុងវិបត្តិ​សេដ្ឋកិច្ច កម្រិតស្រាល នៅរវាងចុងឆ្នាំ២០២២ និងដើម​ ២០២៣៕




អត្ថបទបន្ទាប់


សេតវិមានអាមេរិកថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ីដោយសម្ងាត់

ព័ត៌មាន
បើតាមអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធ ទី ២ វិច្ឆិកា ថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្…

ក្រោយទិញTwitter លោក Elon Musk ប្រកាសកាត់បន្ថយបុគ្គលិក និងការចំណាយនានារហូតដល់តម្លៃ ១ពាន់លានដុល្លារ

ព័ត៌មាន
ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk នឹងជូនដំណឹងទៅបុគ្គលិកផ្ទាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថាតើពួកគេនឹងត្រូវបន្ត ឬបញ្ឈប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ