អាមេរិក និងអាល្លឺម៉ង់ ចេញគាំទ្រលីទុយអានី

អាមេរិក និងអាល្លឺម៉ង់ ចេញគាំទ្រប្រទេសលីទុយអានីក្នុងជម្លោះជាមួយចិន ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់


សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ បានឈរជាខ្នងបង្អែករបស់ប្រទេសលីទុយអានី ក្នុងជម្លោះរវាងប្រទេសនេះ ជាមួយនឹងប្រទេសចិន ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ដោយអាមេរិក និងអាល្លឺម៉ង់ ចាត់ទុកសម្ពាធដែលបានដាក់ឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំង មកលើប្រទេសលីទុយអានី គឺជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន AP។
អាមេរិក និងអាល្លឺម៉ង់ ចេញគាំទ្រប្រទេសលីទុយអានីក្នុងជម្លោះជាមួយចិន ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់

ប្រទេសលីទុយអានី ដែលជាប្រទេសតូចមួយនៅអឺរ៉ុប បច្ចុប្បន្នកំពុងមានការប្រទាំងប្រទើសគ្នាជាមួយចិនកាន់តែខ្លាំង និងត្រូវបានចិនដាក់សម្ពាធលើការនាំចេញទំនិញទៅកាន់ប្រទេសចិនផងដែរ។ បញ្ហាប៉ះពារពាក្យសម្ដីគ្នា និងឈានដល់ការចាត់វិធានការធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើប្រទេសលីទុយអានីនេះ គឺធ្វើឡើងនៅក្រោយដែលប្រទេសអឺរ៉ុបមួយនេះ បានអនុញ្ញាតកោះតៃវ៉ាន់តាំងការិយាល័យនៅក្នុងទីក្រុងវីលនីសរបស់ខ្លួន ដោយបានដាក់ឈ្មោះចំៗថា តៃវ៉ាន់ ជំនួសឲ្យឈ្មោះ ទីក្រុងតៃប៉ិនៃប្រទេសចិន។

ដូចយើងបានដឹងហើយថា ប្រទេសចិនតែងតែប្រកាសយ៉ាងដាច់ខាតថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ចិន ដោយដែនកោះមួយនេះគ្មានសិទ្ធិទទួលបានការទទួលស្គាល់ការទូតពីប្រទេសណានោះឡើយ។ ដូច្នេះហើយ ទង្វើរបស់ប្រទេសលីទុយអានីចំពោះការអនុញ្ញាតឲ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅលើទឹកដីរបស់ខ្លួន និងប្រើឈ្មោះតៃវ៉ាន់ចំៗយ៉ាងដូច្នេះ បើចិនមិនធ្វើការឆ្លើយតបខ្លាំងៗទើបជារឿងចម្លែក។ ជាក់ស្ដែង ប្រទេសចិន បានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសលីទុយអានីមកវិញ ហើយក៏បានបណ្ដេញឯកអគ្គរដ្ឋទូតលីទុយអានីចេញពីទីក្រុងប៉េកាំងផងដែរ។

ជុំវិញនឹងជម្លោះរវាងចិន និងលីទុយអានីនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងវ៉ាស៊ិនតោន ជាមួយនឹងសមភាគីរបស់ខ្លួន គឺប្រទេសអាល្លឺម៉ង់នៅសប្ដាហ៍យ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភមែនទែន អំពីការប៉ុនប៉ងរបស់រដ្ឋាភិបាលចិនក្នុងការសម្លុតបំភិតបំភ័យប្រទេសលីទុយអានី ដែលជាប្រទេសមានប្រជាជនតិជាង៣លាននាក់ប៉ុណ្ណោះ។»

លោក Blinken បន្ថែមថា ប្រទេសចិនបាននិងកំពុងជំរុញក្រុមហ៊ុនអឺរ៉ុប និងអាមេរិកឲ្យបញ្ឈប់ការផលិតផលិតផលជាមួយនឹងសមាសធាតុដែលផលិតនៅក្នុងប្រទេសលីទុយអានី បើមិនដូច្នេះ នឹងត្រូវបាត់បង់សិទ្ធិនាំចូលទៅកាន់ទីផ្សារចិន។ លោកបន្ថែមថា ប្រទេសទាំងអស់ រួមទាំងលីទុយអានី គួរតែអាចកំណត់គោលនយោបាយការបរទេសរបស់ខ្លួន ដោយមិនមានការបង្ខិតបង្ខំនោះទេ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិករូបនេះ ក៏បានបញ្ជាក់ទៀតថា អាមេរិក នឹងធ្វើការជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រឆាំងទៅនឹងទម្រង់នៃការគំរាមកំហែងសេដ្ឋកិច្ច។

រដ្ឋមន្ត្រីការប្រទេសអាល្លឺម៉ង់ លោកស្រី អាណាលីណា បៀរប័ក (Annalena Baerbock) បាននិយាយដែរថា អាល្លឺម៉ង់ក្នុងនាមជាប្រជាជាតិអឺរ៉ុប គឺឈរក្នុងស្មារតីសាមគ្គីភាពនៅខាងប្រទេសលីទុយអានី។

ជុំវិញនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការប្រទេសអាមេរិក និងអាល្លឺម៉ង់នេះ គេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីភាគីចិននៅឡើយទេគិតត្រឹមថ្ងៃពុធទី៦មករានេះ។

សូមបញ្ជាក់ថា មន្ត្រីពាណិជ្ជកម្មកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីខែមុនថា អឺរ៉ុបនឹងតតាំងចំពោះវិធានការបង្ខិតបង្ខំរបស់ចិន ដែលដាក់លើប្រទេសលីទុយអានី ដែលជារដ្ឋសមាជិករបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយទៀតថាប្រសិនបើចាំបាច់ អឺរ៉ុប នឹងលើកយកបញ្ហានេះទៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យកសិកម្មត្រូវការសេវាធានារ៉ាប់រងដើម្បីធានាការរីកចម្រើន

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងជឿជាក់ថាអ្នកប្រកបរបរក្នុងវិស័យកសិកម្មនៅកម្ពុជាអាចប្រឈមនឹងការធ្លាក់ចុះ ប្រសិនបើបន្តខ្វះសេវាធានារ៉ាប់រងក្នុងវ…

ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងតម្លៃម្ហូបអាហារ

ព័ត៌មាន
ទោះបីជាប្រទេសថៃពេលនេះកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអាហារដូចជា បន្លែ សាច់ជ្រូក ស៊ុត ប្រេងឆា អង្ករ និងគ្រឿងទេសផ្សេងទៀតក៏ដោយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ