អាមេរិក-ចិន-កោះតៃវ៉ាន់

ចារកម្មអាមេរិកថា ចិនកំពុងពង្រឹងកងទ័ពត្រៀមវាយតៃវ៉ាន់ហើយ


ស្របពេលដែលច្រកសមុទ្រតៃវ៉ាន់នៅតែជាតំបន់ដ៏តានតឹង និងប្រទាញប្រទង់រវាងចិន កោះតៃវ៉ាន់ និងអាមេរិក ប្រមុខផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា ប្រទេសចិនកំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការ កសាងកម្លាំងយោធា ដើម្បីមានសមត្ថភាពដណ្តើមកាន់កាប់កោះតៃវ៉ាន់ឲ្យបាន បើទោះបីជា អាមេរិកកំពុងគាំទ្រកោះនេះក៏ដោយ។
US intelligence chief warn China Taiwan

យ៉ាងណាមិញ យោធា​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែឧសភា​ថា ខ្លួន​បាន​ព្រមាន​នាវាចម្បាំង​អា​មេ​រិ​ក ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ឲ្យ​បើក​ចេញពី​ដែនទឹក​នេះ​ជា​បន្ទាន់​។ អា​មេ​រិ​ក​បើក​នាវាចម្បាំង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ គឺ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​ដែល​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ក្បែរ​នឹង​កោះ​តៃវ៉ាន់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

កងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាតឈ្មោះ USS Port Royal ធ្វើដំណើរដូចទម្លាប់របស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងឆ្លងកាត់ដែនទឹកអន្តរជាតិស្របតាមច្បាប់អន្តរជាតិ។ នេះគឺជាការធ្វើដំណើរឆ្លងកាត់ លើកទី២ហើយសម្រាប់ខែនេះ ខណៈដែលទីក្រុងប៉េកាំងតែងប្រតិកម្មមិនដែលដាច់នោះទេ។

សម្រាប់លើកនេះ កងទ័ពរំដោះប្រជាជនចិនបានប្រតិកម្មនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានតាមដានសកម្មភាពនាវាអាមេរិកយ៉ាងយកចិត្តទុកដាក់ និងបានធ្វើការព្រមានទៅកាន់នាវាខាងលើផងដែរ។ ភាគីចិន បានហៅសកម្មភាពរបស់ អាមេរិកថា ជារឿងល្ខោន សម្តែងដើម្បីបង្កបញ្ហា និងចេតនាបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានភាពសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិក អាចហោះហើរ និងធ្វើនាវាចរ ក៏ដូចជាធ្វើប្រតិបត្តិការ គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

នាវាអាមេរិក USS Port Royal

គួរកត់សម្គាល់ថា ភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ តែងកើតមានឡើងជាហូរហែ មិនដែលដាច់នោះទេ ។ ប៉ុន្តែពេលនេះ ស្ថានការណ៍ហាក់បីដូចជាតឹងតែង ជាងមុនបន្តិច ក៏ដោយសារតែ ប្រមុខចារកម្មអាមេរិក បានថ្លែងព្រមានទៅកាន់ព្រឹទ្ធសភាអាមេរិកថា ពេលនេះចិនកំពុង សំងំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបង្កើនសមត្ថភាពយោធា ដើម្បីធានាថា អាចវាយយកបានកោះតៃវ៉ាន់ ទោះបីជាមានអាមេរិកចាំជួយ អន្តរាគមន៍គាំទ្រក៏ដោយ។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី អាវរីល ហ៊េន(Avril Haines) បានព្រមានថា ការគំរាមកំហែងរបស់ចិនលើកោះតៃវ៉ាន់នឹងអាចកើតមាននៅចន្លោះពេលនេះដល់ឆ្នាំ ២០៣០ ហើយស្ថានភាពរបស់វានឹងធ្ងន់ធ្ងរខ្លាំងតែម្តង។

យ៉ាងណាក៏ដោយ ប្រមុខចារកម្មអាមេរិកបានអះអាងថា គេមិនដឹងច្បាស់ឡើយថា តើចិនមើលគំរូសង្គ្រាមនៅអ៊ុយក្រែន និងមើលឃើញពីការជួយជ្រោមជ្រែងអ៊ុយក្រែនពីលោកខាងលិច បានកម្រិតណានោះទេ។ គេគ្រាន់តែដឹងថា ចិនព្យាយាមធ្វើឲ្យខ្លួនខ្លាំង ខ្លាំងទាល់តែអាចវាយតៃវ៉ាន់បានជោគជ័យ ទោះបីមានជំនួយពីអាមេរិក។ ទោះយ៉ាងណា សម្រាប់ អាមេរិកចិនគួរតែទទួលបានមេរៀនច្រើនហើយ ពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន។

ប៉ុន្តែសម្រាប់តៃវ៉ាន់ កោះមួយនេះកំពុងទទួលបានមេរៀនសំខាន់មួយចំនួនពីជម្លោះអ៊ុយក្រែនដែលអាចធ្វើឱ្យខ្លួនការពារប្រឆាំងនឹងចិនបានកាន់តែប្រសើរ។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា រដ្ឋបាលលោកចូ បៃឌិន កំពុងជំរុញក្រុងតៃប៉ិ ឱ្យកម្មង់ទិញអាវុធដែលផលិតដោយអាមេរិកបន្ថែមទៀត ដូចជាមីស៊ីល និងអាវុធធន់តូចៗបន្ថែម ដែលគេជឿថាអាចការពារតៃវ៉ាន់ ប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងប៉េកាំង។ ប៉ុន្ដែ ថ្មីៗនេះ ខាងភាគីកោះតៃវ៉ាន់ ក៏បានសម្តែងការអន់ចិត្តចំពោះ ការដឹកជញ្ជូនអាវុធពីអាមេរិកមកឲ្យខ្លួនយឺតយ៉ាវផងដែរ ហើយតៃវ៉ាន់ចាត់ទុកថា ការបញ្ជូនអាវុធមកឲ្យខ្លួនយឺតនេះ វាធ្វើឲ្យកោះមួយនេះ ប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ហើយតៃវ៉ាន់ក៏កំពុងស្វែងរកទីផ្សារផ្គត់ផ្គង់អាវុធបន្ថែមផងដែរ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគិនចិនមួយក្រុមមកស្វែងរកឱកាសវិនិយោគលើការដាំកាហ្វេនៅកម្ពុជា ដើម្បីកែច្នៃ និងនាំចេញ

ព័ត៌មាន
វិនិយោគិនចិនមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើការដាំដំណាំកាហ្វេនៅកម្ពុជា ដើម្បីកែច្នៃនាំចេញនិងផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ ការ…

ប្រធានាធិបតីថ្មីហ្វីលីពីនត្រកូល Marcos អាចជាសំណាងល្អសម្រាប់ចិន ប៉ុន្ដែជាប្រផ្នូលអាក្រក់សម្រាប់អាមេរិក?

ព័ត៌មាន
ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃចន្ទនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ