សភាអាមេរិកនឹងបន្តនីតិវិធីច្បាប់ជាមួយ TikTok

ប្រធានសភាអាមេរិកថា សមាជិកសភានឹងបន្ដនីតិវិធីច្បាប់ ដើម្បីគ្រប់គ្រងកម្មវិធី TikTok របស់ចិន


ក្រោយពីក្រុមសមាជិសភាអាមេរិកបានជជីកចោទសួរជាមួយនឹងនាយកប្រតិបត្តិ TikTok កាលពីសប្ដាហ៍មុនរួចមក ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Kevin McCarthy បាននិយាយកាលពីថ្ងៃអាទិត្យទី២៦មីនាថា សមាជិកសភានឹងបន្តការងារទៅមុខជាមួយនឹងផ្លូវច្បាប់ ដើម្បីដោះស្រាយការព្រួយបារម្ភអំពីសន្តិសុខជាតិស្ដីពីកម្មវិធី TikTok ដោយទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់រដ្ឋាភិបាលរបស់ប្រទេសចិនថា បានចូលទៅប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធីវីដេអូខ្លីមួយនេះ។
ប្រធានសភាអាមេរិកថា សមាជិកសភានឹងបន្ដនីតិវិធីច្បាប់ ដើម្បីគ្រប់គ្រងកម្មវិធី TikTok របស់ចិន

នៅសហរដ្ឋអាមេរិក មានការអំពាវនាវកាន់តែច្រើនឡើងសុំឱ្យហាមឃាត់ប្រើកម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុន ByteDance នៅប្រទេសចិន ឬក៏សុំឱ្យអនុម័តច្បាប់ទ្វេភាគី ដើម្បីផ្តល់សិទ្ធិអំណាចផ្លូវច្បាប់ដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីស្វែងរកការហាមប្រើកម្មវិធីកម្មវិធីមួយនេះនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលកន្លងមក ឧបករណ៍គ្រប់គ្រងដោយរដ្ឋាភិបាលអាមេរិកមួយចំនួន ត្រូវបានហាមឃាត់មិនឱ្យដំឡើងកម្មវិធីអេបនេះរួចហើយ។ លោក McCarthy ប្រធានសភាអាមេរិកបាននិយាយតាម Twitter ថា សភានឹងបន្តទៅមុខជាមួយច្បាប់ ដើម្បីការពារពលរដ្ឋអាមេរិកពីដៃជើងបច្ចេកវិជ្ជារបស់បក្សកុម្មុយនិស្តចិន។

នាយកប្រតិបត្តិកម្មវិធី TikTok លោក ស៊ូ ហ្ស៊ី ឆូ (Shou Zi Chew) បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាអាមេរិកប្រហែល ៥ ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ហើយសមាជិកសភាមកពីភាគីទាំង២បានសួរលោក ឆូ យ៉ាងច្រើនអំពីសន្តិសុខជាតិ និងកង្វល់ផ្សេងទៀតពាក់ព័ន្ធនឹងកម្មវិធីនេះ ដែលមានអ្នកប្រើប្រាស់នៅអាមេរិកចំនួន ១៥០ លាននាក់។

នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍នោះ នាយកប្រតិបត្តិកម្មវិធី TikTok រូបនេះត្រូវបានសមាជិកសភាអាមេរិកចោទសួរថា តើកម្មវិធីនេះបានស៊ើបការណ៍ទៅលើពលរដ្ឋអាមេរិកតាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែរឬទេ? លោក Chew បានឆ្លើយច្បាស់ៗថា «អត់ទេ»។

លោក McCarthy បាននិយាយតាមប្រព័ន្ធ Twitter កាលពីថ្ងៃអាទិត្យថា វាគួរឱ្យព្រួយបារម្ភណាស់ដែលនាយកប្រតិបត្តិនៃកម្មវិធី TikTok មិនអាចនិយាយដោយស្មោះត្រង់ និងសារភាពពីអ្វីដែលអាមេរិកបានដឹងរួចទៅហើយថា ការពិតគឺប្រទេសចិនមានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី TikTok។

ទោះយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ខ្លួនបានចំណាយច្រើនជាង ១,៥ ពាន់លានដុល្លារទៅលើកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពទិន្នន័យក្រោមឈ្មោះគម្រោង«Project Texas» ដែលបច្ចុប្បន្នមានបុគ្គលិកពេញម៉ោងជិត ១ ៥០០ នាក់ ហើយត្រូវបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Oracle Corp ដើម្បីរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក។

សូមរំឭកថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានចាញ់ការសម្រេចរបស់តុលាការជាបន្តបន្ទាប់នៅឆ្នាំ២០២០ នៅពេលលោកបានព្យាយាមហាមឃាត់កម្មវិធី TikTok និងកម្មវិធី WeChat របស់ចិនមួយផ្សេងទៀតដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Tencent ។




អត្ថបទបន្ទាប់


បញ្ហាអតិផរណាកំពុងសំពងសង្គមសេដ្ឋកិច្ចអាល្លឺម៉ង់កាន់តែខ្លាំង ខណៈមានកម្មករជាច្រើនក្រោកឈរធ្វើកូដកម្ម

ព័ត៌មាន
ការមិនថមថយនៃអត្រាអតិផរណាបានកំពុងតែរុញច្រានសង្គមអាល្លឺម៉ង់ឲ្យប្រឈមមុខនឹង វិបត្តិសង្គមបណ្តាលមកពីផលប៉ះពាល់ ដែលកើតចេញពីភាពមិនចាញ់មិនឈ្នះនៃ…

តើអ្នកជំនាញកិច្ចការនយោបាយចិនមានផែនការយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីទប់ទល់នឹងឥទ្ធិពលនិងសម្ពាធពីអាមេរិក?

ព័ត៌មាន
សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនដែលបង្កាត់ឡើង ដោយអតីតរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ មកដល់ពេលនេះ ពិបាកសន្និដ្ឋានថា នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ