IPEF ពិចារណាវិធានការប្រមូលបន្ទះឈីប

ក្រុមប្រទេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក នឹងពិចារណាបង្កើតស្តុកបន្ទះឈីបសម្រាប់គ្រាមានអាសន្ន


បណ្ដាប្រទេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងពិចារណាលើការបង្កើតប្រព័ន្ធផ្លូវការរួមគ្នាមួយ សម្រាប់ទុកចែករំលែកឧបករណ៍អេឡិចត្រូនិក បន្ទះឈីប ផលិតផលវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗផ្សេងទៀត ក្នុងករណីមានគ្រោះអាសន្នលក្ខណៈអន្តរជាតិកើតឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
IPEF ពិចារណាវិធានការប្រមូលបន្ទះឈីបស្តុកទុក!

បើតាមគម្រោងបណ្តាប្រទេស​សមាជិករបស់ IPEF នឹងមានសិទ្ធិចូលប្រើប្រាស់កន្លែង​ស្តុកទុកសម្ភារៈដែលបានចែករំលែកគ្នាទាំងអស់ អំឡុងពេលមានព្រឹត្តិការណ៍ពិភពលោកណាមួយកើតឡើងដែលរំខានដល់​ខ្សែចង្វាក់ផ្គត់ផ្គង់ ដូចក្នុងករណីមាន​ជម្លោះយោធា និងជំងឺរាតត្បាតសកលផ្ទុះឡើង។ ទោះយ៉ាងណា លក្ខខណ្ឌជាក់លាក់នឹងត្រូវគេពិភាក្សា​នៅអំឡុង​កិច្ចប្រជុំកំពូល IPEF ទល់មុខគ្នាជាលើកដំបូង​នៅទីក្រុង ឡូស អាន់ចេលេស សហរដ្ឋអាមេរិក។

ទន្ទឹមនេះ សមាជិក IPEF នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលរួមបញ្ចូលគោលដៅនៃការបង្កើតយន្តការ​គ្រប់គ្រងលើបញ្ហាខ្សែ​ចង្វាក់ផ្គត់ផ្គង់ផងដែរ។ ប្រសិនបើ​សមាជិក IPEF ទាំងអស់យល់ព្រមលើផែនការនៅក្នុងសេចក្តីថ្លែងការណ៍​រួម​នេះមែន យន្តការទាំងអស់នេះ នឹងចាប់អនុវត្តពីឆ្នាំក្រោយទៅតែម្តង។

បើតាមប្រភពដែលស្និទនឹងកិច្ចប្រជុំ ការដាក់ចេញ​ផែនការនេះ​ឡើង គឺ​ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិន ក្នុងការផ្គត់ផ្គង់​សម្ភារៈ និងវត្ថុធាតុដើម​សំខាន់ៗជាច្រើន រាប់ចាប់ពីសារធាតុកម្រសម្រាប់​វិស័យឧស្សាហកម្ម និងសម្ភារៈការពារវេជ្ជសាស្ត្រសម្រាប់ទប់ទល់​នឹងជំងឺឆ្លង។

គួរជម្រាបថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានពឹងផ្អែកខ្លាំង​លើផលិតផល​ការពារវេជ្ជសាស្ត្រ(PPE) ដែលផលិតដោយ​ប្រទេសចិន ពិសេសនៅពេលចាប់ផ្តើមមាន​ជំងឺរាតត្បាតកូវីដ១៩កើតឡើង។

ក្រោយមើលឃើញបញ្ហានេះ ពិសេសនៅក្រោយ​ការចាប់កំណើតឡើងរបស់ក្របខណ្ឌសេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ប្រទេសទាំងនេះលែងចង់ពឹងផ្អែកតែនៅលើផលិតផលចិនតែមួយទៀតហើយ ជៀសវាងជួបផលលំបាកក្នុងការផ្គត់ផ្គង់។ ជាក់ស្តែង សមាជិករបស់​ក្របខណ្ឌ IPEF ផ្តើមមានភាពរឹងមាំក្នុងការផលិត និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗដោយខ្លួនឯង។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបូកបញ្ចូលគ្នាទៅ តំណាងឱ្យជិតពាក់កណ្តាលនៃសមត្ថភាពផលិតឧបករណ៍​អេឡិចត្រូនិក និងបន្ទះឈីបរបស់ពិភពលោក។ ដោយឡែកសម្រាប់វត្ថុធាតុដើមកម្រវិញ សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា អាចផលិត​បាន​សរុបជិត ៣០%នៃបរិមាណសរុបរបស់វត្ថុធាតុដើម​កម្រទាំងអស់របស់ពិភពលោក។ ក្រៅពីនោះប្រទេស​ឥណ្ឌូនេស៊ី​ក៏ជាអ្នកផលិតសម្ភារៈ​ការពារវេជ្ជសាស្ត្រ(PPE) ដ៏សំខាន់ផងដែរ។

សូមជម្រាបថា IPEF ដែលជាក្របខណ្ឌសេដ្ឋកិច្ចស្នើ​បង្កើតឡើងដោយប្រធានាធិបតីអាមេរិកចូ បៃឌិន ត្រូវបានប្រកាសដំណើរការជាផ្លូវការកាលពីខែឧសភា ជាមួយសមាជិកដើមចំនួន១៣ រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម។ ក្រោយមកបន្តិច ប្រទេសកោះហ្វីជីក៏បានចូលរួមជាប្រទេសសមាជិកទី១៤នៃក្របខណ្ឌនេះផងដែរ៕




អត្ថបទបន្ទាប់


ម៉ូស្គូព្រមានបិទការនាំចូលថាមពលគ្រប់ប្រភេទទៅអឺរ៉ុប បើប្លុកនេះធ្វើតាមគំរូវិធានការG7 កំណត់តម្លៃឧស្ម័នរុស្ស៊ី

ព័ត៌មាន
ក្រោយមើលឃើញយន្តការរបស់ក្រុមប្រទេស G7 នៅថ្ងៃពុធសប្តាហ៍នេះ សហភាពអឺរ៉ុបមានបំណងចង់យកគំរូតាមយន្តការកំណត់តម្លៃថាមពលឧស្ម័នរបស់រុស្ស៊ីលើទីផ្សារ…

ក្រុមហ៊ុន Smart Axiata គាំទ្រវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានរួមសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ