អាមេរិក

អាមេរិកសម្រេចផ្តល់កម្ចី ២,៥ពាន់លានដុល្លារឱ្យក្រុមហ៊ុន GM និង LGសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី


ក្រសួងថាមពលអាមេរិក បានប្រកាសនៅកាលពី១២ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួនបានធ្វើការសម្រេចចុងក្រោយ ដោយយល់ព្រមផ្តល់កម្ចីការប្រាក់ទាបប្រមាណ ២ពាន់៥រយលានដុល្លារ ឱ្យក្រុមហ៊ុន General Motors ហៅកាត់ GM និង LG Energy Solution បណ្ដាក់ទុនរួមគ្នា បង្កើតក្រុមហ៊ុនថ្មីឈ្មោះ Ultium Cells ដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមចំនួន៣ សម្រាប់រថយន្តអគ្គិសនី។
អាមេរិក ប្រកាសផ្តល់កម្ចី ២,៥ពាន់លានដុល្លារឱ្យ GM និង LG សង់រោងចក្រអាគុយ EV

ការសាង​សង់​រោងចក្រនេះ គឺជាផ្នែក​មួយ​នៃ​ផែនការ​របស់ក្រុមហ៊ុន​ GM ក្នុងការផលិត​រថយន្តអគ្គិសនី​ឱ្យបាន ១លានគ្រឿង​ និងស្របតាម​គោលដៅ​របស់​រដ្ឋបាល​លោក ចូ បៃឌិន ក្នុងការ​​ផលិតរថយន្តប្រភេទនេះ ឱ្យបាន ៥០% នៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន Reuter។

ប្រាក់​កម្ចី ២ពាន់៥រយលានដុល្លារសម្រាប់​ក្រុមហ៊ុន Ultium នេះ គឺ​នឹងជួយ​ឱ្យ​ក្រុមហ៊ុន​អាច​សម្រេច​គម្រោង​សាងសង់រោងចក្រ​អាគុយ​រថយន្តអគ្គិសនី​ថ្មី​ចំនួន៣ នៅរដ្ឋ Michigan, Ohio និង Tennessee ដោយអាចបង្កើតការងារ​ ៦ពាន់កន្លែង សម្រាប់​ការសាងសង់ និងការងារ​ប្រតិបត្តិការជាង ៥ពាន់កន្លែង នៅរោងចក្រ​​ទាំង៣នេះ។

ការផ្តល់​​កម្ចីនេះ គឺ​យកចេញពី​កម្មវិធី កម្ចី​ផលិត​បច្ចេកវិទ្យា​ឈានមុខ​​សម្រាប់​រថយន្ត របស់​រដ្ឋាភិបាល​អាមេរិក ហៅកាត់ថា ATVM។

លោក Jennifer Granholm រដ្ឋមន្រ្តី​ក្រសួង​​ថាមពល​អាមេរិក បាន​​ប្រកាស​​ពីការសម្រេចផ្តល់​កម្ចីនេះ ក្នុងអំឡុងពេលទស្សនកិច្ច​នៅរដ្ឋ Michigan។ ជាមួយគ្នានោះ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្រ្តីពាក់ព័ន្ធមួយចំនួន​អំពីយុទ្ធសាស្រ្តជ្រើសរើស និង​រក្សា​បុគ្គលិក​ជំនាញ និង​គំនិតផ្តួចផ្តើម​កម្លាំង​ពលកម្មអាគុយ​​របស់​រដ្ឋបាល លោក ចូ បៃឌិន​ផងដែរ។

សូមជម្រាប​ថា​ ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នានេះ ក៏កំពុងពិចារណាជ្រើសរើស​ទីតាំង​ក្នុងរដ្ឋ Indiana សម្រាប់​សាងសង់​រោងចក្រ​អាគុយទី៤ទៀត​ផងដែរ ខណៈ​រោងចក្រ​មួយតម្លៃ ២ពាន់៦រយលានដុល្លារ នៅក្នុងរដ្ឋ Michigan ​គ្រោងនឹង​បើកដំណើរការ​នៅក្នុងឆ្នាំ​២០២៤។

ថ្មី​ៗនេះក្រុមហ៊ុន Ultium បាន​ឱ្យដឹងថា ខ្លួ​ននឹង​ជំរុញ​ការវិនិយោគ​បន្ថែម ២៧៥លានដុល្លារទៀត ​នៅរោងចក្រ​ក្នុងរដ្ឋ Tennessee ដែលមានតម្លៃ ២ពាន់៣រយលានដុល្លារ។

គួរដឹងថា ប្រធានាធិបតី​លោក ចូ បៃឌិន បាន​ដាក់គោលដៅថា ៥០% នៃ​ការផលិតរថយន្ត​របស់​អាមេរិក នៅត្រឹមឆ្នាំ​២០៣០ គឺត្រូវតែជា​រថយន្ត​អគ្គិសនី ឬជារថយន្ដកូនកាត់ Plug-in Hybrid។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន GM ក៏​មាន​ផែនការ​ផលិត​រថយន្ត​អគ្គិសនីប្រមាណ ១លានគ្រឿងនៅ​អាមេរិកខាងជើង ត្រឹមឆ្នាំ២០២៥ និង​បញ្ឈប់ការលក់​រថយន្តសាំងនៅ​​ត្រឹមឆ្នាំ ២០៣៥៕




អត្ថបទបន្ទាប់


ទំហំសេដ្ឋកិច្ចមហាយក្សចិននឹងនាំមុខសហរដ្ឋអាមេរិកនៅរង្វង់ឆ្នាំ២០៣៥

ព័ត៌មាន
បើទោះជាល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន…

ការិយាល័យសភាសហភាពអឺរ៉ុបត្រូវបានអាជ្ញាធរស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលិកមួយចំនួន ជុំវិញសំណុំរឿងពុករលួយ

ព័ត៌មាន
អាជ្ញាធរប៉ូលិសបែលហ្ស៊ិកបានធ្វើការស៊ើបអង្កេត និងចាប់បានជាបន្តបន្ទាប់នូវជនសង្ស័យកាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ក្នុងការិយាល័យសភាអឺរ៉ុប ស្របពេលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ