វិបត្តិសំរាម

របាយការណ៍៖ សហរដ្ឋអាមេរិក ជាប្រទេស«មេសំរាមធំជាងគេបំផុត»លើពិភពលោក


សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ និងជាប្រទេសមានកងកម្លាំងយោធោខ្លាំងជាងគេលើលោកផងដែរ។ ប៉ុន្ដែ ប្រហែលមិនមានមនុស្សច្រើនទេ ដែលបានដឹង ឬទេថា អាមេរិក ក៏ជាប្រទេសមានសំរាមច្រើនជាងគេលើពិភពលោកផងដែរ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុនអន្តរជាតិ Verisk Maplecroft ដែលជាក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃហានិភ័យសកល។
របាយការណ៍៖ សហរដ្ឋអាមេរិក ជាប្រទេស«មេសំរាមធំជាងគេបំផុត»លើពិភពលោក (រូបភាព៖ Washington Post)
ដោយ

បើតាមរបាយណ៍ ដដែលនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺមាន​ចំនួន​ប្រជាជន ប្រមាណ តែ៤ ភាគរយ​ប៉ុណ្ណោះ នៃចំនួន​ប្រជាជន​សរុប​នៃពិភពលោក ប៉ុន្ដែ សហរដ្ឋអាមេរិក មានបរិមាណ​សំរាម​ ១២% នៃ​សំរាម​ពិភពលោក​សរុប។ ក្នុងន័យនេះ គឺប្រជាជន​អាមេរិកម្នាក់ៗ បន្សល់ចោល​សំរាម​ជាង ១.៧០០ ផោន (ប្រមាណ ៧៧០ គីឡូក្រាម) ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យ​សំរាម​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចលេខ​១នេះ មានសំរាម​ប្រមាណ ២៣៩ លានតោន ក្នុងមួយឆ្នាំ។ 

ក្រៅពីអាមេរិក ប្រទេសចិន និងឥណ្ឌា ក៏ជាប្រទេស​មានសំរាម​ច្រើនណាស់ដែរ ប៉ុន្ដែ បើគិតពីចំនួន​ប្រជាជន ធៀបនឹង​បរិមាណ​សំរាមវិញ ឃើញថា ប្រទេស​ទាំងពីរ​នេះ មាន​កម្រិត​សំរាម​នៅ​គ្រាន់បើ​ជាង​អាមេរិក។ មាន័យថា ប្រជាជន​អាមេរិក ម្នាក់ៗ​មាន​បន្សល់ចោល​សំរាម​ច្រើនជាង​ប្រជាជនចិន និង​ឥណ្ឌាម្នាក់ៗ។ ជាក់ស្ដែង បើតាម​របាយការណ៍ បានឲ្យដឹងថា បើបូក​បញ្ជូលគ្នា រវាងសំរាម ចិន និងឥណ្ឌា គឺមាន​២៧% នៃបរិមាណ​សំរាម​ពិភពលោក ខណៈដែលចំនួន​ប្រជាជន​នៃប្រទេស​ទាំងពីរ​នេះចូលគ្នា គឺមាន​២,៧ពាន់លាន​នាក់ ស្មើនឹង ៣៦% នៃចំនួន​ប្រជាជន​នៃពិភពលោក​ឯណោះ។ ចំណែកឯ សហរដ្ឋអាមេរិក មាន​ប្រជាជន ប្រមាណ ៣២៧ លាន​នាក់ តែ​មាន​សំរាម​១២ % នៃបរិមាណ​សំរាម​របស់ពិភពលោក។ 

របាយការណ៍ ពីក្រុមហ៊ុន Verisk Maplecroft

បើធៀបជាមួយចិន ប្រជាជអាមេរិក គឺ​បន្សល់​ចោល​សំរាម​ច្រើន​ជាង ៣ដង នៃសំរាម​ដែលប្រជាជន​ចិន​បន្សល់ចោល។

តាមការគណនា របស់ក្រុមហ៊ុន Verisk Maplecroft យ៉ាងហោច​ណាស់ នៅទូទាំង​ពិភពលោក​មានសំរាម​ប្រមាណ ២,១ ពាន់លាន​តោន ត្រូវបាន​មនុស្ស​បន្សល់ចោល​ជារៀងរាល់ឆ្នាំ។

មិនមែន​មានតែ​សហរដ្ឋអាមេរិក​ម្នាក់ឯង​នោះទេ ដែលកំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សំរាមនេះ ប្រទេស​អភិវឌ្ឍន៍​ជាច្រើនទៀត នៅអឺរ៉ុប និងអាមេរិកខាង​ជើង​ជាដើម​ក៏មានបញ្ហានេះដែរ។ ប្រទេស​ដែលមាន​ហានិភ័យ​សំរាមខ្លាំង​ជាងគេនោះ មានដូចជា​អាមេរិក ហូឡង់ កាណាដា អូស្ត្រាលី ស្វីស័រឡែន អូទ្រីស អាល្លឺម៉ង់ បារាំង និងអូស្ត្រាលីជាដើម។ 

វិបត្តិសំរាម​នៃប្រទេស​ទាំងនេះ បាននិង​កំពុងកើន​ឡើងខ្លាំង បន្ទាប់ពី​ប្រទេស​ចិន បាន​សម្រេច​បញ្ឈប់​ឲ្យមាន​ការនាំចូល​សំរាម​ពីបរទេស​សម្រាប់ការ​កែច្នៃ​ក្នុងស្រុក​តទៅទៀត តាំងពីឆ្នាំ២០១៨​មកម្ល៉េះ។ ហើយសំរាម​នៃប្រទេស​ទាំងអស់នោះ មានខ្លះ​ក៏បាន​និងកំពុង​ដឹក​ដោយ​លួចលាក់​រសាត់អណ្ដែត​មកកាន់​ប្រទេស​នៅតំបន់​អាស៊ីអាគ្នេយ៍​កាន់តែច្រើន​ឡើងៗ។ ជាក់ស្ដែង កាលពីខែ​ឧសភាថ្មីៗនេះ សំរាម​ពីប្រទេស​កាណាដា​ជាច្រើន​កុងតឺន័រ បាន​យកមក​ប្លុងចោល​នៅកំពង់ផែ​ភីលីពីន ហើយរដ្ឋាភិបាល​ប្រទេសនេះ ក៏បាន​ប្រកាស​ផ្ញើសំរាមទាំង​នោះទៅម្ចាស់ដើម​វិញដែរ។ នៅប្រទេស​ម៉ាឡេស៊ី ក៏ជាប្រទេស​ស្ដុក​សំរាម​ពីប្រទេសលោកខាងលិច​ធំមួយផងដែរ បន្ទាប់ពី​ប្រទេសចិន។  ហើយថ្មីៗនេះដែរ ម៉ាឡេស៊ី ក៏ធ្លាប់​ប្រកាស​បញ្ចូនសំរាម​ប្រមាណ ៣ពាន់តោន ទៅប្រភព​ដើមវិញ​ដូចគ្នាដែរ។ 

គួរឲ្យចាប់អារម្មណ៍​ជាងនេះនោះ ក្នុងសប្ដាហ៍ទី៣​នៃខែ​កក្កដានេះ កំពង់ផែ​ក្រុងព្រះសីហនុ របស់​កម្ពុជា​ ក៏ទើបតែ​ទទួលបាន​សំរាម​ប្លុងចោល​៨៣ កុងតឺន័រ ទម្ងន់​ជាង ១.៦០០ តោនផងដែរ។ បើតាមអាជ្ញាធរ​កម្ពុជា សំរាមទាំងនោះ គឺមាន​ប្រភព​មកពីអាមេរិក និងកាណាដា ហើយក៏ត្រៀម​នឹងបញ្ជូនទៅ​ប្រទេស​ដើមវិញដែរ។

ប្រទេស​នៅតំបន់​អាស៊ីគ្នេយ៍ជាច្រើន បាននិងកំពុង​វិធានការទប់ស្កាត់​ការ​ហូរចូលសំរាម​ពីប្រទេស​លោកខាងលិច។ តួយ៉ាង ប្រទេសម៉ាឡេស៊ី ត្រូវបានគេដឹងថា បាន​បញ្ឈប់ការ​នាំចូល​សំរាមពីបរទេស​តាំងពីខែ តុលា ឆ្នាំ២០១៨ ខណៈដែល​ប្រទេសថៃ អាចនឹង​បញ្ឈប់បាន​ទាំងស្រុង​នៅឆ្នាំ២០២០។ រីឯប្រទេស​ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម​ក៏​កំពុងរឹតបន្តឹង​ច្បាប់​លើ​ការនាំចូលសំរាម​ពីក្រៅប្រទេស​នេះផងដែរ។

តាម​ការព្យាករណ៍ពី​ធនាគារ​ពិភពលោក នៅឆ្នាំ២០៥០ បរិមាណសំរាម​របស់​ពិភពលោក​នឹង​កើនឡើង​ដល់ ទៅ ៣,៤ពាន់លានតោនឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹង​ប្រភព​សំរាមផ្លាស្ទិក​ ១៦០០តោន ដែល​នាំចូល​មក​កម្ពុជា​តាម​​ខេត្ត​ព្រះសីហនុ​ហើយ !

ព័ត៌មាន
ព័ត៌មាន​ជំហាន​ដំបូងពីការស៊ើបអង្កេត ឲ្យ​ដឹង​ថា សំរាម​ផ្លាស្ទិក​ប្រមាណ ១៦០០តោន ដែលរកឃើញ​នៅក្នុង​កុងតឺន័រ​ចំនួនជាង ៨០កុងតឺន័រ ដែលត្រូវ…

ធនាគារចិន AIIB អនុម័តគម្រោង​ដំបូង​បង្អស់​របស់​ខ្លួន​សម្រាប់​កម្ពុជា

ព័ត៌មាន
ធនាគារចិន គឺ​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី(AIIB) បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ខ្លួន​បាន​អនុម័ត​គម្រោង​ដំបូង​របស់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ