អាមេរិក បញ្ឈប់រុស្ស៊ីពីការទូទាត់សងបណ្ណបំណុលរដ្ឋ

អាមេរិក បញ្ឈប់រុស្ស៊ីពីការទូទាត់សងបណ្ណបំណុលរដ្ឋក្នុងតម្លៃ៦០០លានដុល្លារ ដើម្បីបង្កើនសម្ពាធបន្ថែមលើទីក្រុងម៉ូស្គូ


សហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានបញ្ឈប់រដ្ឋាភិបាលរុស្ស៊ីពីការទូទាត់បណ្ណបំណុលរដ្ឋក្នុងតម្លៃ៦០០លានដុល្លារអាមេរិក តាមរយៈធនាគារកណ្ដាលអាមេរិក។ ការសម្រេចរបស់អាមេរិកនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការបន្ថែមសម្ពាធទៅលើទីក្រុងម៉ូស្គូ ជុំវិញវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងធ្វើយ៉ាងណាកុំឲ្យទីក្រុងម៉ូស្គូទទួលបានប្រាក់ដុល្លារ ដើម្បីប្រើប្រាស់លើការទូទាត់សងបំណុលរបស់ខ្លួនទៅកាន់ម្ចាស់បំណុលនានា។
អាមេរិក បញ្ឈប់រុស្ស៊ីពីការទូទាត់សងបណ្ណបំណុលរដ្ឋ

អា​មេ​រិ​ក និង​ប្រទេស​សម្ព័ន្ធមិត្ត​លោក​ខាងលិច កំពុង​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​បន្ថែម​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ ដើម្បី​ដាក់​សម្ពាធ​ដល់​ប្រធានាធិបតី​ពូ​ទី​ន​ឲ្យ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​។ យ៉ាងណាមិញ ថ្មី​ៗ​នេះ ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ទើបតែ​សម្រេចការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​ទៅ​លើ​ម៉ូ​ស្គូ ដោយ​បញ្ឈប់​ការ​ទូទាត់​សង​បណ្ណ​បំណុល​រដ្ឋ ៦០០​លាន​ដុល្លារ​របស់​រុ​ស្ស៊ី តាម​រយៈ​ការ​កាត់​ផ្ដាច់​រុ​ស្ស៊ី​ពី​ការ​ទទួល​បាន​មូលនិធិ​របស់​ខ្លួន​ដែល​មាននៅ​ធនាគារ​របស់​អា​មេ​រិ​ក​។

មែនទែន​ទៅ អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​ច្រើន​ណាស់​ទៅ​លើ​រុ​ស្ស៊ី តាំង​តែ​ពី​ថ្ងៃ​ដែល​វិមាន​ក្រឹម​ឡាំង​បាន​ចាប់ផ្ដើម​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក​ម្ល៉េះ ដោយ​ទុនបម្រុង​អន្តរជាតិ​របស់​រុ​ស្ស៊ី ដែល​គ្រប់គ្រង​ដោយ​ធនាគារកណ្ដាល​រុ​ស្ស៊ី មាននៅ​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក គឺ​ត្រូវ​បាន​បង្កក​ទុក​អស់​ទៅ​ហើយ​។

ប៉ុន្ដែ ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ូ​ស្គូ អាច​ប្រើប្រាស់​មូលនិធិ​ដែល​ខ្លួន​បាន​បង្កក​ទាំងនោះ​បាន តាម​រយៈ​ការ​បង្កើត​ជា​កូ​ប៉ុង សម្រាប់​ទូទាត់​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​សងបំណុល​រដ្ឋ ស្រប​ទៅ​តាម​មូលដ្ឋាន ករណី​មួយ​ៗ (Cas-by -Case) តែ​ប៉ុណ្ណោះ​។

ប៉ុន្ដែ នៅ​ថ្ងៃ​ទី ៤​ខែមេសា នៅ​គ្រា​ដែល​រុ​ស្ស៊ី​ត្រូវ​ទូទាត់​សងបំណុល​ដ៏​ច្រើន រួម​បញ្ចូល​ទាំង​ការ​សង​ប្រាក់​ដើម​នៃ​បំណុល​ជាង​៥៥០​លាន​ដុល្លារ​ផង​នោះ រដ្ឋាភិបាល​អា​មេ​រិ​ក បាន​សម្រេច​កាត់​ផ្ដាច់​ការ​ទទួល​បាន​មូលនិធិ​របស់​រុ​ស្ស៊ី​ដែល​បាន​បង្កក​នៅ​ធនាគារ​អា​មេ​រិ​ក​ទាំងនោះ​។ ក្នុង​ន័យ​នេះ គឺ​រុ​ស្ស៊ី មិន​អាច​ទទួល​បាន​កូ​ប៉ុង​ទូទាត់​ជា​ប្រាក់​ដុល្លារ ដើម្បី​សងបំណុល​រដ្ឋ​ទៅ​កាន់​ម្ចាស់បំណុល​របស់​ខ្លួន​ទៀត​ទេ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ក្រុង​ម៉ូ​ស្គូ​កាន់តែ​លំបាក​ក្នុង​ការ​សម្រេចចិត្ត​ថា តើ​នឹង​ត្រូវ​បន្ដ​ប្រើ​ប្រាក់​ដុល្លារ ដើម្បី​សងបំណុល​ទៀត ឬ​ក៏​អត់ ឬ​ក៏​ប្រើ​សម្រាប់​គោលបំណង​ផ្សេង​ទៀត រួម​ទាំង​ការ​គាំទ្រ​ដល់​ការ​ធ្វើសង្គ្រាម​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​។

ប្រទេស​រុ​ស្ស៊ី មាន​រយៈពេល​អនុគ្រោះ​៣០​ថ្ងៃ ដើម្បី​រក​ប្រាក់​ដុល្លារ​មក​ធ្វើការ​ទូទាត់​សងបំណុល​របស់​ខ្លួន​ទៅ​កាន់​ម្ចាស់បំណុល​។

រុ​ស្ស៊ី មាន​បណ្ណ​បំណុល​អន្តរជាតិ​មិន​ទាន់​សង​ចំនួន​១៥ ជាមួយនឹង​តម្លៃ​ទឹកប្រាក់​សរុប​៤០​ពាន់​លាន​ដុល្លារ ហើយ​រុ​ស្ស៊ី​បាន​ខិតខំ​ខ្លាំង​ណាស់ ដើម្បី​រក​មធ្យោបាយ​បញ្ជៀ​សការ​បរាជ័យ​លើ​ការ​សងបំណុល​ទាំងនេះ បើ​ទោះបីជា​ត្រូវ​រង​សម្ពាធ​ទណ្ឌកម្ម​ពី​លោក​ខាងលិច​ខ្លាំងក្លា​យ៉ាងណា​ក្ដី​។

ប៉ុន្ដែ ប្រសិនបើ​រុ​ស្ស៊ី ពិតជា​ខកខាន​ក្នុង​ការ​ទូទាត់​បណ្ណ​បំណុល​នៅ​ពេល​ខាង​មុខ​របស់​ខ្លួន ឬ​ក៏​បង់​សង​ជា​ប្រាក់​រូ​ប្ល ទៅ​ឲ្យ​ប្រទេស​ម្ចាស់បំណុល​ដែល​ទទួលយក​តែ​លុយ​ដុល្លារ និង​អឺ​រ៉ូ នោះ​មាន​ន័យ​ថា រុ​ស្ស៊ី​នឹង​បរាជ័យ​ក្នុង​ការ​សងបំណុល​របស់​ខ្លួន​ហើយ​។ ដូច្នេះ វា​នឹង​រុញ​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​កាន់តែ​អាប់អួ​កាន់តែ​ខ្លាំង​ដែរ​។

សូម​បញ្ជាក់​ថា ការ​បង្កើន​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​រុ​ស្ស៊ី​នេះ គឺ​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កំពុង​មាន​ផែនការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​បន្ថែម​ទៀត​លើ​ទីក្រុង​ម៉ូ​ស្គូ​ក្នុង​ស​ប្ដា​ហ៍​នេះ ដើម្បី​ដាក់​ពិន័យ​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ​ដែល​បាន​សម្លាក់​ជន​ស៊ី​វិល​នៅ​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន ធនាគារពិភពលោកបន្ថយកំណើនសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនិងបូព៌ា

ព័ត៌មាន
កំណើនសេដ្ឋកិច្ចក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក កំពុងទទួលរងសម្ពាធថ្មីចំនួន៣បន្ថែមទៀត ពីលើការព្យាយាមង…

កម្ពុជាគ្រោងតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌា ដើម្បីស្តារ និងជំរុញកំណើនភ្ញៀវទេសចរ

ព័ត៌មាន
ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយឥណ្ឌា កំពុងត្រួតពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ