រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

អាមេរិកផ្អាករកស៊ីជាមួយភូមាក្រោយមានការបង្ក្រាបបាតុករដ៏សាហាវផ្ទុះឡើងថ្មីៗនេះ


នៅទីបំផុតសហរដ្ឋអាមេរិកបានបញ្ចេញនូវវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីមួយទៀតហើយ ទៅលើប្រទេសភូមា ដោយរដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកទំនាក់ទំនងដោះដូរពាណិជ្ជកម្មទាំងអស់ជាមួយភូមា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១៣ ដែលអាមេរិកធ្លាប់ធ្វើឡើងជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមមាន ភូមាផងដែរ។ ការសម្រេចរបស់អាមេរិកនេះ គឺធ្វើឡើងនៅក្រោយពេលដែលក្រុមយោធាភូមាបានបង្ក្រាបទៅលើក្រុមបាតុករយ៉ាងសាហាវ និងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ១០០នាក់បានស្លាប់កាលពីចុងសប្ដាហ៍មុននេះ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters។
បាតុករព្យាយាមរត់គេចពីការបង្រ្កាបរបស់យោធា ក្រោយចេញធ្វើបាតុកម្មនៅព្រឹកថ្ងៃ៣០មីនាឆ្នាំ២០២១ រូបភាព៖ AP
ដោយ

លោកស្រី ខាត​ធឺ​រី​ន តៃ (Katherine Tai) តំណាង​សភាពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ប្រាប់ Reuters ឲ្យ​ដឹង​ថា ការ​ផ្អាក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​រហូត​ដល់​ពេល ដែល​ប្រទេស​ភូមា វិល​ត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ ជាមួយនឹង​រដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការ​បោះ​ឆ្នោត​ដោយ​ស្របច្បាប់​។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក លោកស្រី ខាត​ធឺ​រី​ន​បន្ត​ថា ការ​កាប់សម្លាប់​លើ​បាតុករ ដែល​ធ្វើការ​ទាមទារ​ដោយ​សន្តិវិធី សិស្ស​និស្សិត កម្មករនិយោជិត រួម​ទាំង​កុមារ​ផង​នោះ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​។

គួរ​រំឭក​ផង​ដែរ​ថា ការ​សម្រេចចិត្ត​ឲ្យ​ផ្អាក​ពាណិជ្ជកម្ម​ជាមួយ​ភូមា​នេះ ត្រូវ​បាន​ធ្វើ​ឡើង ១​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុម​យោធា​បាន​បើក​ការ​បង្ក្រាប​លើ​បាតុករ​យ៉ាង​បង្ហូរឈាម​បំផុត និង​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​ជាង ១៤០​នាក់​ក្នុង​ពេល​ត្រឹម​មួយ​ថ្ងៃ ហើយ​ក្នុង​នោះ មាន​កុមារ​ជាង ១០​នាក់​ផង​ដែរ​បាន​ស្លាប់​បាត់បង់​ជីវិត​។

ទន្ទឹម​នឹង​ការ​ឆ្លើយ​តប​ពី​សហរដ្ឋអាមេរិក ប្រទេស​រួម​តំបន់​ជាមួយ​ភូមា​មួយ​ចំនួន បាន​ចេញ​មក​បង្ហាញ​ប្រតិកម្ម​ខុស​ៗ​គ្នា ជុំវិញ​អំពើ​ហិង្សា​ដ៏​សាហាវ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​។ 

ក្នុង​នោះ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី លោក វី​វៀន បា​ឡា​គ្រី​ណា​ន់ (Vivian Balakrishnan) បាន​ហៅ​ស្ថានការណ៍​នៅ​ភូមា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា​«​សោកនាដកម្ម​»​ដែល​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ដោះស្រាយ​។ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ដដែល​រួប​នេះ​បាន​បន្ត​ថា អាស៊ាន (ASEAN) ដែល​មាន​សមាជិក​ទាំងអស់​១០​ប្រទេស ត្រូវ​តែ​ជា​អ្នក​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​ដើម្បី​ផ្តល់​ដំណោះស្រាយ​បញ្ហា​នៅ​ភូមា​។

ជា​រឿយ​ៗ​លោក វី​វៀន រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី តែង​ចេញ​មុខ​មក​រិះគន់​អំពើ​ហិង្សា​នៅ​ភូមា​ពី​សំណាក់​ក្រុម​យោធា​លើ​ពលរដ្ឋ​ស្លូតត្រង់ ថែម​ទាំង​បាន​ជំរុញ​ឲ្យ​អាស៊ាន​រួម​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រទេស​និង​ប្រជាជន​ភូមា​ទៀត​ផង​។

គួរ​បញ្ជាក់​ដែរ​ថា មិនមែន​មាន​តែ​សិង្ហ​បុរី​មួយ​ទេ ដែល​ជំរុញ​ឲ្យ​អាស៊ាន​រក​ដំណោះស្រាយ ប្រទេស​សមាជិក​ដទៃ​ទៀត​រួម​មាន ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ភី​លី​ពី​ន និង​វៀតណាម​ជាដើម តែងតែ​ទទូច​ឲ្យ​អាស៊ាន​មាន​កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ ដើម្បី​ចូលរួម​ដោះស្រាយ​វិបត្តិ​ដ៏​ក្តៅ​គគុក នៅ​ភូមា​នេះ​។

ប្រទេស​វៀតណាម តាម​រយៈ​ក្រសួងការបរទេស​របស់​ខ្លួន​បាន​លើក​ឡើង​ថា វៀតណាម​បាន​ត្រៀម​រួច​ជា​ស្រេច​ទៅ​ហើយ ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ដោយ​សហការ​ជាមួយ​ប្រទេស​អាស៊ាន​ដទៃ​ទៀត រិះរក​មធ្យោបាយ​ទាំងឡាយ​ណា ឲ្យ​បាន​សមរម្យ​មួយ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា​។ លើស​ពី​នេះ វៀតណាម​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ាន តាម​សំណើ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​។ នេះ​បើ​សារព័ត៌មាន Vietnam News ចុះ​ផ្សាយ​។

ចំណែកឯ​ថៃ ដែល​ជា​ប្រទេស​នៅ​ក្បែរ​ខាង​ជាមួយ​ភូមា​ឯណេះ​វិញ ក៏​បាន​ប្រកាស​ថា​ខ្លួន កំពុង​ត្រៀម​ទទួលយក​ជនភៀសខ្លួន​ដែល​កំពុង​កើនឡើង​នៅ​តាម​ព្រំដែន ស្រប​ពេល​ដែល​យោធា​ភូមា​ផ្តើម​វាយប្រហារ​ជនជាតិ​កា​រ៉ែ​ន ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។

ជាមួយ​គ្នា​នោះ​ដែរ នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ក៏​បាន​ចេញ​មុខ​ធ្វើការ​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ដែល​ថា ថៃ​បាន​គាំទ្រ​របប​សឹក​ភូមា តាម​រយៈ​ការ​ផ្តល់​ស្បៀងអាហារ​ទៅ​ឲ្យ​ក្រុម​យោធា​ភូមា​ទាំងនោះ​។

សូម​បញ្ជាក់​ថា ទិន្នន័យ​ចុង​ក្រោយ​ពី​ខាង​អង្គការជួយ​អ្នកទោស​នយោបាយ​នៅភូមា ហៅ​កាត់​ថា AAPP គិត​ត្រឹម​ថ្ងៃ​ទី​៣០​មីនា ពលរដ្ឋ​ភូមា​ស្លាប់​ដោយសារ​ការ​បង្ក្រាប​របស់​របប​សឹក​យោធា​ភូមា​បាន​កើនឡើង​ដល់ ៥១០​នាក់​ហើយ ដែល​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​ជឿ​ថា នឹង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន១៥នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់បន្ថែមទៀត…

ទីបំផុតចិនប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតថ្មីនៅហុងកុងក្រោយអនុម័តមិនដល់១ខែ

ព័ត៌មាន
នៅទីបំផុតប្រទេសចិនបានប្រកាស អំពីការសម្រេចអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវច្បាប់ស្តីពីការបោះឆ្នោតថ្មីសម្រាប់តំបន់រដ្ឋបាលស្វយ័តពិសេសហុងកុងហើយនៅថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ