ការប្រកាសអាសន្នជំងឺអុតស្វានៅអាម៉េរិក

អាមេរិកប្រកាសអាសន្នផ្នែកសុខភាពសារណៈ ចំពោះករណីឆ្លងរាលដាលនៃជំងឺអុតស្វា


ក្រសួងសុខាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ សីហាថា សហរដ្ឋអាមេរិកបានប្រកាសអាសន្នសុខភាពសាធារណៈ ចំពោះការឆ្លងរីករាលដាលនៃជំងឺអុតស្វា ដែលក្រោយមានការប្រកាសនេះ រដ្ឋាភិបាលនឹងត្រូវចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីបង្កើនថវិកា និង ត្រៀមឧបករណ៍បច្ចេកទេសបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
អាមេរិកប្រកាសអាសន្ន ចំពោះករណីឆ្លងរាលដាលនៃជំងឺអុតស្វា

ការ​ប្រកាស​នេះ​កើត​ឡើងនៅពេលដែលចំនួន​ករណី​ឆ្លងជំងឺអុតស្វា​នៅសហរដ្ឋអាមេរិក​បានកើនឡើង​ដល់​ ជាង ៦ ពាន់ ៦រយ​ករណី​ ​គិតត្រឹមថ្ងៃទី៣ខែសីហា ខណៈ​ស្ទើរតែ​ទាំងអស់នៃករណីកើ​តឡើង​ក្នុងចំណោម​បុរស​ដែល​រួមភេទ​​ជាមួយ​បុរស​។ លោក Xavier Becerra លេខាធិការផ្នែកសេវាសុខភាពអាមេរិក​បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា អាមេរិកត្រូវតែត្រៀមខ្លួនដើម្បីដោះស្រាយជំងឺ​រាតត្បាតអ៊ុតស្វានេះ និង ជំរុញឱ្យជនជាតិអាមេរិកទាំងអស់ត្រូវ​មានការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់។

លោក Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបាននិយាយថា សេចក្តីប្រកាសនេះក៏នឹងជួយធ្វើឱ្យប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បានទិន្នន័យ​ជំងឺអ៊ុតស្វាផងដែរ។ ទន្ទឹមនឹងនោះ លោក ចូ បាយឌិន កាលពីដើមខែនេះ បានតែងតាំងមន្ត្រី​សហព័ន្ធ​កំពូល២ រូប ដើម្បីសម្របសម្រួល​ការឆ្លើយតបក្នុងរដ្ឋបាលរបស់ខ្លួនចំពោះជំងឺអ៊ុតស្វា បន្ទាប់ពីការ​ប្រកាស​អាសន្ននៅរដ្ឋ California រដ្ឋ Illinois និង ញូវយ៉ក។

គួររំឮកថា កាលពីខែ កក្កដា អង្គការសុខភាពពិភពលោកធ្លាប់បានដាក់ជំងឺអ៊ុតស្វានេះ ក្នុងស្ថានភាពអាសន្ន​សម្រាប់​វិស័យសុខភាពសាធារណៈ ដែលជាការព្រួយបារម្ភជាអន្តរជាតិ។ សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីខែមុនត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានការឆ្លើយតប​ជាអន្តរជាតិក្នុងការសម្របសម្រួល និង ផ្តល់មូលនិធិដើម្បីសហការលើវ៉ាក់សាំង និងការព្យាបាល។

មែនទែនទៅ មេរោគអ៊ុតស្វាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងសត្វស្វាក្នុងឆ្នាំ ១៩៥៨ ដែលជំងឺនេះមានរោគសញ្ញាស្រាលរួមមានគ្រុនក្តៅ ឈឺ និង ដំបៅស្បែកដែលពោរពេញដោយខ្ទុះ ហើយមនុស្សមានទំនោរនឹងជាសះស្បើយពីវាក្នុងរយៈពេល២ទៅ៤សប្តាហ៍ ដែលវាឆ្លងតាមរយៈការប៉ះរាងកាយជិតស្និទ្ធ និង ហានិភ័យនៃការស្លាប់មានកម្រិតទាប។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺនេះមិនដូចពេលដែលមានការរីករាលដាលនៃជំងឺកូវីដ ១៩ បានផ្ទុះឡើងនោះទេ ខណៈវាមានវ៉ាក់សាំង និង វិធីសាស្រ្តព្យាបាលរួចហើយ ដែលមានជាលើកដំបូងនៅក្នុងទ្វីបអាហ្រ្វិកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។

គួរជម្រាបថា រដ្ឋាភិបាល​អាមេរិក​បាន​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺអ៊ុត​ស្វា​ចំនួនជិត ១ សែន ៦ ពាន់ ដូស​នៅ​ទូទាំង​ប្រទេសបើ​គិត​ត្រឹម​ពាក់កណ្តាល​ខែកក្កដា ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជាទិញវ៉ាក់សាំងការពារជំងឺនេះចំនួន ២,៥ លានដូសបន្ថែមទៀត៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងថា នឹងមិនអត់ឱនឲ្យអាមេរិកនោះឡើយ ជុំវិញការចោទប្រកាន់រឿងកម្មវិធីអាវុធរបស់ខ្លួន

ព័ត៌មាន
ប្រទេសកូរ៉េខាងជើង ដែលជារឿយៗបានសាកល្បងអាវុធមីស៊ីលរបស់ខ្លួនបង្ហាញសាច់ដុំទៅកាន់ពិភពលោកនោះ ថ្មីៗនេះ បានប្រកាសប្រាប់ទៅកាន់អាមេរិកថា ទីក្រ…

អ្នកអភិវឌ្ឍន៍ខុនដូមួយចំនួន ចាប់ផ្ដើមសម្លឹងឃើញឱកាសវិនិយោគខុនដូតម្លៃទាប

ព័ត៌មាន
កន្លងមកការអភិវឌ្ឍខុនដូច្រើនតែមានការអភិវឌ្ឍនៅក្នុងតំបន់កណ្ដាលក្រុង និងតម្លៃខ្ពស់ ប៉ុន្ដែ ថ្មីៗនេះ អ្នកអភិវឌ្ឍន៍មួយចំនួនបានងាកមករកការអភិវឌ្ឍ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ