អាមេរិក-តៃវ៉ាន់

អាមេរិកថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកទៅទៀត


មន្ត្រីជាន់ខ្ពស់តំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីថ្មីជាមួយកោះតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលទើបតែប្រកាសឡើងថ្មីៗនេះទៅទៀត ខណៈដែលចិនវិញបានចេញមកប្រឆាំងដាច់ខាតចំពោះគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មថ្មីរវាងអាមេរិកនិងកោះតៃវ៉ាន់នេះ ។
អាមេរិកថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកទៅទៀត
ដោយ

ចិន​ប្រឆាំងដាច់ខាតចំពោះគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មថ្មីរវាងអាមេរិកនិងកោះតៃវ៉ាន់នេះ ក៏ដោយសារតែ​ទីក្រុងប៉េកាំងចាត់ទុកថា វាគឺជា​ផែន​ការ​មួយរបស់អាមេរិក​ក្នុងការ​ឈានទៅ​ទទួលស្គាល់​​​កោះតៃវ៉ាន់ចំពោះ​​​ដើរ​តួ​ក្នុង​ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលវាគឺផ្ទុយនឹងអ្វីដែលចិនតែងទាមទារ​ឲ្យ​មានការគោរព​គោលនយោបាយចិនតែមួយ ហើយចិន​ធ្លាប់ប្រាប់ហើយប្រាប់ទៀតថា តៃវ៉ាន់នេះ គឺគ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ នេះបើតាម​ការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

សហរដ្ឋអាមេរិក និងកោះ​តៃវ៉ាន់​នៅថ្ងៃទី ១មិថុនា បាន​ប្រកាស​ពី​គំនិតផ្តួចផ្តើមចរចា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​អាមេរិក-​តៃវ៉ាន់ ​ស្តី​ពីពាណិជ្ជ​កម្ម​សត​វត្សរ៍ទី​២១​ ដោយការប្រកាសនេះ ធ្វើឡើង​តែ​​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋការ​​លោក ​ចូ បៃដិន ​​បានប្រកាស​ពី​ក្របខណ្ឌសេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្ដែ ក្នុងនោះ អាមេរិក​មិនបានអញ្ជើញតៃវ៉ាន់ឲ្យចូលរួមនោះទេ។

លោកស្រី សារ៉ា បៀនឈី (Sarah Bianchi) តំណាងពាណិជ្ជកម្មរង​របស់អាមេរិក បាននិយាយថា វាមានភាពស្រដៀងគ្នារវាងកិច្ចពិភាក្សាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលទើបចាប់ផ្ដើម និងកិច្ចចរចាពាណិជ្ជកម្ម​ជាមួយនឹង​កោះតៃវ៉ាន់ ប៉ុន្តែគំនិតផ្តួចផ្តើមចុងក្រោយនេះ គឺមានគោលបំណងបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់​លើបញ្ហាសេដ្ឋកិច្ចជាក់លាក់។

នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសួរថា តើ​គំនិតផ្ដួចផ្ដើម​ចរចាពាណិជ្ជកម្ម​រវាងអាមេរិកជាមួយកោះតៃវ៉ាន់នេះ នឹងអាចសម្រេចបានជាផ្លែផ្កា​ឆាប់ៗជាង​ កិច្ចចរចាក្របខណ្ឌសេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិកដែរ ឬទេ? លោកស្រី បៀនឈី ឆ្លើយថា ពិតណាស់ វាអាចនឹង​សម្រេចបាន។

ក្រោយពីអាមេរិកប្រកាសចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយកោះតៃវ៉ាន់ភ្លាម ប្រទេសចិន​បានចេញមកសម្ដែង​ការខឹងសម្បារយ៉ាង​ខ្លាំង ​ចំពោះ​ការ​បង្កើនទំនាក់​ទំនង​របស់​សហរដ្ឋអាមេរិកជា​មួយ​កោះ​តៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ​ ដោយប្រទេស​ចិនតែង​តែ​​បានពណ៌នាជា​រឿយៗ​​ពីបញ្ហាកោះតៃវ៉ាន់នេះថា ​ជា​បញ្ហាដ៏​សំខាន់បំផុត​ និង​ដ៏​រសើបបំផុត​​ផង​ដែរ​​នៅក្នុងទំនាក់ទំនងចិននិង​អាមេរិក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កៅ ហ្វឹង (Gao Feng)​ បាននិយាយថា «សហរដ្ឋអាមេរិក​គួរតែដោះស្រាយទំនាក់ទំនងពាណិជ្ជកម្ម ​និងសេដ្ឋកិច្ចជាមួយកោះ​តៃវ៉ាន់​​ដោយ​ប្រយ័ត្ន​ប្រយែង​​ ​ដើម្បីជៀសវាងការផ្ញើ​សារ​ខុស​ទៅកាន់​ក្រុម​អ្នកបំបែក​ខ្លួន​​នៅ​កោះ​មួយនេះ»​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មចិនរូបនេះ ​បាននិយាយទៀត​ថា ទីក្រុងប៉េកាំង​សុំ​ធ្វើ​ការ​ប្រឆាំងគ្រប់​ទម្រង់​ទាំង​អស់ ​​នៃ​ទំនាក់ទំនង​ផ្លូវការ​រវាង​តៃវ៉ាន់ ​​និងប្រទេសដទៃទៀត​​​រួមទាំងការចរចា ​និងការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច​​ និងពាណិជ្ជកម្មណាមួយ​​«​នៅ​ក្នុងរូប​ភាព​អធិ​បតេយ្យ​ភាព​ និងមានលក្ខណៈផ្លូវការ»​​។

បើទោះបីជាបានដឹងជាមុនថា ចិននឹងខឹងសម្បារក្ដី ប៉ុន្ដែ កោះ​តៃវ៉ាន់​ហាក់​ដូច​ជា​ពេញចិត្តពេញថ្លើម​​ចំពោះ​គំនិតផ្តួចផ្តើម​ពាណិជ្ជ​កម្ម​ជាមួយ​សហ​រដ្ឋ​អាមេរិក​នេះ ​ដោយ​ចាត់​ទុក​​ថា ​វាជាសញ្ញាមួយផ្សេងទៀតនៃការ​គាំទ្រ​ពី​​ទីក្រុងវ៉ាស៊ីនតោន ​ហើយ​សង្ឃឹម​ថា ​នៅទី​បំផុត​​វាអាចត្រួសត្រាយផ្លូវ​​សម្រាប់​តៃវ៉ាន់​​ក្នុង​ការ​​ចូលរួម​​ក្នុង​ក្របខណ្ឌសេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក ​(IPEF) របស់​លោក ចូ បៃដិន ​​ដែលទើបប្រកាសឡើងជាផ្លូវការកាលពីសប្តាហ៍មុន។​

មន្ត្រីជាន់ខ្ពស់ទីក្រុងតៃប៉ិអះអាងថា​ ​កោះតៃវ៉ាន់​មាន​តួនាទីសំខាន់​មិនអាចខ្វះបាន​នៅ​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក។ ចំណុច​នេះហើយ បានធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងច្បាស់​ថា អាមេរិក​ត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ​​ដើម្បីពង្រឹងសមត្ថភាព ​និងសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានឹងប៉ះពាល់កាន់តែខ្លាំងនៅឆ្នាំក្រោយ បើសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ

ព័ត៌មាន
អ្នកជំនាញ និងអ្នកជំនួញធំៗនៅកម្ពុជា បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមានចំពោះសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅឆ្នាំខាងមុខនេះ ប្រស…

អាមេរិកបញ្ជាក់ជំហរជាថ្មីម្តងទៀតថា ខ្លួនពិតជាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ

ព័ត៌មាន
យោងតាមឯកសារថ្លែងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ជំហររបស់ខ្លួនសារជាថ្មីម្តងទៀតថា ខ្លួនមិនគាំទ្រឯករាជ្យភាពជាផ្លូវការបស់កោះតៃវ៉ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ