កសិកម្ម

វៀតណាម​នាំ​បន្លែ​ផ្លែ​ឈើ​ខ្លួន​ចេញ​ ប៉ុន្តែ​​​ប្រជាជន​វៀតណាម​ចូលចិត្ត​ប្រើ​​បន្លែ​ផ្លែ​ឈើ​នាំចូល​ពី​ថៃ​និងចិន​


ប្រទេស​វៀតណាម​ផលិត​និង​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​យ៉ាង​ច្រើន ទៅ​កាន់​បណ្ដា​ប្រទេស​នានា រួមទាំង​កម្ពុជា។ ប៉ុន្តែ ប្រជាជន​វៀតណាម​ខ្លួន​ឯង​ហាក់​ចូលចិត្ត​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស​ថៃ និង​ចិន វិញ ដោយ​នាំ​ឲ្យ​បរិមាណ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​របស់​វៀតណាម ពីក្រៅ​ប្រទេស កើន​ឡើង​ជា​ហូរហែ។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​នានា។
វៀតណាម​នាំ​បន្លែផ្លែ​ឈើ​ចេញ​ទៅ​៦០​ប្រទេស ក្នុង​ទឹក​ប្រាក់​ជាង ២ពាន់ ៤រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។ រូបភាព៖ pixabay.com
ដោយ

យោងតាម​សារព័ត៌មាន​អេឡិចត្រូនិក VietnamNet ឆ្នាំ​២០១៦ វៀតណាម​នាំ​បន្លែ​ផ្លែ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស ក្នុង​ទឹកប្រាក់​សរុប ២ពាន់ ៤០០លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០១៥ ប្រមាណ ៣០%។ 

ហើយ​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​ទឹកប្រាក់ ៣ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧​នេះ។ 

ឆ្នាំ​២០១៦ ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​របស់​វៀតណាម មាន​ចំនួន​ទឹក​ប្រាក់​ច្រើន​ជាង​តម្លៃ​នាំ​ចេញ​ស្រូវ​របស់​ប្រទេស​នេះ​ទៅ​ទៀត។ បន្លែ​ផ្លែ​ឈើ​វៀតណាម​នាំ​ចេញ​ទៅ​កាន់ ៦០​ប្រទេស​និង​ដែនដី ក្នុង​នោះ​រាប់​ទាំង​កម្ពុជា​ផង ដែល​ជា​ប្រទេស​នាំ​ចូល​បន្លែ​ពី​វៀតណាម​ដ៏​សន្ធឹក​សន្ធាប់។ 

គួរអានផង​ដែរ!៖ កម្ពុជា​មាន​តម្រូវការ​បន្លែ​មួយឆ្នាំៗ ប្រហែល​១​លាន​តោន ហើយ​ភាគច្រើន​នាំ​ចូល​ពី​វៀតណាម​និង​ថៃ។

ក្នុង​ពេល​ពីរ​ខែ​ដើម​ឆ្នាំ​២០១៧ វៀតណាម​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ថៃ​ ក្នុង​ទឹក​ប្រាក់​ជិត​១០០លាន​ដុល្លារ។ (www.pixabay.com)

ទន្ទឹម​នឹង​នាំ​ចេញ វៀតណាមក៏​​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ថៃ​និង​ចិន​ដែរ

សារព័ត៌មាន​វៀតណាម ផ្សាយថា ក្នុង​រយៈពេល​ពីរ​ខែ​ឆ្នាំ​២០១៧ វៀតណាម​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ក្នុង​តម្លៃ​ទឹកប្រាក់ ១៦៤​លាន​ដុល្លារ​អាមេរិក ដែល​ភាគច្រើន​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ចិន។ 

តួលេខ​អគ្គនាយកដ្ឋាន​គយ​របស់​វៀតណាម បង្ហាញថា ទឹកប្រាក់​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​​ពី​ក្រៅប្រទេស​សម្រាប់​រយៈពេល​ពីរ​ខែ​ គឺ​ខែ​មករា និង​កុម្ភៈ កើន​ឡើង ៣១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៦។ ជាមធ្យម ប្រជាជន​វៀតណាម​ចំណាយ​ប្រាក់​ជិត ២លាន​៨សែន​ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ ទៅ​លើ​បន្លែ​ផ្លែ​ឈើ​នាំ​ចូល។ 

ប្រទេស​ថៃ​ជា​ប្រភព​ធំជាងគេ​បំផុត​ ដែល​វៀតណាមនាំ​បន្លែ​ផ្លែ​ឈើ​ចូល​មក ហើយ​បន្លែ​ផ្លែ​ឈើ​មក​ពី​ប្រទេស​ចិន ឈរ​នៅ​លំដាប់​លេខ​ពីរ។ ក្រៅ​ពី​នេះ វៀតណាម​ក៏​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​សហរដ្ឋ​អាមេរិក និង​មីយ៉ាន់ម៉ា​ខ្លះ​ដែរ។ 

ចិន​ជា​ប្រទេស​ធំ​ទីពីរ​បន្ទាប់​ពី​ថៃ ដែល​វៀតណាម​នាំ​បន្លែ​ផ្លែ​ឈើ​ចូល។ (www.pixabay.com)

តើ​ហេតុ​អ្វី​ប្រជាជន​វៀតណាម​​ងាក​មក​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​និងចិន?

យោង​តាម​អ្នកជំនាញ​កសិកម្ម​របស់​ប្រទេស​វៀតណាម មូលហេតុ​ចម្បង​ពីរ​ដែល​ជនជាតិ​វៀតណាម​​ចូលចិត្ត​បន្លែ​ផ្លែ​ឈើ​មក​ពី​ប្រទេស​ថៃ និង​ចិន។ ទីមួយ គឺ​ភាព​ខុសគ្នា​នៃ​រសជាតិ និង​ទីពីរ គឺ​គុណភាព។

គួរ​រំឭក​ដែរថា ប៉ុន្មាន​ឆ្នាំ​មុន បន្លែ​ផ្លែ​ឈើ​វៀតណាម​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​គេ​រកឃើញថា ផ្ទុក​សារធាតុ​គីមី​ក្នុង​កម្រិត​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព។ ហើយ​សហភាព​អឺរ៉ុប​បាន​ដាក់​បំរាម​មួយ​រយៈ​លើ​ការនាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​វៀតណាម។ 

កត្តា​នេះអាច​ជា​មូលហេតុ​មួយ ដែលនាំ​ឲ្យ​ពលរដ្ឋ​វៀតណាម​ខ្លួន​ឯង លែង​សូវជឿទុក​ចិត្ត​លើ​គុណភាព​នៃ​បន្លែ​ផ្លែ​ឈើ​របស់​ប្រទេស​ខ្លួន ហើយ​អ្នក​ដែល​មាន​លទ្ធភាព​ ក៏​នាំ​គ្នា​ងាក​ទៅ​ប្រើ​ផលិត​ផល​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​ថៃ និង​ចិន​វិញ។ 

ចំពោះ​មុខ​ការនាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​វៀតណាម​និងថៃ ប្រជាជន​ខ្មែរ​គួរនាំ​គ្នា​ប្រើ​ប្រាស់​របស់​ខ្មែរ​ដើម្បី​លើក​ទឹកចិត្ត​កសិករ​ក្នុង​ស្រុក។ (រូបភាព៖ ហេង ភារម្យ)

នៅ​កម្ពុជា ប្រជាជន​ក៏​ខ្វល់ខ្វាយ​រឿង​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដែរ !

កន្លង​មក​ មាន​សេចក្ដី​រាយការណ៍​ជាច្រើន​នៃ​ការនាំ​ចូល​ផលិត​ផល​ចំណី​អាហារ ដែល​ខូច​គុណភាព និង​ដែល​ផ្ទុក​សារធាតុ​គីមី​អាច​ប៉ះពាល់​ដល់​សុខភាព ពី​ប្រទេស​វៀតណាម និង​ថៃ។ ក្នុង​នោះ បន្លែ​ផ្លែ​ឈើ​នាំ​ចូល ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា អាច​នឹង​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​ដែរ។ 

កន្លង​មក ប្រជាពលរដ្ឋ​ខ្មែរ​ទាមទារ​ឲ្យ​អាជ្ញាធរ​រឹតបន្តឹង​ការត្រួតពិនិត្យ​គុណភាព​នៃ​ទំនិញ​នាំ​ចូល ជាពិសេស ចំណី​អាហារ និង​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ ហាក់​មិន​ទាន់ទទួល​បាន​ការឆ្លើយតប​វិជ្ជមាន​ពី​អាជ្ញាធរ​នៅ​​ឡើយ៕




អត្ថបទបន្ទាប់


កូរ៉េ​ស្ថិត​នៅ​លំដាប់​ទី១​ក្នុង​ចំណោម​ប្រទេស​៥​ដែល​វិនិយោគ​​លើ​​វិស័យ​សំណង់​ច្រើន​ជាង​គេ​នៅ​កម្ពុជា

ព័ត៌មាន
ក្នុង​ចំណោម​ប្រទេស​ទាំង​១៧ ដែល​​បាន​​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា គឺ​មាន​ប្រទេស​តែ​៥​ប៉ុណ្ណោះ ដែល​ជាប់​ចំណាត់​ថ្ន…

ឧកញ៉ា សៀ ឫទ្ធី ពី​បុគ្គលិក​ធម្មតា​ដឹក​ជញ្ជូន​ទំនិញ ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ជាង​៣០

ព័ត៌មាន
រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​បាន​សម្លឹង​និង​ចាប់​អាម្មរណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ដំណើរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ