ការនាំចេញវៀតណាមទៅរុស្ស៊ីចាប់ផ្ដើមរងប៉ះពាល់

ការនាំចេញវៀតណាមទៅរុស្ស៊ីចាប់ផ្ដើមរងប៉ះពាល់ ដោយសារតែទណ្ឌកម្មលោកខាងលិច


ប្រទេសវៀតណាម កំពុងចាប់ផ្ដើមរងផលប៉ះពាល់លើការនាំចេញទំនិញរបស់ខ្លួនទៅកាន់រុស្ស៊ីជាបណ្ដើរៗហើយ ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មពីប្រទេសលោកខាងលិច បានធ្វើឲ្យការបញ្ជាទិញផលិតផលវៀតណាម ពីប្រទេសរុស្ស៊ី និងប្រតិបត្តិការទូទាត់នាំចេញទំនិញមានការពន្យារពេល។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
ផែដឹកទំនិញរបស់វៀតណាម

ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​លោក​ខាងលិច ទៅ​លើ​រុ​ស្ស៊ី ជុំវិញ​វិបត្តិ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន កំពុង​បង្ក​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី ក៏​ដូច​ជា​ការ​រំខាន​ដល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សក​លោក រួម​ទាំង​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុ​ស្ស៊ី​ផង​ដែរ​។

លោក ផា​ម មិ​ញ​ថុ​ង អគ្គនាយក​ក្រុមហ៊ុននាំចេញ​ទំនិញ Phuc Sinh​របស់​វៀតណាម​បាន​អះអាង​ថា រូប​លោក​បាន​ចំណាយពេល​ច្រើន​ថ្ងៃ​ហើយ ក្នុង​ការ​ទាក់ទង​ទៅ​កាន់​អតិថិជន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​អឺរ៉ុប ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ​ពន្យារពេល​។ លោក ផា​ម មិ​ញ​ថុ​ង បន្ថែម​ថា ក្នុង​មួយ​ឆ្នាំ ក្រុមហ៊ុន​របស់​ខ្លួន​មានការ​នាំ​ចេញ​ផលិតផល​កាហ្វេ ម្រេច និង​ផលិតផល​ផ្សេង​ៗ​ទៀត​ទៅ​កាន់​ទីផ្សារ​រុ​ស្ស៊ី​ក្នុង​តម្លៃ​ប្រហែល ៣០​លាន​ដុល្លារ ប៉ុន្ដែ នៅ​ពេល​ដែល​រុ​ស្ស៊ី ចាប់ផ្ដើម​ប្រកាសសង្គ្រាម​វាយប្រហារ​ទៅ​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មុន បាន​ជំរុញ​ឲ្យ​ប្រទេស​លោក​ខាងលិច​ទម្លាក់​ទណ្ឌកម្ម​ផ្ទួន​ៗ​ទៅ​លើ​រុ​ស្ស៊ី ហើយ​ឥឡូវនេះ ការ​បញ្ជា​ទិញ​ទំនិញ​ពី​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​លោក​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​។

បន្ទាប់​ពី​ធនាគារ​រុ​ស្ស៊ី​មួយ​ចំនួន​ត្រូវ​បាន​រារាំង​ពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT ការ​បញ្ជា​ទិញ​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ក៏​មាន​តម្លៃ​ធ្លាក់​ចុះ​ពាក់កណ្ដាល ដោយសារ​តែ​ប្រាក់​រូ​ប្ល​រុ​ស្ស៊ី​ធ្លាក់​ថ្លៃ​ខ្លាំង និង​ការ​ពន្យារពេល​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​។

អ្នកជំនួញ​វៀតណាម​ដដែល​នេះ បាន​បញ្ចា​ក់​ទៀត​ថា ក្រុមហ៊ុន​ដែល​ជា​ដៃគូ​របស់​លោក​នៅ​រុ​ស្ស៊ី និង​អឺរ៉ុប​ក៏​ប្រឈម​នឹង​បញ្ហា​ស្រ​ដៀង​គ្នា​នេះ​ដែរ ដោយសារ​តែ​ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​លើ​រុ​ស្ស៊ី​។ ក្រៅពី​នេះ ក្រុមហ៊ុននាំចេញ ផ្លែ​ឈើ និង​បន្លែ​របស់​វៀតណាម ទៅ​កាន់​រុ​ស្ស៊ី ក៏​ត្រូវ​បាន​ផ្អាក​ការ​បញ្ជា​ទិញ​ដែរ ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​ជួប​ការ​លំបាក​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អន្តរជាតិ គឺ​មិន​អាច​ទទួល​បាន​ទំនិញ​អ្វី​ទាំងអស់ ដោយសារ​តែ​មានការ​រឹតត្បិត​ជើងហោះហើរ​ទៅ​កាន់​រុ​ស្ស៊ី ការ​បញ្ជា​ទិញ​ត្រូវ​បាន​ពន្យារពេល ហើយ​ការ​ទូទាត់​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ដោយសារ​តែ​ធនាគារ​រុ​ស្ស៊ី ត្រូវ​បាន​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT​។

ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០២១ បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​រុ​ស្ស៊ី​ក្នុង​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ ហើយ​ការ​នាំ​ចូល​មក​វិញ​មាន​ជាង​២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​គយ​វៀតណាម​។ វៀតណាម​នាំ​ចេញ​ទំនិញ​ភាគច្រើន ទៅ​រុ​ស្ស៊ី​រួម​មាន កុំព្យូទ័រ គ្រឿង​បង្គុំ ទូរស័ព្ទ វាយ​ន​ភណ្ឌ កាហ្វេ និង​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និក​។

ដោយឡែក បើ​មើល​ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​អ៊ុយ​ក្រែ​ន​វិញ គឺ​មាន​ក្នុង​រង្វង់​ក្រោម​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា ប្រទេស​វៀតណាម ដែល​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម ប្រទេស​ចំនួន​៣៥ ដែល​បាន​បោះ​ឆ្នោត​អនុប្បវាទ ចំពោះ សេចក្ដីសម្រេច​របស់​សន្និបាត​អង្គការសហប្រជាជាតិ ដែល​បោះ​ឆ្នោត​ទាមទារ​ឲ្យ​រុ​ស្ស៊ី​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រទេស​ចំនួន​១៤១​ប្រទេស​បាន​បោះ​ឆ្នោត​គាំទ្រ និង​មាន​ប្រទេស​ចំនួន​ត្រឹមតែ ៥​ប៉ុណ្ណោះ បាន​បោះ​ឆ្នោត​ប្រឆាំង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនបង្ហាញពីជំនឿចិត្តក្នុងការធានាការផ្គត់ផ្គង់ថាមពល ទោះបីជាមានបញ្ហាប្រឈមក៏ដោយ

ព័ត៌មាន
មន្ត្រីផែនការរដ្ឋចិនបានឱ្យដឹងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា រដ្ឋាភិបាលរបស់ប្រទេសចិនមានលទ្ធភាពផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ ទោះបីជាមានបញ្ហាប្រឈមធ្ងន់ធ្…

មហាអំណាចអាមេរិកបើកដៃឲ្យសម្ព័ន្ធមិត្តណាតូ ផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនជាបន្ទាន់ !

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខេន (Antony Blinken) បាននិយាយអះអាងថា សមាជិកណាតូទាំងអស់ អាចបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ