កូវីដ១៩នៅវៀតណាម

វៀតណាមប្រឈមនឹងវ៉ាក់សាំងកូវីដ-១៩មកដល់យឺត ខណៈករណីឆ្លងប្រចាំថ្ងៃហក់ឡើងកាន់តែខ្ពស់


វ៉ាក់សាំងមកដល់យឺតកំពុងរុញស្ថានការណ៍នៅវៀតណាមកាន់តែយ៉ាប់យ៉ឺន ខណៈករណីឆ្លងកូវីដ១៩ថ្មីកើនឡើងជិត១ម៉ឺនករណីក្នុងមួយថ្ងៃ។ លើសពីនេះ ការទទួលបានវ៉ាក់សាំងមកចាក់ជូនពលរដ្ឋរបស់វៀតណាម ក៏ស្ថិតនៅក្នុងសភាពយឺតយ៉ាវខ្លាំងដែរ ពោលគឺ មកទល់ពេលនេះ វៀតណាមទើបតែទទួលបានវ៉ាក់សាំងប្រមាណ១៩លានដូសប៉ុណ្ណោះ ខណៈដែលវៀតណាមត្រូវការវ៉ាក់សាំងយ៉ាងហោចណាស់ជិត២០០លានដូស ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួនសរុបដែលមានដល់ទៅជិត១០០លាននាក់។
កូវីដ១៩នៅវៀតណាម
ដោយ

នៅ​គ្រា​ដែល វៀតណាម​កំពុង​ខ្វះ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ គេ​សង្កេត​ឃើញ​ថា ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ ក៏​កំពុង​ហក់​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ដែរ ពោល​គឺ​មាន​ដល់​ទៅ​ជិត ១​ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ឧបនាយករដ្ឋមន្ត្រី លោក វូ ឌឹ​ក​ដាម ដែល​ជា​ប្រធាន​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​វៀតណាម​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ស្ថានភាព​ជំងឺ​កូ​វី​ដ​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ហើយ​! ហើយ​រដ្ឋាភិបាល​ក៏​កំពុង​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​កូ​វី​ដ​១៩​ចាក់​ជូន​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

ទន្ទឹម​នេះ​លោក វូ ឌឹ​ក​ដាម បន្ត​ថា មូលហេតុ​នៃ​ការ​ខ្វះ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ ដោយសារ​បញ្ហា​ផ្គត់ផ្គង់​មាន​ភាព​យឺតយ៉ាវ ប៉ុន្ដែ លោក​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​។ មន្ត្រីជាន់ខ្ពស់​របស់​វៀតណាម​ដដែល​នេះ​បន្ថែម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ មេដឹកនាំ​វៀតណាម​បាន​ធ្វើការ​ទាក់ទង​ទូរស័ព្ទ​ប្រហែល ២០​ដង​ទៅ​កាន់​ភាគី​បរទេស​ជា​ដៃគូ ដើម្បី​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មី​ញ​ចី​ង (Pham Minh Chinh) នៅ​ឯ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​ឱ្យ​មានការ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ក្នុង​ប្រទេស​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ផង​ដែរ​។

រលក​ឆ្លង​កូ​វី​ដ​នៅ​ប្រទេស​វៀតណាម​ភាគច្រើន​លេច​ចេញ​ឡើង​នៅ​កណ្តាល​ទីក្រុង​ហូ​ជី​មិ​ញ និង ខេត្ត​ឧស្សាហកម្ម ប៊ិ​ញ​ឌឿ​ង និង ដុ​ង​ណៃ ខណៈ​ដែល​តួលេខ​កាលពី​ថ្ងៃ​សោ​រ៍ស​ប្ដា​ហ៍​មុន​នេះ បង្ហាញ​ថា វៀតណាម​មាន​អ្នក​ឆ្លង​ដល់​ទៅ​ជិត​១​ម៉ឺន​នាក់ ត្រឹម​រយៈពេល​១​ថ្ងៃ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ 

មក​ទល់​ពេល​នេះ វៀតណាម​ទើបតែ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​សរុប​១៩​លាន​ដូ​ស​ប៉ុណ្ណោះ ពី​កម្មវិធី​កូ​វ៉ា​ក់ និង​កិច្ចព្រមព្រៀង​ដែល​ធ្លាប់​មាន​ជាមួយនឹង​ប្រទេស​ដៃគូ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​។ ក្នុង​នោះ វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ប្រភេទ AstraZeneca ជាង​១១​លាន​៥​សែន​ដូ​ស​, វ៉ក់​សាំង​Sputnik V របស់​រុ​ស្ស៊ី ១​ម៉ឺន​២​ពាន់​ដូ​ស​, វ៉ាក់សាំង Pfizer របស់​អា​មេ​រិ​ក​ជាង​៧៤​ម៉ឺន​ដូ​ស និង​ជាង ៥​លាន​ដូ​សទៀត​ជា​វ៉ាក់សាំង Moderna​។ ខណៈ​វ៉ាក់សាំង​ដែល​បាន​ពី​ប្រទេស​ចិន Sinopharm វិញ​មាន​ជាង​១​លាន​៥​សែន​ដូ​ស​។

ក្រៅពី​វ៉ាក់សាំង ដែល​ទទួល​បាន​នេះ វៀតណាម​ក៏​បាន​និង​កំពុង​ខិតខំ​ចរចា​បញ្ជា​ទិញ​វ៉ាក់សាំង​ជា​បន្ដបន្ទាប់​ទៀត​ផង​ដែរ តួយ៉ាង កាលពី​ខែមិថុនា​រដ្ឋាភិបាល​វៀតណាម បាន​យល់ព្រម​ទិញ​វ៉ាក់សាំង AstraZeneca បន្ថែម​៣០​លាន​ដូ​ស ហើយ​ថ្មី​ៗ​នេះ ក៏​មាន​ផែនការ​នឹង​បញ្ជា​ទិញ​វ៉ាក់សាំង  Pfizer អា​មេ​រិ​ក​២០​លាន​ដូ​ស​បន្ថែម​ទៀត​ផង​ដែរ​។

ក្រសួងសុខាភិបាល​វៀតណាម​មាន​ផែនការ​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ដល់​៧០% នៃ​ចំនួន​ពលរដ្ឋ​សរុប ប៉ុន្ដែ មក​ទល់​ពេល​នេះ វៀតណាម​ទើបតែ​មាន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូ​ស មាន​ប្រមាណ ១២​លាន​៥​សែន​នាក់ ក្នុង​នោះ អ្នក​ដែល​ប​នា​ចាក់​គ្រប់​២​ដូ​ស ទើបតែ​មាន​ជាង​១​លាន​៣​សែន​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ ហើយ​វៀតណាម​កំពុង​ត្រូវការ​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ជំរុញ​ល្បឿន​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ឲ្យ​បាន​លឿន​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ វៀតណាម​មាន​ករណី​ឆ្លង​សរុប​ជាង​២៦​ម៉ឺន​ករណី​ហើយ ក្នុង​នោះ ស្លាប់មាន​ជាង​៥​ពាន់​ករណី​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​អនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំង​ដូសទី៣ ប៉ុន្តែ សម្រាប់តែអ្នក​ដែលមានសុខភាពខ្សោយ !

ព័ត៌មាន
ទីបំផុតទៅ FDA សហរដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឲ្យ​ចាក់ដូសទី៣​នៃ​វ៉ាក់សាំង Pfizer ឬ Moderna សម្រាប់​ប្រជាជន​មួយចំនួន​ដែល​មានប្រព័ន្ធ​ការ…

តើស្ថានភាពទីផ្សារមៀនប៉ៃលិនកំពុងវិវត្តដល់ណាហើយ?

ព័ត៌មាន
បញ្ហាការនាំចេញស្រូវពីកម្ពុជាទៅវៀតណាមកំពុងរាំងស្ទះដោះស្រាយមិនទាន់បានស្រួលបួលផង ឥឡូវនេះ កម្ពុជាកំពុងឈឺក្បាលនឹងរឿងកសិផល មៀនប៉ៃលិន ឬ តាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ