វៀតណាមកំពុងធ្វើការកំណែទម្រង់ផ្ទៃក្នុងក្បាលម៉ាស៊ីន

វៀតណាមកំពុងធ្វើកំណែទម្រង់ផ្ទៃក្នុងក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗកាន់តែខ្លាំង ខណៈលោក ង្វៀន សៀនហ្វុក ត្រូវបានឲ្យលាលែងពីតំណែងប្រធានាធិបតី


ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលប្រធានាធិបតីរបស់វៀតណាម លោក ង្វៀន សៀនហ្វុក ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម សម្រេចឲ្យាលាលែងពីតំណែង នៅថ្ងៃទី ១៧ ខែមករានេះ ដែលវាបានបង្ហាញពីការធ្វើកំណែទម្រង់ផ្ទៃក្នុងក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗកាន់តែខ្លាំងឡើងៗ ក្រោយពេលដែលថ្មីៗនេះ ក៏មានឧបនាយករដ្ឋមន្ត្រី និងសមាជិកបក្សកុម្មុនិស្ដជាច្រើនរូបក៏ត្រូវបានបណ្ដេញចេញពីតំណែងផងដែរ ទាក់ទិននឹងអំពើពុករលួយ។
សភាវៀតណាបើកកិច្ចប្រជុំដ៏កម្រនៅចំពោះមុខការកើនឡើងនៃអំពើពុករលួយ!

ទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម​បានមិនទាន់បាន​៣ឆ្នាំស្រួលបួលផង លោកង្វៀន សៀនហ្វុក ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សសម្រេចឱ្យលាលែងចេញពីតំណែង ក៏ដូចជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការផងដែរ។ ការលាលែងពីតំណែង​របស់​លោក ង្វៀន សៀនហ្វុកនេះ គឺក្រោមហេតុផលថា លោក​ត្រូវទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំ ដែលបណ្ដែតបណ្ដោយឲ្យ​មាន​មន្ត្រីក្រោមឱវាទ រួមមាន ឧបនាយករដ្ឋមន្ត្រីពីរូប និងរដ្ឋមន្ត្រីបីរូប ប្រព្រឹត្តអំពើរំលោភបំពានច្បាប់ពាក់ព័ន្ធនឹងរឿងពុករលួយ ដែលបង្កផលវិបាកដល់​ប្រទេស។ នេះបើតាម​សេចក្ដីថ្លែងការណ៍របស់​គណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃទី​១៧ ខែមករា។

លោក សៀនហ្វុក ដែលមានអាយុ៦៩ ឆ្នាំ គឺជាសមាជិកនៃគណៈកម្មាធិការ​មជ្ឈិមបក្ស ការិយាល័យនយោបាយ និងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិមកហើយ។ ពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។

លោក ង្វៀន សៀនហ្វុក ត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ ២០១៦-២០២១។ បន្ទាប់មករូបលោក ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​នៅ​ខែ​មេសា ឆ្នាំ ២០២១។

សភាវៀតណាម​ត្រូវបានគេទម្លាយថា នឹងរៀបចំកិច្ចប្រជុំវិសាញ្ញដ៏កម្រមួយរបស់ខ្លួន ស្របពេលដែលរឿងក្តីក្តាំពុករលួយបាននិងកំពុងឆេះឆួលក្នុងជួរបក្ស និងមន្រ្តីគ្រាក់ៗក្នុងជួរ​រដ្ឋាភិបាលកណ្តាលវៀតណាម។ ក្នុងនោះ នៅមួយរយៈចុងក្រោយនេះ គេឃើញមានការបង្ក្រាបនឹងឈានទៅដល់ការចាប់ខ្លួន​រដ្ឋមន្ត្រីសុខាភិបាល ក៏ដូចជា​ការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់រាប់រយនាក់ផ្សេងទៀតផងដែរ។

ដោយឡែក ប្រភពច្បាស់ការបីរូបដែលបានដឹងពីបញ្ហានេះបានបង្ហើបប្រាប់សារព័ត៌មានរ៉យទ័រ ដោយសុំមិនបញ្ចេញអត្តសញ្ញាណថា ស្ថាប័ននីតិប្បញ្ញត្តិដែលជាសភាវៀតណាម នឹងផ្តល់សច្ចាប័នលើការសុំលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ ជាច្រើននាក់បន្ថែមទៀតនៅក្នុងសប្តាហ៍នេះហើយ។

ប្រសិនបើប្រភពខាងលើជា​ការអះអាងពិតប្រាកដមែន វាសបញ្ជាក់ឱ្យឃើញថា ការប្រព្រឹត្តិអំពើពុករលួយក្នុងជួរបក្សកុម្មុយនិស្តវៀតណាមកំពុងស៊ីរ៉ូងកាន់តែជ្រៅមែនទែនហើយ ខណៈការបង្ក្រាបក៏នឹងមានជាបន្តបន្ទាប់ផងដែរ។ គួរជម្រាបថា ទោះបីជាវៀតណាមស្ថិតក្រោមការដឹកនាំ​ដោយរបបកុម្មុយនិស្តក៏ពិតមែន ប៉ុន្ដែរដ្ឋាភិបាលវៀតណាម តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអំពើពុករលួយនេះ ដោយទីក្រុងហាណូយត្រូវដោះស្រាយវាឱ្យបានឆាប់រហ័ស ដើម្បីធ្វើយ៉ាងណា​កុំឱ្យប៉ះពាល់​ដល់សេដ្ឋកិច្ច និងអារម្មណ៍របស់វិនិយោគិន ដែលត្រូវ​វិនិយោគពីក្រៅប្រទេស។

យ៉ាងណាមិញ មន្ត្រីទទួលបន្ទុក​ព័ត៌មាន​នៃ​រដ្ឋសភាវៀតណាម​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ចប្រជុំនៅសប្តាហ៍នេះឡើយ ខណៈមន្ត្រីពីររូបទៀត​ដែលពាក់ព័ន្ធនឹងបញ្ហានេះក៏មិនបានឆ្លើយតបចំពោះការសុំអត្ថាធិប្បាយពីអ្នកសារព័ត៌មានដែរ។

មែនទែនទៅ មានការយល់ឃើញមួយចំនួន ពីអ្នកជំនាញនិងអ្នកតាម​ដាន​នយោបាយ ថា ការបើកកិច្ចប្រជុំវិសាមញ្ញ​សាជាថ្មីនេះ គឺមិនខុស​ពីកិច្ចប្រជុំកាលពីដើមខែមករានោះទេ ដែលកាលនោះបានឈាន​ទៅដកតំណែង​មន្ត្រីគ្រាក់ៗពីជួររដ្ឋាភិបាលវៀតណាម។ ប្រការនេះហើយទើបមានសំណួរចោទឡើងថា តើការដក​តំណែងជាឧបនាយករដ្ឋមន្ត្រីវៀតណាមពីររូបនៅដើមខែនេះ គឺជាការពង្រឹងអំណាចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមឬ យ៉ាងណា?

អគ្គលេខាធិការបក្សកុម្មុនិស្តវៀតណាមលោក ង្វៀន ភូជុង (Nguyen Phu Trong) ត្រូវបានគេមើលឃើញ ថា ​បាននិងកំពុងពង្រឹងអំណាចឱ្យកាន់តែរឹងមាំ​ បន្ទាប់ពីកាលពីថ្ងៃទី៦​ខែមករាកន្លងទៅ សភាវៀតណាមបើកកិច្ចប្រជុំវិសាមញ្ញមួយ ដែលបានសម្រេចអនុម័តលើការបណ្តេញ​​ឧបនាយករដ្ឋមន្ត្រីពីររូបចេញពីដំណែងដោយមិនដឹងពីមូលហេតុអ្វីឱ្យពិតប្រាកដ។ ក្នុងនោះមាន៖ លោក ផាម បិញមិញ(Pham Binh Minh) ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការទូតរួម និងលោក វ៉ូ ដុកដាំ(Vu Duc Dam) ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសុខភាពសាធារណៈ។

ជាក់ស្តែងមន្ត្រីទាំងពីររូបនេះ មិនត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសទេ ដោយគ្រាន់តែដកតំណែង ហើយក៏គ្មានការពន្យល់ជាផ្លូវការណាមួយពីមូលហេតុដែលពួកគេត្រូវបានដកហូតតំណែងនោះដែរ ដោយគ្រាន់តែដឹងថាអ្នកទាំងពីរបានប្រព្រឹត្តិអំពើពុករលួយក្រោមតួនាទីខ្លួន។ ប៉ុន្ដែ បើយោងតាមប្រភពការទូតមួយបានប្រាប់សារព័ត៌មានជប៉ុន Nikkei ដោយសេចក្តីភ្ញាក់ផ្អើលថា៖ ពួកគេទាំងពីររូបនេះ មានរូបភាពស្អាតស្អំណាស់នៅក្នុងបក្ស ហើយក៏បានប្រជាប្រិយភាពក្នុងចំណោមប្រជាជនវៀតណាមដែរ។

ទាក់ទិនទៅនឹងបញ្ហានេះ អ្នកជំនាញនិងជាអ្នកវិភាគនយោបាយមានមូលដ្ឋាននៅទីក្រុងហូជីមិញ លោក ដាំង តាមឆាញ(Dang Tam Chanh) បានគូសបញ្ជាក់ថា ការធ្វើនេះវាហាក់ដូចជាបង្ហាញយ៉ាងច្បាស់ថា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង កំពុងពង្រឹងការក្តាប់អំណាចរបស់លោកបន្ថែមទៀត ទោះបីជាលោកស្ទើរតែជាអ្នកដែលបានបង្រួបបង្រួមអំណាចនៃរដ្ឋ គណបក្ស កងកម្លាំងប្រដាប់អាវុធ ប្រព័ន្ធតុលាការ រួចទៅហើយក្តី។

យ៉ាងណាក៏ដោយ វៀតណាមមិនមានមេដឹកនាំកំពូលផុតលេខទេ។ ប្រទេសប្រកាន់យករបបកុម្មុយនិស្តមួយនេះត្រូវបានដឹកនាំដោយ សសរស្តម្ភចំនួនបួនគឺ អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភាវៀតណាម។ ប៉ុន្តែ ប្រធានបក្សកុម្មុយនិស្ត​វៀតណាម ង្វៀន ភូជុង នៅមួយរយៈចុងក្រោយហាក់មានការកើនឡើងអំណាច និងឥទ្ធិពលកាន់តែស្រួចស្រាលឡើងៗ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំប្រទេសដែលមានប្រជាជនជិត១រយលាននាក់មួយនេះ៕




អត្ថបទបន្ទាប់


សេដ្ឋវិទូភាគច្រើនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក រំពឹងសេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣នឹងធ្លាក់ចុះក្នុងវិបត្តិ

ព័ត៌មាន
ក្រុមសេដ្ឋវិទូជាន់ខ្ពស់មកពីស្ថាប័នផ្សេងៗដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃដំបូង ភាគច្រើនបានបង្ហាញទស្សនៈដូចៗគ្នាថា សេ…

ថៃជំរុញឱ្យសហគ្រិនខ្លួនត្រូវប្រុងប្រយ័ត្នពីសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក-ចិន ដែលអាចនឹងតានតឹងខ្លាំងនៅឆ្នាំនេះ

ព័ត៌មាន
មន្រ្តីជំនាញនៃរដ្ឋាភិបាលថៃបានដាស់តឿនដល់សហគ្រិនក្នុងស្រុក របស់ខ្លួនឱ្យតាមដានយកចិត្តទុកដាក់ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន ដែលនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ