ទំហំពាណិជ្ជកម្មវៀតណាមម៉ាឡេស៊ី

វៀតណាម រំពឹងទំហំពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីកើនដល់ ២០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥


ប្រធានាបតីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បាន បង្ហាញពីក្ដីរំពឹងខ្ពស់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ីអាចនឹងកើនដល់ ២០ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥ ខណៈដែលកាលពីឆ្នាំ២០២១ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ មានជាង១២ពាន់លានដុល្លារអាមេរិក កើនជាង២៥%ធៀបនឹងឆ្នាំ២០២០។
ទំហំពាណិជ្ជកម្មវៀតណាមម៉ាឡេស៊ី

ជាមួយគ្នានេះ លោក ង្វៀន សួនហ្វុក ក៏បានជំរុញឲ្យភាគីទាំងពីរខិតខំថែមទៀត ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ពិសេសការសម្រួលដល់ការនាំចេញនាំចូលទំនិញរវាងគ្នានឹងគ្នាតែម្ដង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Vietnam Plus។ 

ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតម៉ាឡេស៊ី ដែលត្រូវបញ្ចប់បេសកម្ម និងតួនាទីជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងវៀតណាម និងម៉ាឡេស៊ី មានការរីកចម្រើនឥតឈប់ឈរលើវិស័យផ្សេងៗជាច្រើន។ ជាក់ស្ដែង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១២ពាន់ ៥រយលានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ២៥,៥ ភាគរយធៀបនឹងឆ្នាំ២០២០ បើទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ 

តែយ៉ាងណាមិញ វៀតណាមក៏នៅតែរំពឹងថា ប្រទេសម៉ាឡេស៊ី នឹងជួយសម្រួលដល់ការនាំចូលទំនិញវៀតណាមបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម និងផលិតផលសាច់ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ទេសចរណ៍  ការងារ និងការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង ក៏ដូចជាការស្តារឡើងវិញ នូវកិច្ចសហប្រតិបត្តិការ ក្រោយការរាតត្បាតដែលបានគូសបញ្ជាក់នៅក្នុងផែនការសកម្មភាពសម្រាប់រយៈពេល ៥ឆ្នាំ ២០២១-២០២៥ ផងដែរ។

ដោយឡែកសម្រាប់លោកស្រី ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសវៀតណាម លោកស្រី ដាតូ សារីហ្វា (Dato Sharifah) បានលើកឡើងពីសង្ឃឹមថា វៀតណាម និងម៉ាឡេស៊ី នឹងជំរុញទំនាក់ទំនងរវាងគ្នាកើនឡើងដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និង ការវិនិយោគ ខណៈដែល វៀតណាមជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងជាទីផ្សារកំពុងរីកចម្រើនដ៏ជោគជ័យបំផុតមួយនៅក្នុងតំបន់។

យ៉ាងណាមិញ ប្រមុខដឹកនាំរដ្ឋវៀតណាម ក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីអាចធ្វើការរួមគ្នាជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីលើកកម្ពស់ការរួបរួម សំឡេងរួម និងភាពជាកណ្តាលរបស់ប្លុក ក្នុងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចាក្រមប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបញ្ចេញថវិកាបន្ថែមចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់ជាមួយកូវីដ១៩

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងបានត្រៀមថវិកាបន្ថែមចំនួន ១២ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្ម ដែលបានទទួលរងផលប៉ះពាល់ ពីវិធានការទប់ស្កាត់ការរី…

សម្តេចតេជោ ហ៊ុន សែន អះអាង បញ្ហានៅមីយ៉ាន់ម៉ា យើងធ្វើក៏ខុស មិនធ្វើក៏ខុស!

ព័ត៌មាន
ក្នុងជំនួបតាមទូរសព្ទនៅថ្ងៃទី២១ មករា ជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ