វៀតណាមចំណាយលើវ៉ាក់សាំង

វៀតណាមគ្រោងចំណាយ ១ពាន់លានដុល្លារ សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួន


ក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហាញពីផែនការក្នុងការបង្កើតមូលនិធិ ១ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ដោយមូលនិធិនេះ នឹងត្រូវប្រមូលថវិកាមកពីប្រភពផ្សេងៗគ្នា ដើម្បីសម្រាលបន្ទុកចំណាយធនធានរបស់រដ្ឋាភិបាល ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានផែនការនឹងទិញវ៉ាក់សាំងប្រមាណ ១៥០លានដូសដើម្បីចាក់ជូនពលរដ្ឋ ៧៥% នៃចំនួនពលរដ្ឋសរុបនៅឆ្នាំនេះ។ នេះបើតាមសារព័ត៌មាន VN Express។
វៀតណាមគ្រោងចំណាយ ១ពាន់លានដុល្លារ សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួន (រូបភាព៖vir.com.vn)
ដោយ

បើតាមការប៉ាន់ស្មានរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម ការចំណាយដើម្បីទទួលបានវ៉ាក់សាំងចាក់ជូនពលរដ្ឋប្រមាណ ១៥០លានដូសនៅឆ្នាំនេះ នឹងត្រូវចាយថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មានជាង៩០០លានដុល្លារ គឺចំណាយលើការទិញវ៉ាក់សាំង និងនៅសល់ប៉ុន្មានគឺចំណាយសម្រាប់ការដឹកជញ្ជូន ស្ដុកទុកចែកចាយ និងគ្រប់គ្រងវ៉ាក់សាំង។

ក្រសួងហិរញ្ញវត្ថុវៀតណាម បានប៉ាន់ប្រមាណថា រដ្ឋាភិបាលនឹងផ្ដល់ថវិកាប្រមាណជិត៧០០លានដុល្លារសម្រាប់មូលនិធិកម្មវិធីចាក់វ៉ាក់សាំងនេះ ខណៈដែលអាជ្ញាធរទីក្រុង និងខេត្តផ្សេងៗទៀត រួមទាំងប្រភពីវិស័យឯកជនផ្សេងទៀតនឹងត្រូវចូលរួមវិភាគទាននូវចំនួនទឹកប្រាក់ដែលនៅសល់ប្រមាណ៣០០លានដុល្លារអាមេរិក។ ប៉ុន្ដែ ក្រសួងហិរញ្ញវត្ថុវៀតណាមព្រមានថា ប្រសិនបើការរាតត្បាតនៃមេរោគនៅតែបន្ដ និងតម្រូវការវ៉ាក់សាំងកើនឡើងទៀត នោះវានឹងធ្វើឲ្យមានការលំបាកក្នុងការពឹងផ្អែកលើមូលនិធិសាធារណៈនេះ។

ក្រសួងសុខាភិបាលវៀតណាម កន្លងមកក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ១១០លានដូសរួចហើយដែរ សម្រាប់ឆ្នាំ២០២១នេះ។ ក្នុងនោះដែរ ក៏មានរួមបញ្ចូលនូវកិច្ចសន្យាទិញវ៉ាក់សាំង Pfizer-BioNTech ប្រមាណ ៣១លានដូស ដែលនឹងដឹកមកដល់វៀតណាមនៅត្រីមាសទី៣ និងទី៤ ឆ្នាំនេះ រួមទាំងវ៉ាក់សាំង AstraZeneca ជិត៣៩លានដូសទៀតបានមកពីយន្ដការកូវ៉ាក់។

វ៉ាក់សាំងប្រមាណ ២លាន៥សែនដូស នៃ ចំនួនវ៉ាក់សាំងសរុបជិត ៣៩លានដូស ពីយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកបានដឹកមកដល់វៀតណាមរួចហើយមកទល់ពេលនេះ។ ប្រទេសវៀតណាម បានចាប់ផ្ដើមចាក់វ៉ាក់សាំងតាំងពីដើមខែមីនាមកម្ល៉េះ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca ដែលជាការផ្ដល់ជូនតាមយន្ដការកូវ៉ាក់ ហើយមានប្រជាជនវៀតណាមប្រមាណជាង១លាននាក់ហើយ នៃចំនួនប្រជាជនសរុប ៩៦លាននាក់ បានចាក់វ៉ាក់សាំងដូសទី១។

បច្ចុប្បន្ន វៀតណាមក៏បាននិងកំពុងផលិតវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯងផងដែរ ប៉ុន្ដែកំពុងស្ថិតក្នុងដំណើរការសាកល្បងនៅឡើយទេ។ បញ្ហាផ្គត់ផ្គង់វ៉ាក់សាំងយឺតយ៉ាវ ក៏កំពុងជំរុញឲ្យវៀតណាមខ្នះខ្នែងស្វែងរកការផ្ទេរបច្ចេវិទ្យាផលិតវ៉ាក់សាំងពីក្រៅប្រទេសផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ វៀតណាមបានស្នើសុំការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងតាមបែបបច្ចេកទេស mRNA ពីក្រៅប្រទេស ដើម្បីយកមកផលិតបន្ដនៅក្នុងស្រុក ហើយសំណើនេះ កំពុងត្រូវបានអង្គការសុភាពពិភពលោកត្រួតពិនិត្យនៅឡើយ។

សូមបញ្ជាក់ថា វៀតណាមនៅមួយរយៈចុងក្រោយនេះ បាននិងកំពុងស្ថិតក្នុងហានិភ័យឆ្លងកូវីដ-១៩គួរឲ្យបារម្ភ ក្រោយចំនួនឆ្លងថ្មីៗបានកើនឡើងជាងបន្ដបន្ទាប់ ក្រោយពេលប្រទេសនេះ មានការស្ងប់ស្ងាត់ការឆ្លងកូវីដ-១៩ក្នុងសហគមន៍បានមួយរយៈ។ យ៉ាងណាមិញ នៅថ្ងៃទី ២០ ខែឧសភា តាមការរាយការណ៍វៀតណាមមានអ្នកឆ្លងថ្មី ៤៤នាក់ ដែលធ្វើឲ្យតួលេខអ្នកឆ្លងកូវីដ-១៩សរុបកើនដល់ជាង ១ពាន់៧រយនាក់ និងអ្នកស្លាប់មានជិត៤០នាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែលនិងហាម៉ាសព្រមព្រៀងគ្នាលើបទឈប់បាញ់ បិទបញ្ចប់ជម្លោះនៅហ្កាហ្សា

ព័ត៌មាន
អ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នាដ៏ក្តៅគគុកអស់ពេល១១ថ្ងៃមកនេះ។ បទឈ…

បង់ក្លាដេស និងនេប៉ាល់ត្រដររកវ៉ាក់សាំង ក្រោយឥណ្ឌាមិនអាចផ្តល់ឲ្យបាន

ព័ត៌មាន
ក្រោយឥណ្ឌាមិនអាចផ្គត់ផ្គង់វ៉ាក់សាំងឲ្យពិភពលោកតទៅទៀតបាន ពេលនេះប្រទេសនៅក្បែរខាងឥណ្ឌាចំនួនពីរ គឺប្រទេសបង់ក្លាដេស និងនេប៉ាល់កំពុងខ្វះខាតវ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ