ចំណូលប្រជាជន​វៀតណាម

វៀតណាម ដាក់គោលដៅ ១ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណូលប្រជាជនម្នាក់ នៅត្រឹមឆ្នាំ ២០៣៥


នៅឆ្នាំ ២០៣៥ ខាងមុខនេះ ប្រទេសវៀតណាម បានដាក់គោលដៅថា នឹងបង្កើនចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ឲ្យបានដល់ ១ម៉ឺនដុល្លារអាមេរិក ដែលចំនួននេះ គឺមានការកើនឡើងរហូតដល់ទៅ ៤ដង នៃចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសនេះ ដែលមាននាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ពី ក្រសួងផែនការ និងការវិនិយោគរបស់វៀតណាម។
នៅវៀតណាម ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏ពេញ​និយម​បំផុត​របស់​ប្រជាជន។ រូបភាព៖ pixabay.com
ដោយ

ប្រសិន​បើមហិច្ឆតា​ឆ្នាំ ២០៣៥នេះ សម្រេច​បាន​មែន នោះប្រទេស​វៀតណាម នឹង​ឡើង​ឋានៈជាប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ហើយ ខណៈដែល​ទំហំ GDP វិញ នឹងកើន​ដល់​ប្រមាណ ១ទ្រីលានដុល្លារ​អាមេរិក។ ជាមួយគ្នា​នេះ ត្រឹមឆ្នាំ២០៣០ ប្រទេស​វៀតណាម ក៏មាន​គោលដៅ នឹង​បង្កើនចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ ឲ្យបាន​ដល់ ៦.៥០០ ដុល្លារ​អាមេរិក​ផងដែរ។

បន្ថែមពី​នេះទៀត ប្រទេស​ជិតខាង​កម្ពុជា​មួយនេះ ក៏មាន​គោលដៅ នឹងកាត់​បន្ថយ​អត្រាភាព​ក្រីក្រ ឲ្យនៅ​ត្រឹមតែ​១% ប៉ុណ្ណោះ និងបង្កើន​អត្រា​អ្នកចំណូល​មធ្យម​ឲ្យបាន​ដល់ ៥០% នៅត្រឹម​ឆ្នាំ ២០៣៥។

បើតាម​របាយការណ៍​ពី ស្ថាប័ន Boston Consulting Group អ្នកចំណូល​មធ្យម និងខ្ពស់ នៅ​ប្រទេស​វៀតណាម ត្រូវ​បានគេ​ចាត់​ថ្នាក់​ថា គឺជា​អ្នករក​ចំណូល​បាន​ចាប់ពី ជាង ៧០០ ដុល្លារ​អាមេរិក​ឡើង​ទៅក្នុង​មួយខែ។

វៀតណាម ក៏រំពឹង​ដែរថា នឹងមាន​អាជីវកម្ម​ឯកជន ២លាន អាជីវកម្ម ដែល​នឹងរួម​ចំណែក ៥០% នៅក្នុង GDP នៅត្រឹម​ឆ្នាំ ២០២០ និង៦០ ទៅ៦៥% នៅឆ្នាំ​២០៣០។

បើតាម អ្នកជំនាញ​សេដ្ឋកិច្ច​វៀតណាម កំណែទម្រង់ ដើម្បី​សម្រេច​បាន​នូវគោលដៅ​ទាំងនេះ ត្រូវ​ផ្តោតលើ​ការធ្វើទំនើប​កម្ម​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ​វិស័យ​ឯកជន ការកសាង​សមត្ថភាព​ច្នៃប្រឌិត ការបង្កើន​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​នៃនគរូបនីយ​កម្ម និងការ​កសាង​ស្ថាប័ន​ទំនើប និងអភិបាលកិច្ច​ប្រកប​ដោយប្រសិទ្ធ​ភាព។

របាយការណ៍​ពីធនាគារ​ពិភពលោក បានបង្ហាញថា ចំណូលជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ របស់វៀតណាម នៅឆ្នាំ២០១៧ មានជាង ២.៣០០ ដុល្លារអាមេរិក ខណៈដែល​កម្ពុជា និង​មីយ៉ាន់ម៉ា មានតែ​ជាង ១.២០០ ដុល្លារ ភីលីពីន មានជិត ៣ពាន់​ដុល្លារ ថៃមានជាង ៦.៥០០​ដុល្លារ ម៉ាឡេស៊ី មានជិត ១ម៉ឺនដុល្លារ និងប្រទេស​សាំងហ្គាពួរ​មាន ជាង ៥៧.០០០ ដុល្លារ។

បើតាម​ការប៉ាន់​ស្មាន ពីក្រសួង​ផែនការ និងការ​វិនិយោគ​វៀតណាម គិតត្រឹម ២ឆ្នាំចុង​ក្រោយ​នេះ កំណើន GDP របស់​វៀតណាម សម្រេច​បានជា​មធ្យម​ប្រមាណ ៦,៦%។ ដោយឡែក គិតត្រឹម ៩ខែ ឆ្នាំនេះ កំណើន GDP របស់​វៀតណាម សម្រេច​បាន​រង្វង់ ៧% ដែល​មានកំណើន​ខ្ពស់​គួរឲ្យ​កត់​សម្គាល់។  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផែនការពង្រីកទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម ទទួលបានបរាជ័យ

ព័ត៌មាន
រហូតមកដល់ចុងឆ្នាំ ២០១៨នេះទៅហើយ នៅឡើយ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និង វៀតណាម នៅតែពុំទាន់សម្រេចបានទៅតាមផែនការ គោលដៅកំណត់…

ជប៉ុន នឹងបើកឱកាសឲ្យពលករកម្ពុជា ចូលទៅធ្វើការនៅប្រទេសខ្លួន បន្ថែមទៀត

ព័ត៌មាន
កម្ពុជា រួមទាំងប្រទេសក្នុងតំបន់អាស៊ី ៧ផ្សេងទៀត កំពុងស្ថិតក្នុងគោលដៅរបស់ជប៉ុន ក្នុងការបើកចំហរឱកាសឲ្យពលករពីបណ្ដា​ប្រទេស​ទាំងនោះ ចូលទៅបម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ