បំណុលសាធារណៈវៀតណាម

វៀតណាមមានគ្រោង​ខ្ចីបំណុលបន្ថែមជាង ៧៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២១-២០២៣


រដ្ឋាភិបាលវៀណាម មានផែនការនឹងខ្ចីថវិកាបន្ថែម ប្រមាណជាង ៧៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅអំឡុងឆ្នាំ២០២១-២០២៣ ដើម្បីបំពេញតម្រូវការមូលធនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នេះបើយោងទៅតាមផែនការគ្រប់គ្រងបំណុលសាធារណៈសម្រាប់រយៈពេលបីឆ្នាំរបស់វៀតណាម ដែលបានអនុម័តកាលពីសប្ដាហ៍មុននេះ។
វៀតណាមមានផែនការខ្ចីបំណុលបន្ថែមជាង ៧៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២១-២០២៣ (រូបភាព៖vietnamtimes.org.vn)
ដោយ

តាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានវៀតណាមបានឲ្យដឹងថា ផែនការខ្ចីថវិកាបន្ថែមរបស់រដ្ឋាភិបាលវៀតណាមនេះ មានគោលបំណងធានាឲ្យបាននូវតុល្យភាពសម្រាប់កញ្ចប់ថវិការដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងកម្រិតសមស្របនៃហានិភ័យចំណាយ។ ក្នុងចំណោមថវិកាសរុប គឺមានភាគច្រើនបំផុតត្រូវខ្ចីសម្រាប់បំពេញក្នុងកញ្ចប់ថវិការដ្ឋ ខណៈដែលខ្លះទៀត គឺសម្រាប់ការរៀបចំហិរញ្ញប្បទានឡើងវិញ។ ផែនការខ្ចីប្រាក់នេះ ក៏មានគោលបំណង ដើម្បីគ្រប់គ្រងយ៉ាងហ្មត់ចត់នូវសូចនាករបំណុលរបស់រដ្ឋាភិបាល ដើម្បីធានាថា កញ្ចប់ថវិកាមានសុវត្ថិភាព និង អាចពន្លឿនដល់ការអភិវឌ្ឍទីផ្សារមូលធនក្នុងស្រុក។

ក្រសួងហិរញ្ញវត្ថុ បានស្នើដល់រដ្ឋាភិបាលឲ្យមានភាពសកម្មនៅក្នុងការបោះផ្សាយបណ្ណបំណុល ការរៀបចំឡើងវិញនូវផលបត្របំណុល និងការអភិវឌ្ឍទីផ្សារមូលបត្របំណុលរដ្ឋាភិបាល។ បន្ថែមពីនេះ ក្រសួងក៏ត្រូវរៀបចំធនធាន សម្រាប់ការទូទាត់សងបំណុល ដើម្បីកុំឲ្យមានការសងយឺតវ៉ាវ ដែលអាចប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលផងដែរ។

ក្នុងឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាមគ្រោងនឹងខ្ចីថវិកាជាង ២៧ពាន់លានដុល្លារ ដោយក្នុងនោះ មានដល់ទៅ៨៤% គឺខ្ចីនៅក្នុងស្រុក និងសល់ប៉ុន្មានគឺនឹងខ្ចីពីបរទេស។ យ៉ាងណាមិញ នៅឆ្នាំនេះ រដ្ឋាភិបាលវៀតណាមក៏ត្រូវសងបំណុលជាង ១៧ពាន់លានដុល្លារផងដែរ ហើយបើធៀបនឹងទំហំ GDP របស់វៀតណាមនៅឆ្នាំ២០២០ បំណុលដែលរដ្ឋាភិបាលត្រូវសងនៅឆ្នាំនេះ គឺមានប្រហែល៦%នៃ GDP ខណៈដែលកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបានកំណើនក្នុងរង្វង់៣% ទោះបីកូវីដ-១៩រាតត្បាតក៏ដោយ។

សូមបញ្ជាក់ថា អនុបាតបំណុលសាធារណៈធៀបនឹង GDP របស់វៀតណាម ត្រូវបានកាត់បន្ថយពីជិត៦៤% ក្នុងឆ្នាំ២០១៦ មកនៅត្រឹមតែជាង ៥៥%ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២០ ខណៈដែលរដ្ឋសភាជាតិវៀតណាម បានកំណត់ពិដានអត្រាបំណុលនេះ មិនឲ្យលើស៦៥%នៃ GDP នោះឡើយ។ ក្នុងន័យនេះ បានបង្ហាញឲ្យឃើញថា សម្ពាធបំណុលសាធារណៈវៀតណាម ត្រូវបានថយចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា នៅប៉ុន្មាឆ្នាំចុងក្រោយនេះ វៀតណាមមានការខ្ចីបំណុល ភាគច្រើនតែជាបំណុលក្នុងស្រុកប៉ុណ្ណោះ ពិសេសតាមរយៈការលក់បណ្ណបំណុលរបស់រដ្ឋាភិបាល។ ក្រៅពីនេះ បើក្រឡេកទៅមើលឆ្នាំ២០២០ វៀតណាមមិនបានខ្ចីបំណុលថ្មីៗពីខាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង់ក្លាដេសសម្លឹងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន

ព័ត៌មាន
ប្រទេសបង់ក្លាដេស ដែលស្ថិតនៅក្នុងចំណោមគូប្រជែងធំមួយរបស់កម្ពុជាទាក់ទងនឹងការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរនោះ បច្ចុប្បន្នកំពុងតែសម្លឹងរកឱកាសធ្…

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន លុបចោលបញ្ជារបស់លោកត្រាំ ដែលបានហាមឃាត់កម្មវិធី «TikTok» និង «WeChat» របស់ចិន

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឲ្យលុបចោលបទបញ្ជាទាំងអស់របស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលគ្រានោះលោកត្រាំ បានដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ